ភ្នំពេញៈ ក្នុង​រយៈពេល​ជាង ​៣០ ​ឆ្នាំ​មកនេះ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ​បាន​រុក​រកឃើញ​និង​កម្ទេចចោល​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ប្រមាណ​ជាង ៣ លាន​គ្រាប់​លើ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​សរុប​ចំនួន​ជាង​១ ៧៣៥​ គីឡូម៉ែត្រ​ក្រឡា​។​


ក្នុងនោះ​មីន​ប្រឆាំង​មនុស្ស​ចំនួន ៥៨៩ ៩៦២ គ្រាប់ គ្រាប់មីន​ប្រឆាំង​រថក្រោះ​ចំនួន ១១ ៤៣០ គ្រាប់ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ២ ៤៤០ ២៩៧ គ្រាប់ គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​រួម​និង​គ្រាប់បែក​ចង្កោម​ចំនួន ១២៦ ០៩១​គ្រាប់​។ យោងតាម​របាយការណ៍​របស់​អង្គភាព​ស៊ីម៉ាក់ ស្តីពី​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូតដល់​ខែធ្នូ ឆ្នាំ​២០២៣ ដែល​ទទួលបាន​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៤​។​

របាយការណ៍​នេះ​ឱ្យដឹងថា​៖«​ក្នុង​រយៈពេល​ជាង​ ៣០​ ឆ្នាំ​ កន្លងមកនេះ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុ​ជាមាន​ការរីកចម្រើន​គួរឱ្យ​គាត់​សម្គាល់ ដែល​សមិទ្ធផល​នេះ​អាចធ្វើ​ទៅបាន​ដោយសារតែ មានការ​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ ការបង្កើន និង​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ និង​ការកែលម្អ​ស្តង់ដា​ប្រតិបត្តិការ​»​។​


បើតាម​ប្រភព​ដដែល​ថា​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០០៤ ផលិតភាព​បោសសម្អាត​របស់​អង្គភាព​ស៊ីម៉ាក់​ជា​មធ្យម​បាន ​១២ គីឡូម៉ែត្រ​ក្រឡា​ក្នុង​១​ឆ្នាំ ប៉ុន្តែ​អត្រា​នេះ​បាន​កើនឡើង​ទ្វេដង​ដល់ ២២​គីឡូម៉ែត្រ​ក្រឡា ក្នុង​ឆ្នាំ​២០០៥ ហើយ​បាន​កើន​ឡើងជា​បណ្តើរៗ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​រហូតដល់​ម​ធ្យ​ម​បាន​២០០​គីឡូម៉ែត្រ​ក្រឡា​ក្នុង​១​ឆ្នាំៗ​។​

បន្ថែម​ពីនេះ អង្គភាព​ស៊ីម៉ាក់ ក៏បាន​សាង​កម្លាំង​ស្ម័គ្រ​ចិត្តជា​បណ្តាញ​តាម​ភូមិ​ដែលមាន​អាទិភាព​ខ្ពស់​ចំនួន​ជាង​៣ ៥០០​ ភូមិ និង​មាន​បណ្តាញ​ស្ម័គ្រចិត្ត​ជិត​៤ ០០០ ​នាក់ ​នៅ​ទូទាំងប្រទេស សម្រាប់​បម្រើ​ការងារ​អប់រំ ផ្សព្វផ្សាយ​ការយល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​។ 


អង្គភាព​ស៊ីម៉ាក់ ក៏បាន​យកចិត្តទុកដាក់​កសាង​សមត្ថភាព និង​ការពង្រឹង​ទំនាក់ទំនង​រវាង​អជ្ញាធរ​មូលដ្ឋាន​ទាំង​កម្រិត​ភូមិ ឃុំ ស្រុក និង​ខេត្ត​ជា​យន្តការ​ថ្នាក់ក្រោម​ជាតិ​យ៉ាង​មាន​ប្រសិទ្ធិភាព​ក្នុងការ​ផ្សព្វផ្សាយ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​ឆ្លើយតប​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។ 

​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២៣ នេះ​អង្គភាព​ស៊ីម៉ាក់​មាន​ផែនការ​ធ្វើការ​អប់​រំយ​ល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទះ​ពី​សង្គ្រាម​ដល់​ក្រុម​គោលដៅ​ចំនួន​១៥ ០០០​លើក ស្មើនឹង​៥៥០ ០០០​ខ្នង​ផ្ទះ ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន​១ ២០០ ០០០​នាក់​។​

ក្នុង​របាយការណ៍​ដដែល​លើកឡើងថា អង្គភាព​ស៊ីម៉ាក់ មាន​នីតិវិធី​និង​បទដ្ឋាន​ការងារ​ច្បាស់លាស់ ព្រមទាំង​មានការ​ទួល​ស្គាល់​កម្រិត​ជាតិ និង​អន្តរជាតិ​ជាមួយ​ការប្រើប្រាស់​សម្ភារ​បច្ចេក​ទេស​ទំនើប​តែ​អ្វីដែល​សំខាន់​ចាំបាច់​បំផុត​នោះ​គឺ​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង និង​ទេពកោសល្យ​។ របាយការណ៍​បញ្ជាក់ថា ៖ «​ដូចនេះ​ចំពោះ​ការងារ​ហ្វឹកហ្វឺន​គឺ​បាន​បំពេញ​តួនាទី​យ៉ាងសំខាន់​ព្រោះថា បុគ្គលិក​អ្នកដោះមីន​ទាមទា​អោយមាន​ពហុ ជំនាញ​កាន់តែ​ប្រសើរឡើង​រួមមាន​ជំនាញ​ផែនទី ជំនាញ​ស្រាវជ្រាវ ជំនាញ​កម្ទេច និង​ដោះ​បន្សាប​គ្រាប់មីន​ជាដើម​។ CMAC​ក៏បាន​ហ្វឹកហ្វឺន​ជូន​កម្លាំង​នគរបាលជាតិ​និង​កងយោធពល​ខេមរភូមិន្ទ​មួយចំនួន​ផងដែរ​»​។ 

លើសពីនេះ​ទៀត ដោយ​មើលឃើញ​នូវ​បទពិសោធន៍​និង​ជោគជ័យ​របស់​អង្គភាព​ស៊ីម៉ាក់​បានធ្វើឱ្យ​ប្រទេស​ដែលមាន​បញ្ហា​គ្រាប់មីន​និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មួយចំនួន​ដូចជា ប្រទេស​ឡាវ ប្រទេស​វៀតណាម ប្រទេស​ថៃ ស្រីលង្កា អ៊ីរ៉ាក់ ឃី​ដ​អង់​ហ្គោ​ឡា អ៊ុយ​ក្រែ​នប​ណ្តា​ប្រទេស​អា​ហ្វ្រី​ក​និង ប្រទេស​កូ​ឡុំ​ប៊ី​ជាដើម បានស្នើ​សុំឱ្យ​CMAC​ចែករំលែក​បទពិសោធ​ន៍​របស់ខ្លួន​។ 

សូម​បញ្ជាក់ដែរថា ជាក់ស្តែង​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) បានផ្តល់​ការគាំទ្រ​អង្គភាព​ស៊ីម៉ាក់ ឱ្យជួយ​ផ្តល់​ការហ្វឹកហ្វឺន​ដល់​មន្ត្រី​ជំនាញ​មីន​ជូន​ប្រទេស​កូ​ឡុំ​ប៊ី អង់​ហ្គោ​ឡា អ៊ីរ៉ាក់ ឡាវ អ៊ុយ​ក្រែ​ន ប្រទេស​អា​ហ្វ្រី​ក​ជាដើម​។​

លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៤​បានរៀបចំ​កិច្ចប្រជុំ​មន្ត្រី​បុគ្គលិក​ផ្ទៃក្នុង​ដើម្បី​លើក​ទិសដៅ​ការអនុវត្ត​ការងារ​សម្រាប់​ឆ្នាំ​២០២៤​នេះ​។ 

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​អង្គភាព​ស៊ីម៉ាក់​លោក​បានលើកឡើង​ពី​ស្ថានភាព​គម្រោង​នៃ​កងឯកភាព​កម្ចាត់មីន​ទាំង​៦​ដែល​នឹងត្រូវ​អនុវត្ត​បន្ត​ពី​ឆ្នាំ​ចាស់​ដោយ​ការចេញ​នូវ​ផែនការ​បោសសម្អាត​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​សរុប​ទូទាំងប្រទេស​ប្រមាណ ២៨៤ គីឡូម៉ែត្រ​ក្រឡា និង​អប់រំ​ការយល់ដឹង​ពី​គ្រោះថ្នាក់​មីន​ដល់​ប្រជាជន​គោលដៅ​ប្រមាណ​២​លាន​នាក់​។

 លោក​បាន​បញ្ជាក់ថា ៖ «​ស៊ីម៉ាក់​ក៏មាន​ផែនការ​ក្នុងការ​ធ្វើការ​ស្រាវជ្រាវ​ថ្មី​ឡើងវិញ​ផងដែរ​ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​ក្រោយ​ឆ្នាំ​២០២៥»៕