​ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ លោក សុខ ចិន្តា​សោភា បាន​កោតសរសើរ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​សមាជិក​អាស៊ាន​ក្នុងការ​បញ្ចប់សេចក្ដី​សម្រេចចិត្ត​​ ២ ​​ឆ្នាំ​ម្តង​ស្ដីពី ​«​សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​»​។​


​លោក​លើកឡើង​ដូចនេះ​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ថ្ងៃទី​ ៣០ ខែ​​មករា ស្តីពី ​«​លទ្ធផល​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អា​ស៊ាន នៅ​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​ ២០២៤ នាទី​ក្រុង​ហ្លួងព្រះបាង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​»​។

សេចក្តីប្រកាស​ព័ត៌មាន​បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​សម្តែង​ការគាំទ្រ​ចំពោះ​អាទិភាព​របស់​ឡាវ ក្នុងនាម​ជា​ប្រធាន អាស៊ាន​ឆ្នាំ​ ២០២៤ ក្រោម​មូលបទ «​អាស៊ាន​៖ ការពង្រឹង​ការតភ្ជាប់ និង​ភាព​ធន់​»​។​


​ចំពោះ «​ការពង្រឹង​ការតភ្ជាប់​»​ មាន​អា​​ទិ​ភាព​ចំនួន​ ៤​ ពោលគឺ​៖ សមា​​ហ​រណកម្ម និង​ការតភ្ជាប់​សេដ្ឋកិច្ច ការបង្កើត​អនាគត​រួម​ប្រកបដោយ​បរិ​យាប​ន្ន និង​ចីរភាព​, ការផ្លាស់​​ប្ដូរ​ទៅរក​អនាគត​ឌីជីថល និង​ការលើកកម្ពស់​តួនាទី​វប្បធម៌ និង​សិល្បៈ​អាស៊ាន​ដើម្បី​ឱ្យមាន​បរិ​យាប​ន្ន និង​ចីរភាព​។​

​ប្រភព​ដដែល​បន្តថា ចំពោះ​ការពង្រឹង ភាព​ធន់ មាន​អាទិភាព​ចំនួន ​៥​ ពោលគឺ​៖ ការបង្កើត​ផែន​​ការ​យុទ្ធសាស្ត្រ​ដើម្បី​អនុវត្ត​ចក្ខុ​វិស័យ សហគមន៍​អាស៊ាន​ឆ្នាំ​ ២០៤៥, ការលើកកម្ពស់​ម​ជ្ឈ​ភាព​អាស៊ាន​, ការលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​, លើ​ផ្នែក​បរិស្ថាន ការលើកកម្ពស់​តួនាទី​ស្ត្រី និង​កុមារ​ឆ្ពោះទៅរក​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុង​អាស៊ាន និង​ការពង្រឹង​ភាព​ធន់ នៃ​ការអភិវឌ្ឍ​សុខាភិបាល​អាស៊ាន​ក្នុង​បរិបទ​ថ្មី​។​


​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​នេះដែរ​លោក សុខ ចិន្តា​សោភា ក៏បាន​ថ្លែង​ដោយ​កោតសរសើរ ពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​ប្រ​ទេស​សមាជិក​អាស៊ាន​ក្នុងការ​បញ្ចប់សេចក្ដី​សម្រេចចិត្ត​ ២​ ឆ្នាំ​ម្តង ស្ដីពី​សន្ធិសញ្ញា​តំបន់​អាស៊ី​ អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ដែល​ឈានទៅដល់​ការអនុម័ត​សេចក្ដីសម្រេចចិត្ត​នេះ ដោយ​គណៈកម្មាធិការ​ទី​ ១ នៃ​សម័យប្រជុំ​លើក​ទី ៧៨ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ 

​លោក​បញ្ជាក់​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖ «​ការណ៍​នេះ​បញ្ជាក់​សាជាថ្មី​អំពី​សារៈសំខាន់​ដែល​អាស៊ាន​ផ្តោតទៅលើ​ការមិន​រីក​​សាយភាយ និង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​»​។ ជាងនេះទៅទៀត លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក៏បាន​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព​វិជ្ជមាន ក្នុងការ​អនុវត្ត​ផែនទី​បង្ហាញផ្លូវ​ផ្អែកលើ​លក្ខណវិនិច្ឆ័យ​អ​ព្យា​ក្រឹត្យ​សម្រាប់​ការចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​របស់​ទី​ម័​រ​ឡេ​ស្តេ​ហើយក៏​បានបង្ហាញ​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុងការ​គាំទ្រ​ដល់ទី​ម័​រ​ឡេ​ស្តេ​បន្ថែមទៀត ក្នុង​ការកសាង​សមត្ថភាព និង​ការ​​ចូលរួម​ក្នុង​កិច្ចប្រជុំ និង​សកម្ម​ភាព​នានា​របស់​អាស៊ាន​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់ និង​អន្តរជាតិ​វិញ លោក​បាន​បញ្ជាក់ថា​៖ «​ការកើនឡើង​នៃ​ការប្រកួត​​ប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​ភូមិសាស្ត្រ​សេដ្ឋកិច្ច​រវាង​មហាអំណាច​នានា បន្ថែម​ទៅលើ​បញ្ហា​ប្រឈម​ដែល​កំពុង​រ៉ាំរ៉ៃ​និង​ជាន់គ្នា បាន​បង្ក​ជា​កង្វល់ និង​ក្តីបារម្ភ​សម្រាប់​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​»​។​

​នៅក្នុង​បរិបទ​នេះ លោក​ សុខ ចិន្តា​សោភា បានបញ្ជាក់​សាជាថ្មី ពី​សារៈសំខាន់​នៃ​ការពង្រឹង​ម​ជ្ឈ​ភាព​អា​ស៊ាន​បន្ថែមទៀត និង​ការប្រើប្រាស់​យន្តការ​ដឹក​នាំ​ដោយ អាស៊ាន ដើម្បី​កសាង​ទំនុកចិត្ត​យុទ្ធ​សា​​ស្ត្រ និង​ធ្វើឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​អាស៊ាន និង​ដៃគូ​កាន់​តែ​ស៊ីជម្រៅ​ដើម្បី​រក្សា និង​លើកតម្កើង​សន្តិភាព ស្ថិរភាព និង​វិបុល​​ភាព​ក្នុង និង​ក្រៅ​តំបន់​។​

​លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា ការ​សាទរ​គឺជា​ជំហរ​គោល​នយោបាយ​ការបរទេស​កម្ពុជា​ដូច​មានកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ដោយ​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​ការផលិត ការ​ចរាចរ ឬ​រក្សាទុក​អាវុធ​បរមាណូ អាវុធ​នុយក្លេ​អ៊ែរ​គ្រប់​ប្រភេទ​ឡើយ​។​

​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ទៅលើ​ការមិន​រីកសាយ​ភាយ​អា​​វុ​ធនុ​យ​ក្លេរ​អ៊ែរ​នៅក្នុង​តំបន់​ក៏​ដូច​ជា​ពិភពលោក ហើយ​កម្ពុជា​គឺជា​រដ្ឋ​ភាគី​ក្នុង​ស​ន្និ​សញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ក៏ដូចជា​រដ្ឋ​ភាគី​នៃ​សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយ​ក្លេ​​អ៊ែរ​។

លោក ​គិ​ន ភា បញ្ជាក់ថា​៖ «​កម្ពុជា​តែងតែ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​បណ្តា​ប្រទេស​ទាំងអស់​រួមគ្នា​លុបបំបាត់​ការប្រកួតប្រជែង ឬ​រត់ប្រណាំង​អាវុធ​នុយក្លេអ៊ែរ ក៏ដូចជា​យុទ្ធភណ្ឌ​ផ្សេងៗ​ទៀត ដែល​កម្ពុជា​យើង​ក៏​ជា​ប្រទេស​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ស្តីពី​មីន​ផង​​ដែរ​ដែល​ប្រទេស​យើង​ធ្លា​ប់រង​គ្រោះ​ដោយ​សង្គ្រាមរ៉ាំរ៉ៃ​ដែរ​»​។​

​លោក​បន្តថា កម្ពុជា​សកម្ម​ក្នុងការ​ទប់ស្កាត់​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ក៏ដូចជា​មីន​ជា​ដើម ហើយ​កម្ពុជា​បានរួម​ចំណែក​ក្នុង​ក្របខ័ណ្ឌ​នៃ​បេសកកម្ម​អង្គ​ការ​សហប្រជាជាតិ​ជួយ​បោស​សម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅតាម​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា នៅអាហ្រ្វិក និង​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​។​

​លទ្ធផល​នៃ​កិច្ចប្រជុំ​ចង្អៀត​នេះ ក៏បាន​លើកឡើង​ឱ្យដឹង​ដែរ​ថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ពិភាក្សា​ពី​មាគ៌ា​ទៅមុខ​ដើម្បី​ជំរុញ​ការកសាង​សហគមន៍​អា​ស៊ាន​បន្ថែមទៀត និង​បាន​កោត​​សរសើរ​ចំពោះ​វឌ្ឍនភាព​ដ៏​ល្អ​ក្នុងការ​សម្រេចបាន​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​​ ២០២៥​​ ផងដែរ​។ ក្នុងនោះ​ការសម្រេចបាន​រួមមាន​សកម្មភាព ៩៩% នៃ​ផែនការ​លម្អិត​សហគមន៍​សន្តិ​សុខ និង​នយោបាយ​អាស៊ាន​, សកម្មភាព​ ៩២% នៃ​ផែនការ​លម្អិត​សហគមន៍​សេដ្ឋកិច្ច និង​សកម្មភាព​ ៩៧% នៃ​ផែនការ​លម្អិត​សហគមន៍​សង្គម​​វប្បធម៌ ត្រូវបាន​បញ្ចប់​ឬ​កំពុងដំណើរការ​។​

​ចំពោះ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​ ២០៤៥ លោក​រដ្ឋមន្ត្រី​ការបរទេស​បាន​ផ្តោត​សារៈសំខាន់​លើ​ការប្រើប្រាស់​វិធីសាស្ត្រ​ប្រកប​ដោយ​បរិ​យាប​ន្ន និង​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​បណ្តា​ភាគី​ពាក់​ព័ន្ធ​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​នៃ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​ ២០៤៥ ក្រោម​ការដឹកនាំ​របស់​សហប្រធាន​ឡាវ និង​ម៉ាឡេស៊ី ដែលជា​សហប្រធាន​អម​អចិ​ន្រៃ្ត​យ៍​ខ្ពស់​ក្នុង​គោលបំណង​អនុម័ត​ឯកសារ​ទាំង​ ២​ នេះ​ជា​កញ្ចប់​នៅ​ឆ្នាំក្រោយ​។​

​ចំពោះ​បញ្ហា​មី​យ៉ាន់​ម៉ា លោក សុខ ចិន្តា​សោភា បាន​ស្វាគមន៍​ការតែងតាំង​លោក អា​លួ​ន​កែវ កិត្តិ​ឃួន ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​បញ្ហា​មីយ៉ាន់​ម៉ា​សម្រាប់​ឆ្នាំ​ ២០២៤ និង​គំនិត​ផ្ដួចផ្ដើម​គន្លឹះ​របស់​ឡាវ​ក្នុងការ​សម្រប​សម្រួលកា​រ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​។​

​ក្នុងន័យនេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ក៏បាន​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​របស់​ថៃ និង​មី​យ៉ាន់​ម៉ា ក្នុងការ​បង្កើន​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែល​រង​ផលប៉ះពាល់​នៅតាម​តំបន់​ព្រំដែន​ដោយមាន​មជ្ឈមណ្ឌល​អាស៊ាន​ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះ​​មហន្តរាយ (​មជ្ឈមណ្ឌល AHA) ចូលរួម​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​៕​