នាយក​ដ្ឋាន​បុរាណ​វិទ្យា ​និង​អភិ​រក្ស​ នៃ​អាជ្ញា​ធរ​ជាតិ​សំបូរ​ព្រៃ​គុក ​នឹង​បើក​ការ​ដ្ឋាន​ជួស​ជុល​ប្រាសាទ​ចំនួន​ ៦ ​កន្លែង ​នៅ​ក្នុង​រម​ណី​យ​ដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក​ ​ចាប់​ពី​ដើម​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ ​ដើម្បី​ជា​ផ្នែក​មួយ​ធ្វើឱ្យ​ប្រាសាទ​សំបូ​រព្រៃ​គុក ​ស្ថិត​នៅ​គង់​វង្ស​សម្រាប់​អ្នក​ជំនាន់​ក្រោយ​​។​​


កា​រដ្ឋាន​ជួស​ជុល​ប្រាសាទ​ចំនួន​ ៦​ កន្លែង​នោះ​រួម​មាន​៖​ ជួស​ជុល​ប្រាសាទ​បុះ​រាម​, ​ជួស​ជុល​ប្រាង្គ​អដ្ឋ​កោណ ​Y ប្រាសាទ​ត្រពាំង​រពាក់​, ​អភិ​រក្ស​សង្គ្រោះ ​គាំ​ពារ ​ស្ថានី​យ​ដែល​ប្រឈម​នឹង​ហានិ​ភ័យ ​(​តាម​បណ្ដោយ​ផ្លូវ​ទៅ​របង​រមាស​),​ ជួ​ស​ជុល​ប្រាង្គ ​K1​និង ​K2 ​ប្រាសាទ​របង​រមាស​, ​កំ​ណាយ​ស្រាវ​ជ្រាវ​ និង​លើក​តម្លៃ​ប្រាសាទ​ស្រ​ទិច ​ស្ថានីយ​​ក្នុង​តំបន់​រមណីយ​ដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក​ និង​ចុង​ក្រោយ​ការ​កំណាយ​សម្អាត ​និង​ជួស​ជុល​ប្រាង្គ ​Z2 Z4 ​និង ​Z5 ​ប្រាសាទ​ត្រពាំង​រពាក់​។​ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​អាជ្ញា​ធរ​ជាតិ​សំបូរ​ព្រៃ​គុក​។​​

លោក ​ផាន់ ​ណា​ឌី ​អគ្គ​នាយក​នៃ​អាជ្ញា​ធរ​ជាតិ​សំបូរ​ព្រៃ​គុក ​បាន​ប្រាប់​ឱ្យដឹ​ង​នៅ​ថ្ងៃទី​៣០ ​ខែមករា​ថា ​ការងារ​ថែទាំ ​និង​ជួស​ជុល​ប្រាសាទ​សំបូរ​ព្រៃ​គុក​នេះ ​គឺ​អាជ្ញា​ធរ​តែង​តែ​ធ្វើជា​​រៀងរាល់​ឆ្នាំ ​ខណៈ​ដែល​ឆ្នាំ​២០២៤​នេះដែរ​ ខាង​នាយក​ដ្ឋាន​បុរាណ​វិទ្យា​ ​និង​អភិរក្ស​ ​នឹង​ធ្វើ​ការ​ជួស​ជុល​ប្រាសាទ​ ៦​កន្លែង​នៅ​ក្នុង​តំបន់​រមណីយ​ដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក​។​ 


​លោក​បាន​ថ្លែង​ថា​៖ ​«​យើង​ធ្វើ​ការងារ​នេះ​ជា​ប្រចាំ ​ដោយ​សារ​នៅ​ប្រាសាទ​សំបូ​រ​ព្រៃ​គុក​ភាគ​ច្រើន​ជា​ប្រាសាទ​ដែល​សង់​ពី​ឥដ្ឋ ​អញ្ចឹង​វា​ខុស​ពី​ប្រាសាទ​ដែល​សង់​ពី​ថ្មភក់ ​និង​ថ្មបាយ​ក្រៀម ​ដែល​អាច​រុះ​រើ ​និង​ជួស​ជុល​បាន​ ប៉ុន្តែ​ប្រាសាទ​ដែល​សង់​ពី​​ឥដ្ឋ​ ​បើ​សិន​ជា​បាក់​ធ្លាក់​ចុះ​មក​ហើយ​ ​យើង​មិន​អាច​រុះរើ​ជួស​ជុល​ឡើង​វិញ​បាន​ឡើយ​»​។​​

​លោក​ ​ផាន់​ ណា​ឌី ​បាន​ឱ្យដឹ​ង​​ទៀត​ថា ​ក្រៅពី​ការងារ​ជួស​ជុល​ប្រាសាទ​ដែល​មាន​សំណង់​ពី​ឥដ្ឋ​ទាំង​នោះ​ហើយ​ អាជ្ញា​ធរ​ជាតិ​សំបូរ​ព្រៃ​គុក ​ក៏​មាន​ការងារ​ថែទាំ ​និង​ពង្រឹង​ប្រាសាទ​ឥដ្ឋ​ជា​ប្រចាំ​កុំ​ឱ្យ​មាន​ការ​ធ្លាក់​បាក់​បែក​ទាន់​ ជា​ពិសេស​នៅ​​រដូវ​វស្សា ​គឺ​មា​ន​ហានិ​ភ័យ​ណាស់​ ​ព្រោះ​អាច​បណ្ដាល​ឱ្យ​ឥដ្ឋ ​ពុក​ផុយ​ធ្លាក់​ចុះ​មក​បាន​។​​


លោក​បាន​បញ្ជាក់​ថា​៖​ «​ការ​ថែ​រក្សា​ប្រាសាទ​សំបូរ​ព្រៃ​គុក​ គឺ​ប្រៀប​បាន​នឹង​ការ​ថែរក្សា​ប្រវត្តិ​សាស្ត្រ ​និង​អត្ដ​សញ្ញាណ​របស់​យើង​ឱ្យនូ​វ​គង់​វង្ស​ ​ពី​ព្រោះ​ប្រាសាទ​សំបូរ​ព្រៃគុក​ជា​ប្រាសាទ​ដែល​កសាង​សង់​មុន​សម័យ​អង្គរ​។​ ដូច្នេះ​យើង​ជា​កូន​ខ្មែរ​ត្រូវ​ចូល​រួម​ថែទាំ​ទាំង​អស់​គ្នា​»​​​។​

ទន្ទឹម​នឹង​ការ​រក្សា​បាន​ប្រាសាទ​សំបូរ​ព្រៃ​គុក​ឱ្យ​គង់​វង្ស​ហើយ ​វា​ក៏​រួម​ចំណែក​ផ្ដល់​អត្ថ​ប្រ​យោជន៍​ជួយ​ទាក់​ទាញ​ភ្ញៀវទេ​សចរ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​មក​ចូល​ទស្សនា​កម្សាន្ត​ តាម​រយៈ​ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់ ​និង​សោភ​ណភា​ព​របស់​ប្រាសាទ​ឱ្យមាន​ភាព​ស្រស់​បំព្រង​ ​និង​ផ្សព្វ​ផ្សាយ​ពី​សម្បត្តិ​បេតិក​ភណ្ឌ​វប្ប​ធម៌​ ប្រវត្តិ​សាស្ត្រ ​និ​ង​របៀប​រស់នៅ​ប្រពៃណី​របស់​សហ​គមន៍​ក្នុង​មូល​ដ្ឋាន​ផង​ដែរ​។​ ​នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក​ ​ផាន់​ ​ណា​ឌី​។​​

សូម​បញ្ជាក់​ថា​ ​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​ប្រាសាទ​សំបូរ​ព្រៃ​គុក ​ស្ថិត​នៅ​ឃុំ​សំបូរ​ ស្រុក​ប្រាសាទ​សំបូរ​ ខេត្ត​កំពង់​ធំ ដែល​មាន​ចម្ងាយ​ប្រមាណ ​៤០​ គី​ឡូម៉ែ​ត្រ​ ពី​ទី​រួម​ខេត្ត​កំពង់​ធំ​។ ​ប្រាសាទ​នេះ ​ត្រូវបាន​កសាង​ឡើង​នៅ​ពាក់ក​ណ្តាល​សត​វត្សរ៍​ទី​៧ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញ​សាសនា​។ ​ប្រាសាទ​នេះ ​មាន​រចនា​ប័ទ្ម​សំបូរ​ព្រៃ​គុក ​ដែល​ជា​រចនា​ប័ទ្ម​ស្ថាប​ត្យក​ម្ម​ដំបូង​បំផុត​ដែល​មាន​លក្ខណៈ​ជា​ខ្មែរ​។​​

ប្រាសា​ទ​សំបូរ​ព្រៃ​គុក​ ក៏​ត្រូវ​បា​នប​ញ្ជូ​ល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ផង​ដែរ​ កាល​ពី​ថ្ងៃទី​៨​ ខែកក្ក​ដា ​ឆ្នាំ​២០១៧​៕