ភ្នំពេញៈមន្ត្រីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងរយៈពេលជាង ១ ខែ ក្រសួងបានចុះឈ្មោះចូលជាសមាជិករបបសន្តិសុខសង្គម (ប.ស.ស) ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍និងអ្នកក្នុងបន្ទុកបានជាង ១០ ម៉ឺននាក់។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី៣ ខែមករាថា ក្រសួងការងារបានចុះឈ្មោះសមាជិករបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួន ១០៦ ៨៦២ នាក់ គិតចាប់តាំងពីថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
លោកបានបន្តថា ក្នុងចំណោមអ្នកចុះឈ្មោះទាំងនោះ មានបុគ្គលស្វ័យនិយោជន៍ចំនួន ៩៧ ០៣១ នាក់ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) មានចំនួន៩ ៨៣១នាក់។ ក្នុងនោះសមាជិក ប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវាមានចំនួន៤៩ ៩២៩ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន៧៩៩,២៩លានរៀល។
លោក កត្តា អ៊ន បានបញ្ជាក់ថា ៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៤ ៥៩៩ លើក ដែលមានអ្នកចូលរួមចំនួន ១ ៣៧១ ១២៩នាក់។ ការផ្សព្វផ្សាយតាមបណ្តាញសង្គមនានានិងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមាន ប្រជាប្រិយភាពក្នុងបណ្ដាញសង្គមដោយមានចំនួនចែករំលែកបន្ត៣៥៧ដង និងចំនួនចូលទស្សនា ១២ ៦៩៨ ដងបន្ថែមទៀត»។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងបន្តយុទ្ធនាការរបស់ខ្លួនក្នុងការផ្សព្វផ្សាយពីកម្មវិធីថ្នាក់ជាតិស្តីពីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត តាមទីសាធារណៈ ខ្នងផ្ទះ និងរោងចក្រឧស្សាហកម្មនានានៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយពីអត្ថប្រយោជន៍ និងចុះឈ្មោះពលរដ្ឋដើម្បីប្រើប្រាស់។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ។
លោកបានបន្តថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស បានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យនិយោជន៍ភាគច្រើនដែលចង់ចូលជាសមាជិក ប.ស.ស ក៏ដូចជាក្តីប្រាថ្នារបស់កម្មករនិយោជិតភាគច្រើនដែលចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ។
លោកបានបញ្ជាក់ទៀតថា៖«ប.ស.សបានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តបងប្អូនកម្មករនិយោជិតដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាពនិងការព្យាកបាននៃចំណូលនិងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន»។
ទាក់ទងនឹងការចុះឈ្មោះជូនបុគ្គលស្វ័យនិយោជន៍នេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងដែរថា នេះគឺជារឿងល្អ និងជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលពួកគាត់។ លោកថា ដ្បិតថាសេវានេះនៅមានកម្រិតនិងមានកំណត់ក៏ដោយតែវាបានផ្តល់ប្រយោជន៍ជាច្រើនដូចជា គ្រោះថ្នាក់ពេលធ្វើដំណើរ គ្រោះថ្នាក់ធ្ងន់ធ្ងរឬអាចឈានដល់ពិការភាពក៏មិនតម្រូវឱ្យពួកគាត់បង់សេវាដែរដោយវាជាបន្ទុករបស់ប.ស.ស។
លោកហ្វា សាលី បានបញ្ជាក់ថា ៖ «តែយ៉ាងណាក្តីយើងខ្ញុំនៅតែទទូចដល់នាយកដ្ឋាន ប.ស.ស គួរពង្រឹង និងពង្រីកវិសាលភាពក្នុងការព្យាបាល ថ្នាំសង្កូវ និងការយកចិត្តទុកដាក់ដល់អ្នកជំងឺនិងបន្ថែមនូវគ្រឿងបរិក្ខារពេទ្យទំនើបៗដើម្បីផ្តល់ភាពជឿកជាក់ដល់អ្នកប្រើសេវានេះ»។
អ្នកលក់កាហ្វេនៅក្នុងរាជធានីភ្នំពេញ អ្នកស្រី អ៊ុំ ណារី បាននិយាយថា អ្នកស្រីមានការសប្បាយចិត្តជាខ្លាំងនៅពេលឮថានាយករដ្ឋមន្ត្រីប្រកាសជូនបណ្ណប.ស.សដល់អ្នកដែលមានមុខរបរផ្ទាល់ខ្លួន និងសមាជិករបស់ខ្លួន។
អ្នកស្រីបានបញ្ជាក់ថា៖«ខ្ញុំពិតជាសប្បាយចិត្តព្រោះខ្ញុំក៏អាចមានសិទ្ធិក្នុងការធ្វើបណ្ណប.ស.សដូចមន្ត្រីរាជការនិងអ្នកធ្វើការតាមក្រុមហ៊ុនឬអង្គការនានា»។
សូមរំឭកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត»និង«កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ»កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។កម្មវិធី នេះមានវិសាលភាពអនុវត្តចំពោះអ្នកទទួលផលចំនួនដណ្តប់ដល់ប្រជាជនសរុបប្រមាណជាង៥លាននាក់។
លោកបានថ្លែងនាឱកាសនោះថា ៖ «គោលដៅរបស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ គឺថាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរពីមួយជំនាន់ទៅមួយជំនាន់កាន់តែល្អប្រសើរ កាន់តែមានឱកាស កាន់តែរឹងមាំ និងកាន់តែឈ្លាសវៃនិងសមត្ថភាពកាន់តែខ្ពស់ ដើម្បីជំរុញប្រទេសជាតិឱ្យកាន់តែលឿន»។
តាមការសិក្សាកន្លងមក កម្មករនិយោជិត ឬប្រជាពលរដ្ឋម្នាក់ជាមធ្យមត្រូវចំណាយ២៥០ដុល្លារ ក្នុង១ឆ្នាំ ឬចន្លោះពី១៥ដុល្លារទៅ២០ដុល្លារ ក្នុង១ខែក្នុងករណីដែលមិនមានរបបថែទាំសុខភាពនេះ ជាហេតុធ្វើពួកគេមួយចំនួនធំមិនសូវហ៊ានទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យញឹកញាប់ ដោយសារនេះជាការចំណាយផ្ទាល់ខ្លួន រហូតបណ្ដាយឱ្យខ្លួនឈឺដល់ដំណាក់កាលធ្ងន់ធ្ងរពិបាកជួយទាន់ពេលវេលា។នេះបើតាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រី៕