ក្រសួងសុខាភិបាល និង​មូលនិធិ GX Foundation របស់​ចិន​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​លើគ​ម្រោ​ង​ពង្រីក​កម្មវិធី​វិស័យ​សុខាភិបាល លើ​សេវា​សុខភាព​ភ្នែក​នៅតាម​បណ្តា​ខេត្ត ដែលជា​ផ្នែក​មួយ​ឈានទៅ​សម្រេច​គោលដៅ​របស់​កម្ពុជា ក្នុងការ​លុបបំបាត់​ភាព​ពិការភ្នែក​ដែល​អាច​បង្ការ​បាន នា​ឆ្នាំ​២០៣០​។​


ការបន្ត​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ពង្រីង​វិស័យ​សុខាភិបាល​នេះ ធ្វើឡើង​តាមរយៈ​ជំនួប​រវាង​លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក LEUNG Chun-Ying អគ្គនាយក​មូលនិធិ GX និង​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​នៃ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​កាលពី​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៤​។ 

​ក្នុងជំនួប​នេះ លោក ឈាង រ៉ា បានលើកឡើង​ពី​កិច្ច​សហប្រតិបត្តិ​ជាមួយ​មូលនិធិ GX កន្លងមក ដែល​បានរួម​ចំណែក​គាំទ្រ​លើកកម្ពស់​សេវា​សុខាភិបាល តាមរយៈ​ការបញ្ជូន​ក្រុមគ្រូពេទ្យ​មកជួយ​វះកាត់​ជំងឺភ្នែកឡើងបាយ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចំនួន ៦ ២០៨​ករណី​មកហើយ​។  នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងសុខាភិបាល​។​


​លោក ឈាង រ៉ា បាន​បន្តថា ក្នុងនោះ​ខេត្តកំពង់ចាម បាន​ជួយ​វះកាត់​អ្នកជំងឺ​សរុប​ចំនួន ៣ ០៤៥​នាក់ ចាប់តាំងពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០១៩ ហើយ​និង​ខេត្តព្រៃវែង ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០២២ មកដល់​ខែធ្នូ ឆ្នាំ​២០២៣ ក្រោម​គម្រោង​លុបបំបាត់​ភាព​ពិការភ្នែក​ដោយ​ជំងឺភ្នែកឡើងបាយ​។  

លោក​បាន​ថ្លែងថា​៖ «​ក្រសួង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​នេះ លើ​ការ​ពិនិត្យមើល​លទ្ធភាព​ជួយ​ពង្រឹង​សេវា​សុខភាព​ភ្នែក​នៅតាម​បណ្តា​ខេត្ត និង​មជ្ឈមណ្ឌល​ថែទាំ​ភ្នែក នៅតាម​មន្ទីរពេទ្យ​ស្រុក និង​នៅ​កម្រិត​សហគមន៍ តាមរយៈ​ការបំពាក់​ឧបករណ៍​បរិក្ខារ និង​បច្ចេកវិទ្យា​សម្រាប់​ពិនិត្យ ព្យាបាល និង​វះកាត់​ភ្នែក​ជូន​ប្រជាជន​កម្ពុជា​»​។​


​ជាការ​ឆ្លើយតប លោក LEUNG Chun-Ying បានបញ្ជាក់​ជំហរ​យ៉ាង​មុតមាំ​របស់​មូលនិធិ ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ លើ​ការពង្រីក​គម្រោង «​លុបបំបាត់​ភាព​ពិការភ្នែក​ដោយ​ជំងឺភ្នែកឡើងបាយ​» ទៅ​ខេត្ត​ផ្សេងទៀត​តាម​ការស្នើសុំ​របស់​ក្រសួងសុខាភិបាល​។​

​លោក​បាន​ថ្លែងថា​៖ «​មូលនិធិ GX នឹង​បន្ត​កិច្ចសហប្រតិបត្តិការ និង​ពង្រីក​គម្រោង​លុបបំបាត់​ភាព​ពិការភ្នែក​ដោយ​ជំងឺភ្នែកឡើងបាយ ទៅ​ខេត្ត​ផ្សេងទៀត ដើម្បី​ចូលរួម​ឈានទៅ​សម្រេច​គោលដៅ​លុបបំបាត់​ភាព​ពិការភ្នែក​ដែល​អាច​បង្ការ​បាន​នា​ឆ្នាំ​២០៣០ នៅ​កម្ពុជា​»​។ 

 ​ជាមួយគ្នានេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​កោតសរសើរ​ចំពោះ​មូលនិធិ GX Foundation ដែលមាន​ការប្តេជ្ញាចិត្ត​ក្នុងការ​ព​ង្រឹ​ក​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឈានទៅ​សម្រេចបាន​នូវ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​បញ្ច​កោណ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​។​

​ទន្ទឹមនឹង​ការបន្ត​គម្រោង​ពង្រីក​សេវា​សុខភាព​ភ្នែក​នេះ នៅតាម​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​មួយចំនួន បាននិងកំពុង​ផ្ដល់​សេវា​ពិនិត្យ វះកាត់ និង​ព្យាបាល​ភ្នែក​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​ផងដែរ​។ ក្នុងនោះ​រួមមាន​៖ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី និង​មន្ទីរ​សុខាភិបាល​ខេត្តកណ្ដាល​ជាដើម​។​

ទាក់ទង​នឹង​មូលនិធិ GX Foundation នេះដែរ នៅ​ថ្ងៃ​ដដែល​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​លោក Leung Chun-Ying​នេះ​ផងដែរ​។​

នាឱកាស​នោះ លោក​ប្រធាន​មូលនិធិ បានលើកឡើង​ពី​ការបន្ត​កិច្ចសហប្រតិបត្តិការ និង​គម្រោង​ពង្រីក​កម្មវិធី​ចំនួន​២ ដោយ​សហការ​ជាមួយនឹង​ក្រសួងសុខាភិបាល រួមមាន​៖ ការពង្រីក​នូវ​ការផ្ដល់សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺភ្នែកឡើងបាយ​ទៅតាម​បណ្ដា​ខេត្ត​គោលដៅ​ថ្មីៗ បន្ថែមទៀត និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនឈាម​។  

ជាការ​ឆ្លើយតប លោក ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួមចំណែក​រប​ស់ មូលនិធិ GX Foundation នៅក្នុង​ការគាំទ្រ​ទៅដល់​វិស័យ​សុខាភិបាល​កម្ពុជា និង​បាន​ស្វាគមន៍​ចំពោះ​គម្រោង​នៃ​ការពង្រីក​កម្មវិធី​រប​ស់​មូលនិធិ ក្នុងការ​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​កម្ពុជា​បន្ថែម​ទៀត ដូចជា​កម្មវិធី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនឈាម​ជាដើម​។​

​ជាមួយគ្នា​នោះដែរ លោក​ក៏បាន​លើកទឹកចិត្ត​ទៅដល់​មូលនិធិ GX Foundation ឱ្យ​បន្ត​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ ទៅលើ​កម្មវិធី​ទាំងនេះ ជាមួយនឹង​ក្រសួងសុខាភិបាល​បន្ថែម​ទៀត ជាពិសេស ក្នុងការ​កំណត់​នូវ​បណ្តា​ខេត្ត​គោលដៅ​ថ្មីៗ សម្រាប់​ការផ្ដល់សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺភ្នែកឡើងបាយ និង​កម្មវិធី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនឈាម​៕