ភ្នំពេញៈ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ បានសម្រេច ចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ ចំនួន ១១៥ នាក់ នៅក្នុងភូមិភាគទាំង ៨ ដែលមានបេក្ខជនឈរឈ្មោះនៅទូទាំង ២៥ ខេត្ត-ក្រុង ដែលកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ភូមិភាគទី១ មានរាជធានីភ្នំពេញ ភូមិភាគទី២ មានខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ភូមិភាគទី៣មានខេត្តកណ្ដាល ភូមិភាគ៤ មានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន ភូមិភាគទី៥ មានខេត្តតាកែវ កំពត និងខេត្តកែប ភូមិភាគទី៦ មានខេត្តព្រៃវែង និងខេត្តស្វាយរៀង ភូមិភាគទី៧ មានខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង ខេត្តព្រះសីហនុ និងភូមិភាគទី៨ មានខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។
សេចក្ដីសម្រេចនេះបានឱ្យដឹងថា ប្រធាន និងអនុប្រធាននៃភូមិភាគ ត្រូវធ្វើទំនាក់ទំនងជាមួយថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីខេត្ត និងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សរាជធានីខេត្ត ដែលនៅក្នុងភូមិភាគរបស់ខ្លួន ដើម្បីនាំសមាជិក សមាជិកាទាំងអស់ក្នុងក្រុមរបស់ខ្លួន បង្ហាញមុខឱ្យអង្គបោះឆ្នោតបានស្គាល់។
សេចក្ដីសម្រេចនេះបានឱ្យដឹងថា៖«ក្រុមនីមួយៗត្រូវបែងចែកគ្នាចុះធ្វើសកម្មភាពពីឥឡូវជាមួយអង្គបោះឆ្នោត ដោយក្នុងនោះត្រូវ សហការឱ្យបានល្អជាមួយសមាជិកគណបក្សដែលជាសមាជិក សមាជិកាព្រឹទ្ធសភាបច្ចុប្បន្នរបស់យើង»។ «ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីខេត្ត គណៈកម្មាធិការគណបក្សរាជធានីខេត្ត និងក្រុមបេក្ខជនក្នុងភូមិភាគនីមួយៗត្រូវរួមគ្នាត្រៀមសម្រាប់ការឃោសនាបោះឆ្នោត និងត្រូវចាត់ចែងចេញធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឱ្យបានល្អបំផុត តាមការកំណត់នៃច្បាប់ និងផែនការដែលបានគ្រោងទុក។ ក្រុមបេក្ខជនទាំងអស់…ត្រូវបញ្ចប់ភារកិច្ចជាស្ថាពរនៅពេលដែល គ.ជ.ប បានប្រកាស លទ្ធផលបោះឆ្នោតជាផ្លូវការរួច»។
យោងតាមប្រតិទិននៃការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងបម្រើឱ្យការប្តឹងតវ៉ា ឬប្តឹងជំទាស់ បន្ទាប់មក គ.ជ.បនឹងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ថា ការចុះឈ្មោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥, គ.ជ.ប បានទទួលរួចនូវបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ក្នុងតំណែង ដែលមានអ្នកបោះឆ្នោតសរុប ១១ ៧៤៧ នាក់។
លោកបន្តថា នៅពេលខាងមុខនេះ គ.ជ.ប ត្រូវផលិតសន្លឹកឆ្នោតសម្រាប់ភូមិភាគនីមួយៗ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនៅក្នុងសន្លឹកឆ្នោតទាំងនោះ ត្រូវការជាចាំបាច់នូវលំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់ជាលេខរៀងរបស់គណបក្សនយោបាយនីមួយៗនៅលើ សន្លឹកឆ្នោតសម្រាប់ភូមិភាគទាំង៨។ គ.ជ.ប បានរៀបចំពិធីចាប់ឆ្នោត កំណត់លំដាប់លេខរៀងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលគណបក្សបជាជនកម្ពុជា ចាប់បានលេខរៀងទី១,គណបក្ស ឆន្ទៈខ្មែរ លេខរៀងទី២, គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣ និងគណបក្ស កម្លាំងជាតិ លេខរៀងទី៤៕