អង្គការជីវិតធម្មជាតិនៅកម្ពុជាបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ វត្តមានសត្វក្រៀលប្រមាណជា ៧០ ក្បាល កំពុងរស់នៅក្នុងតំបន់ទេសភាពអន្លង់ព្រីង ខេត្តកំពត ខណៈដែលចំនួននេះ គឺមានច្រើនជាងវត្តមានសត្វក្រៀល ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
លោក ប៊ិ ថុនា មន្ដ្រីសម្របសម្រួលគម្រោងស្រូវមិត្ដក្រៀលនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រាប់ឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ វត្ដមានសត្វក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង មានចំនួន ៧០ ក្បាល ក្នុងនោះក្រៀលជំទង់ មាន ៨ ក្បាល។
លោកបានបន្តថា មូលហេតុដោយសារតែការងារអភិរក្សសត្វក្រៀលរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន បានកំពុងអនុវត្ដ «គម្រោងស្រូវមិត្ដក្រៀល» ដែលធ្វើឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវរបបអាហារសម្រាប់មនុស្សនិងសត្វក្រៀលដោយលើកទឹកចិត្តឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងការងារអភិរក្សជីវចម្រុះ។
លោក ប៊ិ ថុនា បានថ្លែងថា៖ «បច្ចុប្បន្ននេះ យើងកំពុងដំណើរការគម្រោងហ្នឹង ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ដីសើម ដោយកាត់បន្ថយការប្រើប្រាស់ជីគីមីកសិកម្មដែលជះផលប៉ះពាល់ដល់សត្វស្លាប ជាពិសេសសត្វក្រៀលដែលជាប្រភេទសត្វរងគ្រោះជាសកល»។
លោកបានឱ្យដឹងទៀតថា ដោយឡែកចំពោះតំបន់ការពារទេសភាពបឹងព្រែកល្ពៅវិញ ការអភិរក្សសត្វក្រៀលបានធ្វើឡើងក្នុងសកម្មភាពសំខាន់ៗមានដូចជា៖ ការអង្កេតនិងតាមដានចំនួនសត្វក្រៀលជាប្រចាំ និងការធ្វើសកម្មភាពអប់រំផ្សព្វផ្សាយទៅដល់ប្រជាសហគមន៍មូលដ្ឋានដែលរស់នៅជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដោយផ្ដោតសំខាន់ទៅលើការទុកដាក់ការសំណល់សារធាតុគីមីកសិកម្មជាដើម។
លោកបានបន្ថែមថា ក្នុងឆ្នាំ ២០២៣ កន្លងទៅ មានសត្វក្រៀលងាប់តែ ១ ក្បាលប៉ុណ្ណោះដែលតាមការសន្និដ្ឋានពីអ្នកជំនាញក្នុងស្រុកថា ប្រហែលមកពីចាស់ពេក ទើបបណ្ដាលឱ្យងាប់។
ចំណែកលោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រាប់ឱ្យដឹងថា តាមលទ្ធផលជំរឿនចាប់ពីចុងឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ រាប់បានសត្វក្រៀលចំនួន ១៨០ ក្បាល ខណៈដែលជំរឿនសត្វក្រៀលចុងឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ នេះ កំពុងចាប់ផ្ដើមរាប់ជាបណ្ដើរៗហើយ។
លោកបានបន្តថា ចំពោះចំនួនសត្វក្រៀល នៅក្នុងខេត្តទាំង ៣ នេះដែរ បើធៀបជាមួយប្រទេសឡាវ និងវៀតណាម គឺកម្ពុជា នៅមានចំនួនសត្វក្រៀលដែលនៅសេសសល់ច្រើនជាងគេ។
លោកថា៖ «វត្តមានសត្វក្រៀល គឺមានសារៈសំខាន់ជួយដល់ប្រព័ន្ធអេកូឡូស៊ី និងជួយទាក់ទាញទេសចរមកពីប្រទេសនានាចូលកម្ពុជាដើម្បីទស្សនា និងជាផ្នែកមួយលើកស្ទួយកម្រិតជីវភាពសម្រាប់សហគមន៍មូលដ្ឋានផងដែរ»។
បើតាមលោក ប៊ូ វរសក្ស បានបន្ថែមទៀតថា ប្រទេសកម្ពុជានៅសេសសល់វត្តមានសត្វក្រៀលច្រើនជាងប្រទេសជិតខាង វាជាទីមោទនភាពណាស់ ដូច្នេះហើយសូមចូលរួមក្នុងកិច្ចការងារអភិរក្សសត្វនេះទាំងអស់គ្នា ដោយគ្រាន់តែកុំជាវទំនិញ ឬផលិតផលដែលផលិតចេញពីសត្វព្រៃ។
សូមបញ្ជាក់ថា តំបន់ការពារទេសភាពអន្លង់ព្រីង មានផ្ទៃដីសរុប ២១៧ ហិកតា ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងជាតំបន់អភិរក្សធនធានធម្មជាតិមួយ ដោយអនុក្រឹត្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៦។
តំបន់ការពារទេសភាពអន្លង់ព្រីង បានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល។ បន្ថែមពីនេះ តំបន់ការពារទេសភាពអន្លង់ព្រីង វាក៏ជាជម្រករបស់សត្វស្លាបផ្សេងទៀតដូចជា សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស ផងដែរ៕