​ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​ថ្លែងថា ក្នុង​ឆ្នាំ​ ២០២៣​ កន្លងទៅ វិស័យ​កសិកម្ម​នៅតែ​រក្សាបាន​ការរួម​ចំណែក​ក្នុង​រង្វង់ ​២២​ ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក​ បើទោះបី​ទទួលរង​ផលប៉ះពាល់​ពី​គ្រោះ​ធម្មជាតិ ការប្រែប្រួល​អាកាស​​ធាតុ និង​វិបត្តិ​សកល​ក៏ដោយ​។​


​នា​ពិធី​សន្និបាត​បូកសរុប​ការ​ងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ​ឆ្នាំ ​២០២៣ និង​លើក​ទិស​​ដៅ​ការងារ​ឆ្នាំ​ ២០២៤ នៅ​ថ្ងៃទី​ ៣០ ខែមករា លោក ឌិ​ត ទីណា បាន​លើកឡើងថា វិស័យ​កសិកម្ម​នៅតែ​បន្ត​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ធានា​សន្តិសុខ​ស្បៀង លើកស្ទួយ​សេដ្ឋកិច្ច​គ្រួ​សារ​កសិករ និង​អ្នក​ទទួលទាន​នៅ​ទូទាំងប្រទេស និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​។ 

​លោក​បន្ថែមថា ក្នុង​រយៈពេល​ពេញ ១ ​ឆ្នាំ​កន្លងទៅនេះ ស្របតាម​យុទ្ធ​សាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ជាពិសេស កម្មវិធី​គោលនយោបាយ​អាទិ​​ភាព​ទី៥ និង​ទី​៦ ​របស់​រាជ​រដ្ឋា​ភិ​បាល ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំង​អស់នៃ​ក្រសួងកសិកម្ម បាន​រួមគ្នា​អនុវត្ត​ផែនការ និង​សកម្ម​ភាព​ការងារ​ដែល​បានគ្រោង​ទុក និង​បាន​ជំរុញ​អនុវត្ត​វិធានការ​ចាំបាច់​បន្ទាន់​មួយចំនួន​ថែមទៀត ប្រកបដោយ​ស្មារតី​ទទួលខុស​ត្រូវ​ខ្ពស់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ប្រជាកសិករ​ឱ្យបាន​ទាន់ពេលវេលា​។​


លោក​បន្តថា ការអនុវត្ត​ផែន​ការ​នេះ ក៏​ដើម្បី​បង្កើនល្បឿន​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ឱ្យ​ក្លាយទៅជា​កម្លាំងចលក​រ​ដ៏​រឹងមាំ ​ដើម្បី​ធានា​សន្តិសុខ​ស្បៀង​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​កសិករ និង​អ្នក​​ទទួលទាន​នៅ​ទូទាំងប្រទេស និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ដោយ​រក្សា​តុល្យភាព​រវាង​ការអភិរក្ស និង​ការអភិវឌ្ឍ​ដើម្បី​ធានា​និរន្តរ​ភាព បរិស្ថាន​កសិកម្ម និង​សេដ្ឋ​កិច្ច​។

ទោះជា​យ៉ាងណា​ទន្ទឹមនឹង​សមិទ្ធផល​ជាច្រើន​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ ២០២៣  លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​នៅក្នុង​វិស័យ​កសិកម្ម​ដែល​ទាមទារ​ឱ្យមាន​ការ​​ចូលរួម​សហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​ធ្វើការ​ដោះស្រាយ​ឱ្យបាន​ទូលំទូលាយ ទាន់ពេល​វេលា និង​មាន​ប្រសិទ្ធភាព​ផងដែរ​។​


​លោក​ថា​៖ «​បញ្ហា​ប្រឈម​មានដូចជា​ថ្លៃដើម​ផលិតកម្ម​ខ្ពស់​,​ ហេ​​ដ្ឋា​រចនាសម្ព័ន្ធ​គាំទ្រ​ផលិតកម្ម​នៅមានកម្រិត ដូចជា​កង្វះ​ផ្ទះ​សំ​ណា​ញ់ ប្រព័ន្ធ​ស្រោចស្រព​ដែល​ចំណាយ​ទាប ឡស​ម្ងួ​ត ឃ្លាំង​ស្តុក ទូ​ត្រជាក់ និង​ហេដ្ឋារចនាសម្ព័ន្ធ​កែច្នៃ និង​បញ្ហា​ប្រឈម​មួយទៀត​គឺ​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិផល​គន្លឹះ​នៅ​មិនទាន់​ត្រូវបាន​ជំរុញ​ឱ្យអស់​សក្តានុពល​»​។​

​លោក ​ឌិ​ត ទីណា​ បញ្ជាក់ទៀតថា ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ទាំងនេះ​ក្រសួង​បា​នស​ម្រ​ចប​ន្ត​ជំរុញ​អនុវត្ត​ទស្សន​ទាន​សំខាន់​ ២ គឺ​ការធានា​សន្តិ​សុខ​ស្បៀង និង​និរន្តរភាព​។ ​គោលដៅ​អាទិភាព​ដែល​ក្រសួង​ត្រូវ​បន្ត​ជំរុញ​អនុវត្ត គឺ​ការជំរុញ​បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ផលិតកម្ម​, ការរក្សា​ស្ថិរភាព​ថ្លៃ​កសិផល​គន្លឹះ​, ការកាត់បន្ថយ​ថ្លៃដើម​ផលិត​តាមរយៈ​ការបង្កើត​សហគមន៍​កសិកម្ម​ទំនើប​, ការ​ដាក់ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ ដើម្បី​ប្រមូល​ព័ត៌មាន និង​ដោះ​​ស្រាយ​បញ្ហា​ប្រឈម​ជូន​កសិករ​បាន​ទាន់ពេលវេលា និង​ការបង្កើន​តម្លៃបន្ថែម​នៃ​កសិផល​គន្លឹះ ឬ​ប្រណីត​សម្រាប់​ការនាំចេញ ដើម្បី​បង្កើន​ប្រាក់ចំណូល ដល់​កសិករ និង​អ្នកចូលរួម​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​នៃ​ផលិតផល​កសិកម្ម​ទាំងមូល​។​

​ជុំវិញ​បញ្ហា​នេះ​លោក​ ហុង វណ្ណៈ​ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា ជាការ​កត់សម្គាល់ វិស័យ​កសិកម្ម​នៅ​តែ​ជា​កម្លាំងចលករ​មួយ​ដ៏​សំខាន់​ក្នុង​ការចូល រួមចំណែក​កំណើន​សេដ្ឋកិច្ចជាតិ ខណៈដែល​ផលិត​​ផល​កសិកម្ម​បាន​ដើរតួនាទី ក្នុងការ​បំពេញ​សេច​ក្តី្ត​ត្រូវការ​ក្នុងស្រុក និង​បម្រើឱ្យ​ការនាំចេញ ដែល​ត្រូវ​បន្ត​ជំរុញ​អភិវឌ្ឍ​ឱ្យបាន​ខ្លាំងក្លា​បន្ថែមទៀត​។ 

​លោក​ថ្លែងថា​៖ ​​«​ប្រសិន​ណា យើង​បន្ត​គិត​​គូរ​ចាត់ចែង ដោយ​បង្កើន​ផលិត​កម្ម​លើ​វិស័យ​កសិកម្ម​ទាំង​ការ​ដាំ​ដុះ និង​ការចិញ្ចឹម​ត្រី សត្វ​ទាំង​​នោះ​ឱ្យ​កាន់តែ​ទំនើប ដើម្បី​ឆ្លើយ​តប​ទៅនឹង​បច្ចេកវិទ្យា​វៃឆ្លាត​ខាង​ផ្នែក​កសិកម្ម នោះ​កាន់តែ​ប្រសើរ​។ វា​ក៏​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ផងដែរ​ដែល​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព​សកលលោក​នាពេល​បច្ចុប្បន្ននេះ​»​។​

​បើតាម​ក្រសួងកសិកម្ម ការចូល​​រួមចំណែក​របស់​អនុវិស័យ​នានា ក្នុង​វិស័យ​កសិកម្ម រួមមាន​ផ្នែក​ដំណាំ​បាន​ចូលរួមចំណែក​ប្រមាណ ៥៧,១​ ភាគរយ​, ផ្នែក​ផលិតកម្ម​សត្វ ១១,២​ ភាគរយ​, ផ្នែក​ជល​​ផល ២៤,៨ ​ភាគរយ និង​ផ្នែក​ព្រៃឈើ ៧ ​ភាគរយ​។ 

​ជាការ​កត់​សម្គាល់ ផ្នែក​ដំណាំ និង​ជលផល គឺជា​កម្លាំងចលករ​នាំមុខ និង​ចូល​​រួមចំណែក​ច្រើនជាង​ផ្នែក​ផ្សេងៗ​ក្នុង​វិស័យ​កសិកម្ម​ខណៈដែល​ផលិតកម្ម​សត្វ​ដើរតួនាទី​ផ្គត់ផ្គង់​តម្រូវការ​សាច់​ក្នុងស្រុក និង​បម្រើឱ្យ​ការនាំចេញ ដែល​ត្រូវ​បន្ត​ជំរុញ​អភិវឌ្ឍ​ឱ្យបាន​ខ្លាំងក្លា​បន្ថែមទៀត​។ ក្រសួងកសិកម្ម​ក៏មាន​គោលដៅ​សម្រេច​ផលិត​កម្ម​ដំណាំ​គ្រប់​ប្រភេទ​ឱ្យបាន​ចំនួន ៣៧,២១​ លាន​តោន ផលិត​​ផលដំណាំ​កសិកម្ម​នាំចេញ​ចំនួន ១០,២៤ ​លាន​តោន និង​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ទំនើប​ចំនួន ២ ​សហគមន៍​៕