នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) លោក Charles Yang បានវាយតម្លៃខ្ពស់ចំពោះគំរូវីរភាពក្នុងការដឹកនាំរដ្ឋ និងការកសាងប្រទេសរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំកសាងប្រទេសឈានទៅរកសុខសន្តិភាពនៅទូទាំងប្រទេស។
លោក Charles Yang បានថ្លែងដូចនេះក្នុងឱកាសដែលលោក ហ៊ុន សែន បានអនុញ្ញាតឱ្យលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមលទ្ធផលនៃជំនួបដែលបានផ្សព្វផ្សាយតាមរយៈហ្វេសប៊ុកលោក ហ៊ុន សែន។
ប្រភពដដែលបានលើកឡើងថា ៖ «លោកCharles Yang វាយតម្លៃខ្ពស់នូវគំរូវីរភាពក្នុងការដឹកនាំរដ្ឋ និងការកសាងប្រទេសរបស់សម្តេចតេជា ហ៊ុន សែន និងមានជំនឿមុតមាំថា នយោបាយឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់សម្តេចតេជា ហ៊ុន សែន អាចនឹងរួមចំណែកដល់ការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិនៅក្នុងតំបន់ និងពិភពលោក ជាពិសេសផ្តល់ជាធាតុចូលដ៏សំខាន់មួយក្នុងការស្វះស្វែងរកសន្តិភាព និងការបង្រួបបង្រួមឧបទ្វីបកូរ៉េ»។
ក្នុងជំនួបនោះដែរ លោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអរគុណដល់លោក Charles Yang ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣កន្លងទៅ និងបានចូលរួមចំណែកដល់ការកសាងធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាលផ្សេងៗ។
ឆ្លៀតឱកាសនោះដែរ លោក ហ៊ុន សែន ក៏បានស្នើក្រុមហ៊ុនសាជីវកម្ម Lotte ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់កូរ៉េខាងត្បូង និងជាក្រុមហ៊ុនធំជាងគេទី៥ នៅសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោគមកកាន់ប្រទេសកម្ពុជា។
លោកក៏បានស្នើឱ្យមានការជួយដល់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១,៥ លាននាក់ រួមទាំងការគាំពារដល់ស្ត្រី ដែលជាតម្រូវការចាំបាច់បំផុតមួយរបស់កម្ពុជា ក្នុងដំណាក់កាលថ្មី។
ប្រភពដដែលបានបញ្ជាក់ទៀតថា កិច្ចសន្ទនារវាងថ្នាក់ដឹកនាំ និងអង្គការសង្គមស៊ីវិលគឺបានផ្តល់នូវតម្លៃនៃការយោគយល់ និងការចែករំលែកបទពិសោធន៍ល្អៗ ដែលមានផលប្រយោជន៍ផ្ទាល់ដល់សង្គម និងប្រជាជន ដែលស្រឡាញ់សន្តិភាព។
សូមបញ្ជាក់ដែរថា សហព័ន្ធសន្តិភាពសកល (UPF) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៥ ដែលសហព័ន្ធសន្តិភាពសកល គឺជាបណ្តាញនៃគ្រួសារ និងស្ថាប័នអន្តរជាតិ និងអន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីរួបរួមគ្នាបង្កើតពិភពលោកសន្តិភាពមួយ។
សមាជិកទាំងអស់ គឺជាសង្គមគ្រួសារមួយដែលអាចរស់នៅ និងធ្វើការជាមួយគ្នាដោយសុខដុមរមនា មានវិបុលភាពរួមគ្នា និងចេះគោរពគ្នាទៅវិញទៅមក ក្រោមការប្តេជ្ញាចិត្តរួមគ្នា ក្នុងកិច្ចសហប្រតិបត្តិការតាមរយៈអភិបាលកិច្ចល្អ៕