ភ្នំពេញៈ លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើងថា តាមរយៈ​ដំណើរ​វិវឌ្ឍន៍​ឥតឈប់ឈរ​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស រាជរដ្ឋាភិបាល​រំពឹងថា​នា​ឆ្នាំ​២០៥០ កម្ពុជា​នឹង​ប្រែក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​។​


​លោក​បានលើកឡើង​ដូចនេះ ក្នុងជំនួប​សំណេះសំណាល ជាមួយ​និស្សិត​ជយលាភី​អាហារូបករណ៍ ដែល​នឹងត្រូវ​ទៅ​បន្ត​ការសិក្សា​នៅ​នូ​វែ​ល​សេ​ឡង់ អូស្ត្រាលី និង​បារាំង កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៤ នៅឯ​ទីស្តីការក្រសួង​។​

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួង លោក​បានឱ្យដឹងថា រាជរដ្ឋាភិបាល​តាំងពី​អាណត្តិ​មុន រហូតមកដល់​អាណត្តិ​ថ្មី ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅតែ​ខិតខំ​អភិវឌ្ឍ​ធនធានមនុស្ស និង​ត្រូវ​បានដាក់​ចូលក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ (​ធនធានមនុស្ស ភ្លើង ទឹក ផ្លូវ និង​បច្ចេកវិទ្យា​)​។


​​លោក សាយ សំ​អាល់ បាន​ថ្លែងថា​៖ «​តាមរយៈ​ដំណើរ​វិវឌ្ឍន៍​ឥតឈប់ឈរ​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស រាជរដ្ឋាភិបាល​រំពឹងថា​នា​ឆ្នាំ​២០៥០ កម្ពុជា​នឹងមាន​កំណើន​ធនធានមនុស្ស​ដែល​ពោរពេញ​ដោយ​សក្តានុពល​ទាំង​ចំណេះដឹង និង​សមត្ថភាព សម្រាប់​ចូលរួម​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​»​។​

នាឱកាស​នោះដែរ លោក​ក៏បាន​លើក​ពី​សភាពការណ៍​នយោបាយ និង​ការវិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​សកលលោក ដើម្បី​ទុកជា​បទពិសោធន៍​សម្រាប់​និស្សិត​ជយលាភី​អាហារូបករណ៍​ទាំងអស់ ឈ្វេងយល់​អំពី​អ្វីដែល​ត្រូវ​យកមកអនុវត្ត និង​អ្វីដែល​ត្រូវ​ចៀសវាង ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​កាន់តែ​ល្អប្រសើរ​និង​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​ឱ្យ​កាន់តែ​ឈានឆ្ពោះ​ទៅមុខ​។​


​ប្រភព​ដដែល​បាន​បន្តថា ក្នុងជំនួប​នោះ និស្សិត​ជយលាភី​អាហារូបករណ៍​ទាំងអស់​បាន​ប្ដេជ្ញា​ថា នៅពេល​បញ្ចប់​ការសិក្សា​ហើយ​វិល​ត្រឡប់មក​មាតុភូមិ​វិញ នឹងចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​ដំណាក់កាល​បន្តបន្ទាប់​ទៀត​តាម​សក្តានុពល និង​ជំនាញ​រៀងៗ​ខ្លួន​។​

លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៣ ខែមករា ថា វា​ជា​ផ្លូវ​មួយ​នៅ​វែងឆ្ងាយ ​ដែល​តម្រូវឱ្យមាន​កសាង​ដោយ​ចូលរួម​គ្រប់ផ្នែក​ទាំងអស់ ដើម្បី​សម្រេចបាន​គោលដៅ​ថ្នាក់ជាតិ​នេះ ដែល​ការចូលរួម​នេះ​ មិន​សំដៅ​តែ​យុវជន​នោះទេ តែ​យុវ​ចាស់ ឬ​ក្មេង​ក៏​ត្រូវតែ​គិតគូរ​ដល់​ពួកគាត់​ផងដែរ​។​

លោក​បាន​បន្តថា ៖ «​សួរថា​តើ​យុវជន​គួរ​ចូលរួម​យ៉ាងម៉េច​ដើម្បីឱ្យ​ប្រទេស​កម្ពុជា ​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០? គឺ​មានតែ​ការអប់រំ ហើយ​និង​ការអភិវឌ្ឍ​ជំនាញ​។ ជាការ​ល្អ​ហើយ​ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​កូន​ខ្មែរ​យើង​ក្រោយៗ​នេះ ដែលមាន​ឱកាស​ក្នុងការ​ទទួលបាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ស្រុក​គេ ប៉ុន្តែ​បើ​អាច​សុំ​កុំ​ចាប់អារម្មណ៍​តែ​លើ​ការបណ្តុះបណ្តាល​បរិញ្ញាបត្រ តែ​ត្រូវ​ផ្តោតលើ​ជំនាញ​វិជ្ជាជីវៈ​ផង​»​។

​លោក គង់ សំនៀង ថ្លែងថា នៅពេលដែល​និស្សិត​ខ្មែរ​ដែល​បាន​ទៅ​សិក្សា​នៅក្រៅ​ប្រទេស បានបញ្ចប់​ការសិក្សា ហើយ​វិល​មក​បង្កើតជា​មុខរបរ ឬ​ជំនួញ​ខ្លីៗ វា​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​ជំរុញ​សេដ្ឋកិច្ច​ផងដែរ​។​

សូមជម្រាបថា និស្សិត​ជយលាភី​អាហារូបករណ៍ ដែល​នឹងត្រូវ​ទៅ​បន្ត​ការសិក្សា​នៅ​នូ​វែ​ល​សេ​ឡង់ អូស្ត្រាលី និង​បារាំង នាពេលខាងមុខ​ឆាប់ៗ​នេះ មាន​ចំនួន ៦៨​ នាក់ ដែល​ក្នុងនោះ និស្សិត​ទៅ​សិក្សា​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​មាន​ចំនួន ៣៥​ នាក់ ប្រទេស​អូស្ត្រាលី​ចំនួន ​៣០ នាក់ និង​ទៅ​ប្រទេស​បារាំង​ចំនួន ៥​ នាក់​។ និស្សិត​ទាំងនេះ នឹងសិក្សា​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​វិស្វកម្ម វិទ្យាសាស្ត្រ​នយោបាយ អប់រំ ការ​រចនា​ទីក្រុង វិជ្ជាជីវៈ​ឆ្មប សុខភាព​សាធារណៈ សហគ្រិនភាព និង​នវានុវត្តន៍ គោលនយោបាយ​សាធារណៈ និង​បច្ចេកវិទ្យា​ជីវសាស្ត្រ និង​មុខ​វី​ជ្ជា​ផ្សេងៗ​ទៀត​៕