ក្រសួងយុត្តិធម៌ បានសម្រេចបង្កើតក្រុមការងារពិសេសសម្រាប់តាមដាន និងត្រួតពិនិត្យការអនុវត្តរបស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ទៅលើសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន។
ការបង្កើតនេះ ដើម្បីជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ក៏ដូចជាជំរុញយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដែលក្រុមការងារពិសេសនេះ ដឹកនាំដោយលោកគឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងមានសមាជិក២៤រូបទៀត នៃក្រសួងយុត្តិធម៌ផ្ទាល់ ដែលក្រុមការងារនេះហៅកាត់ថា «ក.គ.ច.អ.»។
សេចក្តីសម្រេចបានលើកឡើងថា ក្រុមការងារពិសេសនេះមានតួនាទីជាសេនាធិការប្រតិបត្តិរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការ ក្នុងការតាមដាន និងត្រួតពិនិត្យ ការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនៅគ្រប់ដំណាក់កាលនៃនីតិវិធី ចំពោះសំណុំរឿង៣យ៉ាង គឺពាក់ព័ន្ធនឹងគ្រឿងញៀន ចរាចរណ៍ និងអាត្រានុកូលដ្ឋាន។
ក្រុមការងារ ក.គ.ច.អ. មានតួនាទី និងភារកិច្ច ពិនិត្យ ផ្តល់យោបល់ និងលើកសំណើវិធានការចំពោះភាពមិនប្រក្រតីនៃចំណាត់ការរបស់តុលាការចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលត្រូវបានរកឃើញ។ ក្រុមការងារ ក៏មាននាទីសម្របសម្រួលការងារ និងសហកាជាមួយសាលាជម្រះក្តី និងស្ថាប័នពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែមករាថា ការបង្កើតក្រុមការងារពិសេសនេះ ជាយន្តការរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការធានាប្រសិទ្ធភាពការងារនៃក្រសួងយុត្តិធម៌ ដែលបានដាក់ចេញនូវវិធានការ៣ សំខាន់ៗ លើសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអាត្រានុកូលដ្ឋាន សម្រាប់តុលាការយកទៅអនុវត្ត។
លោកបានប្រាប់ថា៖ «ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ទាល់តែមានយន្តការតាមដាន និងត្រួតពិនិត្យ វាយតម្លៃ ហើយក្រុមការងារពិសេសនេះ គឺជាសេនាធិការឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការតាមដាន ត្រួតពិនិត្យ ការងាររបស់ខ្លួនបាន»។
ចំណែកលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ក៏បានលើកឡើងដែរថា កន្លងមក លោកក៏ទទូចឱ្យមានគណៈកម្មការធ្វើការរបៀបនេះផងដែរ ដើម្បីតាមដានការអនុវត្តរបស់អាជ្ញាធរថ្នាក់ក្រោមជាតិទៅលើសំណុំរឿងមួយចំនួនដែលអនុវត្តការងារខ្លួនមិនមានប្រក្រតីភាព។
លោកបន្តថា៖ «មែនទែនទៅ ខ្ញុំចង់បានគណៈកម្មការត្រួតពិនិត្យបែបហ្នឹង ប៉ុន្តែអ្វីជាបញ្ហា ការអនុវត្តទាំងនោះគប្បីធ្វើឡើងចំពោះករណីមិនប្រក្រតីហ្នឹងឯង កុំអនុវត្តហួសពីតួនាទី ទៅរំលោភអំណាច ឬឯករាជភាពរបស់តុលាការដែរ»។
លោកបានបន្តថា បើរកឃើញជនទាំងឡាយណាអនុវត្តមិនស្របតាមនីតិវិធីច្បាប់ ពុករលួយ បក្ខពួកនិយម គួរតែហ៊ានអារកាត់ ដាក់ពិន័យ ដកតួនាទីតំណែង ឬត្រូវផ្តន្ទាទោសទៀត ក្នុងករណីល្មើសច្បាប់ បើមានភ័ស្តុតាងគ្រប់គ្រាន់។
លោក ស៊ឹង សែនករុណា ចង់ឱ្យក្រុមការងារពិសេសនេះត្រូវមានឯករាជភាព ហើយហ៊ានប្រឈមមុខនឹងអ្នកមានអំណាចដែលអនុវត្តមិនត្រឹមត្រូវ ដើម្បីអាចឱ្យកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រដ្ឋាភិបាលអាចសម្រេចទៅមុខបាន។
សូមជម្រាបថា នៅដើមឆ្នាំ២០២៤ នេះ ក្រសួងយុត្តិធម៌ក៏បានដាក់ចេញនូវយុទ្ធនាការ២ ដែលទី១ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
ក្នុងនោះ ការបង្កើតក្រុមការងារពិសេសនេះ ជាផ្នែកមួយនៃយុទ្ធនាការរបស់ក្រសួងយត្តិធម៌ ដើម្បីផ្តល់សេវាយុត្តិធម៌ឱ្យពលរដ្ឋលឿន ហើយអាចចូលរួមដោះស្រាយភាពអយុត្តិធម៌ និងភាពប្រក្រតីក្នុងប្រព័ន្ធតុលាការ ដើម្បីលើកកម្ពស់យុត្តិធម៌ និងចំណាត់ការតុលាការ៕