​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ភាព​អំណោយផល​ច្រើន​ក្នុងការ​ធ្វើ​ទាំង​ស្រូវវស្សា និង​ស្រូវប្រាំង ក្នុងពេល​កន្លងមក ស្រប​ពេលដែល​តម្លៃ​ក៏​ឡើង​ខ្ពស់ បាន​ជំរុញ​ឱ្យ​ប្រជាកសិករ​សម្រុក​ធ្វើ​ស្រូវប្រាំង​លើស​ផែនការ ដែលនាំឱ្យ​មានការ​ប្រឈម​ក្នុងការ​ខ្វះខាត​ទឹក​សម្រាប់​ការដាំដុះ​។​


លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ នៅពេល ដែល​លោក​បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ទូទាំងប្រទេស​ឆ្នាំ​២០២៣ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២៤ នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៤ នា​ទីស្តីការ​ក្រសួងកសិកម្ម​។​

លោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ដូច្នេះ​ថា​៖«​កិច្ចការ​នេះ គឺជា​កិច្ច​ការដែល​ត្រូវ​តាមដាន​ជាប់​ជាប្រចាំ ហើយ​ជាពិសេស​នៅ​ឆ្នាំនេះ ដែល​ពិភពលោក​បាន​វាយតម្លៃ​ពី​ហានិភ័យ​នៃ​បាតុភូត​អែល​នី​ណូ ​ដែលមាន​រយៈពេល​វែង​។ ពិតណាស់​ឆ្នាំទៅ យើង​មាន​អំណោយផល​ច្រើន​ក្នុងការ​ធ្វើ​ទាំង​ស្រូវវស្សា និង​ស្រូវប្រាំង ដោយ​តម្លៃ​ក៏​ឡើង​ខ្ពស់​ល្អ​។ តែដោយសារ​តម្លៃ​ស្រូវ​ខ្ពស់​នេះ ប្រជាកសិករ​ក៏បាន​សម្រុក​ធ្វើ​ស្រូវប្រាំង​លើស​ផែនការ​។​ពិតណាស់​នេះ​គឺជា​កិច្ច​ការល្អ​របស់​យើង ប៉ុន្តែ​យើង​មិនត្រូវ​មើល​តែ​ចំពោះមុខ​នោះទេ​»​។​


លោក​បាន​បន្តថា ៖ «​អ៊ីចឹង​បាន​កន្លងទៅ​មាន​គេ​សួរថា ហេតុអ្វី​បានជា​ខេត្ត​ខ្លះ ចេញ​ការណែនាំ​មិនឱ្យ​ប្រជាជន​ធ្វើ​ស្រូវប្រាំង​ជុំ​ទី​២? ទឹក​នៅក្នុង​អាង​របស់​យើង គឺ​ប្រើប្រាស់​សម្រាប់​ការធ្វើ​ស្រូវ និង​ប្រជាជន​ប្រើប្រាស់ អ៊ីចឹង​ការធានា​របស់​យើង​គឺ​ត្រូវ​គិត​នៅក្នុង​ផែនការ​ជាក់ស្តែង​។ ការជួយ​សង្គ្រោះ​របស់រ​ដ្ឋ​បាល​ខេត្ត​ជាច្រើន​បាន​ទាន់ពេលវេលា​»​។​

​ជាមួយគ្នា​នោះ​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ស្តុក​ទឹក​ក្នុង​រដូវវស្សា​សម្រាប់​ការប្រើប្រាស់ តែ​ក៏​ឃើញថា ទំហំ​ទឹក​គឺ​ធ្លាក់ចុះ​មួយចំនួន ហើយ​កន្លែង​ខ្លះ ធានាបាន​នូវ​ការដោះស្រាយ​បញ្ហា តែ​កន្លែង​ខ្លះ​អាជ្ញាធរខេត្ត​ក៏​ត្រូវដាក់​ម៉ាស៊ីនបូមទឹក​ជូន​ប្រជាពលរដ្ឋ​។​


លោក​បាន​បញ្ជាក់ថា​៖«​ក្នុង​ស្មារតី​នេះ គឺ​ខ្ញុំ​សូម​អរគុណ​ណាស់​ចំពោះ​អាជ្ញាធរខេត្ត ស្រុក​របស់​យើង ដែល​បាន​អន្តរាគមន៍​ទាន់ពេល​។​ប៉ុន្តែ​ការថែរក្សា​ទឹក​ទុក​ សម្រាប់​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​ក្នុង​រយៈពេល​វែង ជាពិសេស​ឆ្នាំ​ដែល​យើង​អាច​ព្យាករ​ការខ្វះខាត​ទឹក​នេះ គឺ​ទាមទារ​ឱ្យ​យើង​ធ្វើ​ផែនការ និង​ការអនុវត្ត​ជា​ជំហានៗ ដើម្បី​ធានា​ការដោះស្រាយ​ចំពោះមុខ និង​បម្រុង​ក្នុង​រយៈពេល​វែង​តទៅទៀត​។​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​កសិករ​រប​ស់​យើង សូម​ចូលរួម​នៅក្នុង​ការងារ​នេះ​»​។​

លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមទៀតថា វិស័យ​កសិកម្ម ជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ ដែល​ចូលរួមចំណែក​ក្នុង​ការធានា​សន្តិសុខ​ស្បៀង ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កាត់បន្ថយ​ភាពក្រីក្រ និង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ​។ 

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​និយាយថា គិត​ត្រឹម​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៤ ការដាំដុះ​ស្រូវប្រាំង​ទូទាំងប្រទេស​ជាង ​៧៤​ ម៉ឺន​ហិកតា ក្នុងពេលដែល​ក្រសួងកសិកម្ម​បានដាក់​នូវ​ផែនការ​ក្នុង​រង្វង់​ ៥០​ម៉ឺន​ហិកតា​ប៉ុណ្ណោះ ខណៈដែល​កន្លែង​ខ្លះ​កំពុងតែបន្ត​ដាំ​ដុះ​ទៀត​នៅឡើយ ដែលនាំឱ្យ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ក្នុងការ​ខ្វះខាត​ទឹក​នេះ​។​

​លោក​បាន​បញ្ជាក់ថា​៖«​កម្ពុជា មិន​ដែលមាន​ការដាំដុះ​ច្រើន​បែបនេះ​ទេ ដោយ​កន្លងមក​ការដាំដុះ​ស្រូវប្រាំង​មាន​ច្រើន​បំផុត​ ៦៦ ម៉ឺន​ហិកតា ​តែប៉ុណ្ណោះ តែ​ពេលនេះ ការដាំដុះ​កើន​ដល់​ ៧៥​ ម៉ឺន​ហិកតា ខណៈដែល​ការដាំដុះ​នៅតែ​បន្ត​នៅឡើយ ។

 ចុងក្រោយ​ការដាំដុះ​នឹង​បន្ត​កើនឡើង​ដល់ ​៨០​ ម៉ឺន​ហិកតា​។ ជាក់ស្តែង ខេត្តតាកែវ ផែន​ការដាំដុះ​ជាង ​៨ ​ម៉ឺន​ហិកតា តែ​ការ​ដុះ​បច្ចុប្បន្ន​បាន​កើន​ដល់​ជាង​ ១០ ​ម៉ឺន​ហិកតា ​ហើយ ប៉ុន្តែ​ក្រុមការងារ​បាន​ជួយ​ដោះស្រាយបាន​ច្រើន ដែល​ការប៉ះពាល់​មាន​តិចតួច​ក្នុង​ខ្ទង់រយ​ហិកតា​ប៉ុណ្ណោះ​»​។​

បែបនេះ​ក្តី លោក ចាន់ យុ​ត្ថា ថា បណ្តា​ខេត្ត​មួយចំនួន អាច​ប្រឈម​ការប៉ះពាល់​ធ្ងន់ធ្ងរ ដូចជា​ខេត្តពោធិ៍សាត់ បាត់ដំបង ដោយសារ​ខេត្ត​ទាំងនេះ បាន​ដាំ​ដុះ​លើស​ផែនការ​ ២ ​ដង ឬ​ច្រើនជាង​នេះ ហេតុនេះ​ស្ថានភាព​ប្រឈម​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត គឺ​មិន​ដូចគ្នា​។​បញ្ហា​នេះ​កើតឡើង​ក៏ដោយ​សារ​ការ​គួបផ្សំ​នឹង​បាតុភូត​អែល​នី​ណូ​ផង ដែល​បាន​ជះឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅក្នុង​ខែមេសា និង​ឧសភា ខាងមុខ គ្រោះរាំងស្ងួត និង​កម្តៅ​នឹង​កើនឡើង​ចន្លោះ​៣៩​ ទៅ ​៤៤​ អង្សា​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​៖«​ជា​វិធានការ យើង​នៅតែ​បន្ត​អន្តរាគមន៍​ជា​បន្តបន្ទាប់ ដោយ​តំបន់​ខ្លះ​ត្រូវ​បូមទឹក​ដាក់​២ និង​តំបន់​ខ្លះ​ឈានដល់​ ៤​ ដង ទើប​អាច​សង្គ្រោះ​ស្រូវ​ទាំង​នោះបាន​។​ជាមួយគ្នា​នោះដែរ មាន​ឃុំ​មួយចំនួន​នៅក្នុង​ខេត្តពោធិ៍សាត់ បាន​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​រួចទៅហើយ ទើប​ក្រុមការងារ​មន្ទីរ ត្រៀម​មធ្យោបាយ​ក្នុងការ​ដឹកជញ្ជូន​ទឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែរ​»​។​

​ជាមួយគ្នានេះដែរ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹង​ដែរ​ថា យោងតាម​របាយការណ៍​ពី​សភាពាណិជ្ជកម្ម​តាម​ខេត្ត ដែល​រាយការណ៍​មក ដោយសារ​តម្លៃ​ឡើងថ្លៃ ដែល​ធ្វើឱ្យ​កសិករ​បង្កើន​ការផលិត ដែល​ធ្វើឱ្យ​ផ្ទៃដី​ធ្វើស្រែ មាន​ទំហំ​លើស​បរិមាណ​ទឹក​ដែលមាន​។​

បែបនេះ​ក្តី​លោក​បាន​មើលឃើញថា នេះ​ឱកាសល្អ​ទៅវិញ ដោយ​លោក​បាន​បញ្ជាក់ថា​៖« វា​ជា​ឱកាសល្អ​មួយ​ដែរ ដែល​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​បន្ថែម ដោយនៅ​ក្នុងករណីនេះ បើសិនជា​ប្រជាជន​ផលិត​ស្រូវប្រាំង​កើនឡើង​បែបនេះ ក្នុង​បរិមាណ​លើស​ផែនការ​កំណត់​បែបនេះ តើ​គួរ​ត្រៀម​ទឹក​ដោយ​របៀប​ណា​? នេះហើយ​ជាការ​បង្កើន​លទ្ធភាព​ឱ្យ​ថា្នក់​ដឹកនាំ​រាជរដ្ឋាភិបាល សិក្សា​ពី​ធារាសាស្ត្រ​បន្ថែមទៀត​ ដើម្បី​ផ្គត់ផ្គង់​ទឹក​ពេល​រដូវប្រាំង​»​។​

​នាឱកាស​បិទ​សន្និបាត​នោះដែរ លោកនាយក​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​មួយចំនួន​ ដូចជាការជំរុញឱ្យ​ពង្រឹង​ទីផ្សារ​ចាស់ ពង្រីក​ទីផ្សារ​ថ្មីៗ តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​,​ការជំរុញ​ផ្សព្វផ្សាយ​ផលិតផល ​១​ ឬ​ ២​ មុខ​ឱ្យបាន​ទូលាយ និង​ច្បាស់លាស់ តាមរយៈ​ការសិក្សា​ទីផ្សារ​ឱ្យបាន​ច្បាស់លាស់​ប្រសើរ​ជាង​ការផ្សព្វផ្សាយ​ច្រើន​មុខ​ពេក​។ 

​ការជំរុញ​ឱ្យមាន​កិច្ចសហការ​រវាង​អន្តរ​ស្ថាប័ន និង​ត្រូវ​មានការ​ឯកភាពគ្នា​ជាមុនសិន មុននឹង​ការអនុវត្ត ជាពិសេស​ក្រសួងកសិកម្ម​ត្រូវ​បន្ត​អនុវត្ត​ជាមួយ​ក្រសួង​ស្ថាប័ន​ផ្សេងទៀត ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​បន្ថែមទៀត​, ការបន្ត​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យ​កសិកម្ម សម្រាប់​ការ​លើ​កម្ពស់​កំណើន​ប្រកបដោយ​ចីរភាព​និង​បរិ​យាប​ន្ន​,​ការបន្ត​ការអភិរក្ស​ធនធាន​ជលផល រួមមាន​ព្រៃ​លិច​ទឹក ព្រៃកោងកាង និង​ការអភិរក្ស​ត្រី​មេ​ពូជ សត្វ​ផ្សោត​ទន្លេមេគង្គ​,​ការលើកទឹកចិត្ត​ដល់​វិស័យ​ឯកជន វិនិយោគ​ក្នុងការ​កែច្នៃ​ផលិតផល​វារីវប្បកម្ម និង​កាត់បន្ថយ​ការ​នាំចូល​ជាដើម​៕