ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យអាជ្ញាធរទន្លេសាប និងស្ថាប័នពាក់ព័ន្ធ បន្តអនុវត្តការចុះបញ្ជីដីធ្លីនិងកំណត់ព្រំដែននៅតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប ប្រកបដោយសុក្រឹតភាព ចីរភាព និងបរិយាបន្ន ដើម្បីថែរក្សាព្រៃលិចទឹក ត្រី ជាពិសេសជីវៈចម្រុះ សម្រាប់ផលប្រយោជន៍រួម និងមនុស្សជំនាន់ក្រោយ។
លោកក៏បានបញ្ជា និងប្រកាសប្រើធម៌ក្តៅទាក់ទងនឹងដីអភិរក្សបឹងទន្លេសាប «តំបន់៣» ផងដែរ ដោយត្រូវអនុវត្តនូវអភិក្រមទាំង ៥ របស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ផងដែរ។ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២៤ លោក ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ ២០១១ អនុក្រឹត្យបានកំណត់ដីព្រៃលិចទឹកស្ថិតនៅក្នុងតំបន់ ៣ ឱ្យទៅជាតំបន់ការពារដាច់ខាត។ ប៉ុន្តែការកំណត់នោះកន្លងទៅ គឺមិនបានយកចំណុចដែលមានភូមិនៅទីនោះយូរពីមុនមក ទើបអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានគិតគូរនៅក្នុងការកែសម្រួលនៅក្នុងតំបន់នេះជាក់ស្តែង។
ក្នុងនោះ បានកែពីតំបន់ ៣ មួយចំនួន ទៅជាតំបន់ ២ ដែលប្រជាពលរដ្ឋមានសិទ្ធិបង្កបង្កើនផល អាស្រ័យផល និងកែពីតំបន់ ២ ទៅតំបន់ ១ ដែលជាតំបន់ប្រជាពលរដ្ឋអាចមានសិទ្ធិធ្វើកម្មសិទ្ធិលំនៅឋាន។
យ៉ាងណាក្តី លោកហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ក្រោយពីបទដ្ឋាននិងការវិវត្តនេះ គឺមានករណីការរំលោភបំពានធ្ងន់ធ្ងរនៅឆ្នាំ ២០២១ និងឆ្នាំ ២០២២ ហើយសម្តេចតេជោ (ហ៊ុន សែន) បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងនៅក្នុងការកំណត់ភូមិសាស្ត្រផ្អែកទៅលើស្ថានភាពជាក់ស្តែង ព្រោះយើងត្រូវមានសុខដុមនីយកម្មរវាងបរិស្ថាន និងមនុស្ស»។
ការកំណត់ត្រូវធានាទាំងមនុស្សក៏បានផល និងបរិស្ថានចាំបាច់ក៏ត្រូវការពារ ហើយបរិស្ថានទន្លេសាប គឺដើម្បីមនុស្ស ហើយការថែរក្សាព្រៃលិចទឹកជាជម្រកត្រីពង បើត្រីខ្សត់នោះនឹងទិញត្រីចូល ហើយឆ្នាំនេះឃើញផលត្រីកើនឡើងល្អ។
លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ គឺនឹងបន្តកិច្ចការងារនេះគឺត្រូវធ្វើឱ្យចប់ដោយសុក្រឹតភាព និងប្រសិទ្ធភាពតាមគោលការណ៍ដែលបានដាក់ចេញ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ពិតណាស់ក្រសួងកសិកម្មមិនពាក់ព័ន្ធផ្ទាល់ប៉ុន្មានទេ ពាក់ព័ន្ធអាជ្ញាធរទន្លេសាប អាជ្ញាធរមូលដ្ឋានផ្សេងៗ ប៉ុន្តែកសិកម្មក៏ពាក់ព័ន្ធរឿងមច្ឆា ហើយអាជ្ញាធរដែលទទួលខុសត្រូវគឺអាជ្ញាធរទន្លេសាប»។
លោកបន្តថា ការងារនេះត្រូវបានបែងចែកជា ២ គឺការងារចំពោះមុខ និងការងាររយៈពេលវែង ដោយការងារចំពោះមុខត្រូវបញ្ចប់ការងារនេះដោយសុក្រឹតភាព ប្រសិទ្ធភាពតាមរយៈការចុះបញ្ជីដីឱ្យបានច្បាស់លាស់ត្រឹមត្រូវ។ បើតាមលោកនាយករដ្ឋមន្ត្រី កិច្ចការងារនេះ មាន ៣ ជំហាន ដោយជំហានទី ១ ត្រូវធ្វើបន្តគឺការចុះបញ្ជីដីទាំងអស់ឱ្យបានត្រឹមត្រូវហើយចុះបញ្ជីជាប្រព័ន្ធដើម្បីកុំឱ្យពិបាកទៅថ្ងៃក្រោយ ហើយកិច្ចការងារនេះដើម្បីធានាសង្គតិភាព។
លោកថា៖ «ខ្ញុំបានប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានអាជ្ញាធរទន្លេសាប ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរមូលដ្ឋានរាជធានី-ខេត្ត។ ជំហានទី២ ក្រោយពីការចុះបញ្ជីដីសព្វគ្រប់ គឺឱ្យអាជ្ញាធរទន្លេសាប រៀបចំគូសផែនទី និងបោះបង្គោលឡើងវិញ ព្រោះកាលយើងបោះបង្គោលឆ្នាំ ២០១១ ដោយទាំងភូមិ អ៊ីចឹង!ត្រូវគូសផែនទី កំណត់ព្រំឡើងវិញទាំងអស់»។
សម្រាប់ជំហានទី៣ គឺការងារអចិន្រៃ្តយ៍ដែលត្រូវថែរក្សា គ្រប់គ្រងឱ្យបានល្អ ដូច្នេះអាជ្ញាធរទន្លេសាប ដែលមានហើយត្រូវពង្រឹងយន្តការនេះ ដើម្បីធានាការដឹកនាំសម្របសម្រួលគ្រប់គ្រងបឹងទន្លេសាបដោយមានស្ថាប័ននិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
លោកបានសង្កត់ធ្ងន់ថា៖ «ព្រោះការថែរក្សាតំបន់ព្រៃលិចទឹកបឹងទន្លេសាប មិនមែនការពារផលប្រយោជន៍បុគ្គល ឬមួយផលប្រយោជន៍នរណាសម្រាប់រយៈពេលខ្លីនោះទេ គឺផលប្រយោជន៍សម្រាប់ជាតិយើងរយៈពេលវែង អ៊ីចឹង! ការការពារជារឿងសំខាន់ដែលត្រូវធ្វើ»។
លោកថា ប្រសិទ្ធភាពគឺការពារឱ្យបានជាដាច់ខាតនូវតំបន់បឹងទន្លេសាបដែលជាទ្រព្យសម្បត្តិរួមរបស់ជាតិដែលកិច្ចការងារនេះ អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដីនិងកងកម្លាំងសមត្ថកិច្ចត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់ ជាពិសេសពាក់ព័ន្ធការទន្ទ្រានព្រៃទឹកសាប។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ការអភិវឌ្ឍ យើងមានដីច្រើនណាស់ត្រូវអភិវឌ្ឍកុំប៉ះអាហ្នឹង (ព្រៃលិចទឹក) ទុកឱ្យកូនចៅយើង ប្រទេសយើងនៅមានបឹងទន្លេសាបធំជាងគេ ហើយថ្ងៃក្រោយរកលទ្ធភាពស្តារវាកុំឱ្យកក ព្រោះបើយើងឈូសយកព្រៃលិចទឹក បាត់ជីវៈចម្រុះ ហើយគម្របដីថ្ងៃក្រោយធ្វើឱ្យកាន់តែរីង សំណើមកាន់តែថយ។ ចំណេញ ១ ពាន់គ្រួសារ ចំណេញម្ចាស់ដី ប៉ុន្តែខាត ១ ប្រទេស»។
ជាមួយគ្នានេះលោកបានស្នើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ១ និងតំបន់ ២ ប្រើប្រាស់ និងអាស្រ័យផលព្រៃលិចទឹក ប្រកបដោយការទទួលខុសត្រូវ និងចូលរួមការពារព្រៃលិចទឹក។
លោកថា៖ «ការកំណត់ដីអភិរក្សបឹងទន្លេសាប ត្រូវធានាឱ្យបានសុក្រឹតភាព ចីរភាព និងប្រសិទ្ធភាព ហើយដីអភិរក្សបឹងទន្លេសាបត្រូវការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាបជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ»។ ជាមួយគ្នានោះ លោកក៏បានបញ្ជាឱ្យអាជ្ញាធរខេត្ត និងស្រុកនៅជុំវិញបឹងទន្លេសាប ត្រូវបំពេញតួនាទីស្នូលក្នុងកិច្ចការពារដីបឹងទន្លេសាប។
លោកសង្កត់ធ្ងន់ថា៖ «សូមអភិបាលខេត្តជាប់បឹងទន្លេសាបទាំង ៦ ត្រូវចូលរួមការពារឱ្យបានដីអភិរក្សបឹងទន្លេសាបតំបន់ ៣។ ខ្ញុំមិនសូវចេះមាត់ទេ តែដៃសម្តេចចេះស៊ីញ៉េ។ អ៊ីចឹង គ្មានផលប្រយោជន៍ណាធំជាងការថែរក្សាការពារផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយនោះទេ»។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីក្នុងការចាត់វិធានការទៅលើអ្នកដែលទន្ទ្រានដីនៅតាម បឹងទន្លេសាប។
លោកថ្លែងថា ការទន្ទ្រានដីនៅបឹងទន្លេសាបនេះគឺមានរាប់ម៉ឺនរាប់ពាន់ហិកតា ហើយអ្នកដែលទន្ទ្រានយកដីនោះគឺសុទ្ធសឹងតែអ្នកដែលមានលទ្ធភាពទាំងលុយកាក់ ទាំងស័ក្តិយសធំៗ ដែលសកម្មភាពនេះប្រជាពលរដ្ឋធម្មតាមិនហ៊ានធ្វើក្នុងទ្រង់ទ្រាយធំនោះទេ។
លោកបានថ្លែងថា៖ «អ៊ីចឹង ការប្រកាសក្នុងការប្រើប្រាស់នូវអភិក្រមទាំង ៥ ក៏ដូចជាចំណាត់ការផ្សេងៗលើការទន្ទ្រានដីបឹងទន្លេសាបនេះ ប្រសិនបើបានពិតប្រាកដមែននោះ គឺនឹងបានជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋដែលអាចរក្សាបាននូវធនធានជលផល ហើយមួយទៀតរក្សាបាននូវបឹងទន្លេសាបដែលជាបឹងធម្មជាតិធំជាងគេសម្រាប់ជាតិទាំងមូលដែលវាមានគុណប្រយោជន៍ច្រើនយ៉ាងទាំងធនធានទឹក ធនធានជលផលនិងជីវៈចម្រុះផ្សេងៗ»។
លោក យង់ ពៅ ថា រដ្ឋាភិបាលត្រូវតែមានឆន្ទៈមោះមុត ក្នុងការការពារបឹងទន្លេសាបនេះឱ្យបានគង់វង្ស។ សូមជម្រាបថា ខេត្តចំនួន ៦ ដែលនៅជាប់បឹងទន្លេសាបមានខេត្តកំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ៕