​ភ្នំពេញៈ អាជ្ញាធរ​ដែនដី អង្គការ សិស្សានុសិស្ស រួម​នឹង​ប្រជាពលរដ្ឋ​ជាង ​១ ​ពាន់​នាក់ បានរួម​គ្នា​ធ្វើ​យុទ្ធនាការ​សម្អាត​បរិស្ថាន​ប្រមូល​សំណល់​ប្លា​ស្ទិ​ក នា​រដូវ​ទឹកសម្រក​នៅ​បឹង​ទន្លេ​សាប​ប្រចាំឆ្នាំ ក្រោម​ប្រធាន​បទ «​សហគមន៍ យើង​ស្អាត ទន្លេសាប​បៃតង​ស្អាត ដោយ​គ្មាន​ប្លា​ស្ទិ​ក​»​។​


​យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​នា​រដូវ​ទឹកសម្រក​បឹង​ទន្លេសាប​ប្រចាំឆ្នាំ​ ២០២៤ ​នេះ បាន​ប្រារព្ធ​ធ្វើ​នៅ​សហគមន៍​ទេស​​ចរណ៍​កំពង់​ឃ្លាំង ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី ២៧ ខែមករា ឆ្នាំ​ ២០២៤ ដោយ​ចលនា​យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​នេះ នឹង​បន្តសកម្មភាព​សម្អាតរ​ហូត​រយៈពេល ​៦ ​ខែ នៅ​គ្រប់​សហគមន៍​។​

​ប្រធាន​ក្រុមប្រឹក្សាឃុំ​កំពង់​​ឃ្លាំង ខេត្តសៀមរាប លោក ប៉ា ប៉ូរ បានឱ្យដឹងថា យុទ្ធនាការ​ប្រមូល​សំរាម​នៅ​រដូវ​ទឹកសម្រក​នេះ ក្នុង​គោលបំណង​ពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​បាន​យល់ដឹង​ពី​ការ​សម្អាត​បរិស្ថាន ខណៈ​កន្លង​​មក​ពលរដ្ឋ​នៅតែ​បោះចោល​សំរាម​ពាសវាល​ពាសកាល ទោះបី​អាជ្ញាធរ​បាន​ចុះ​អប់រំ​ជាច្រើនលើក​ក៏ដោយ​។​


​លោក​បាន​ថ្លែងថា​៖ «​ត្រី​រស់​នៅក្នុង​ទឹក ហើយ​នៅពេល​មាន​ប្លា​ស្ទិ​ក​ក្នុង​ទឹកនឹង​បង្ក​ផលប៉ះពាល់​ដល់​ជីវចម្រុះ ដែល​នឹង​ធ្វើឱ្យ​ហិនហោច​ធនធានធម្មជាតិ ព្រោះ​យើង​ដឹង​ស្រាប់​ហើយ​ថា តំបន់​យើង​នេះ អ្នក​ដែលមាន​មុខរបរ​នេសាទ​ដែល​ពឹង​ផ្អែកទៅលើ​ធនធាន​ត្រី ៨៥ ​ភាគរយ​»​។​

​លោក ប៉ា ប៉ូរ ក៏បាន​សម្តែង​ការព្រួយបារម្ភ ចំពោះ​ការ​បាត់បង់​ធនធាន​មច្ឆា ដែលជា​បញ្ហា​មួយ​ប្រឈម​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​សម្រាប់​គ្រួសារ​នីមួយៗ​ដែល​រស់នៅ​ជុំវិញ​​បឹង​ទន្លេសាប​។


​លោក​ថា​៖ «​ដូច្នេះហើយ​បានជា​គ្រប់​អង្គភាព​ទាំងអស់ ជា​​ពិសេស​រាជរដ្ឋាភិបាល​បានដាក់​ចេញ​គោលការណ៍​ដើម្បី​សម្អាត​បរិស្ថាន​នៅ​ជុំវិញ​បឹង​ទន្លេសាប​នេះ​»​។​

​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី​បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ឆ្នាំនេះ​លោក​បាន​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់ និង​វិស័យ​ឯកជន​នានា ដើម្បី​ជំរុញឱ្យមាន​សកម្មភាព​ជាប់លាប់​ទៅលើ​ការងារ​សម្អាត​បរិស្ថាន ជាពិសេស​នោះ​គឺ​ប្លា​ស្ទិ​ក​នៅតាម​ដង​ទន្លេ ដោយ​ចាប់ផ្តើម​ពី​ចុង​ខែម​ករានេះ​តទៅ​។ តាម​​រយៈ​យុទ្ធនាការ​នេះដែរ ក៏មាន​ចលនា​ចុះ​អប់រំ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​បង្កើន​ការយល់ដឹង​ពី​បរិស្ថាន និង​សុខភាព ដើម្បីឱ្យ​ពលរដ្ឋ​ប្រមូល និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។​

​លោក ស៊ា សុផល បាន​បញ្ជាក់ថា​៖ «​ធម្មតា​ទន្លេសាប មាន​ខែ​គោក​ ៦ ​ខែ និង​លិច​ទឹក​ ៦ ​ខែ អ៊ីចឹងៗ​ទឹកនឹង​ស្រក​រហូតដល់​ខែមិថុនា ទើប​មាន​ភ្លៀង​មកវិញ ដូច្នេះ​យើង​ចាប់ផ្តើម​សម្អាត​រៀងរាល់ខែ ឬ​រៀង​រាល់ពេល​ទឹក​ចាប់ផ្តើម​ស្រក​ទៅតាម​ស្ថានភាព​របស់​ភូមិសាស្ត្រ​នីមួយៗ​»​។

​សូម​ជម្រាប​ដែរ​ថា ចលនា​យុទ្ធនាការ​សម្អាត​បរិស្ថាន​នា​រដូវ​ទឹកសម្រក​នៅ​បឹង​ទន្លេ​​សាប​ប្រចាំឆ្នាំ​ ២០២៤​ នេះ នឹង​បន្តសកម្មភាព​សម្អាតរ​យៈ​ពេល​ ៦ ​ខែ នៅ​គ្រប់​សហគមន៍ នានា​ជាប់​មាត់បឹង​ទន្លេសាប​។ ក្នុងនោះ​មានដូចជា សហគមន៍​កំពង់​ភ្លុក ចុង​ឃ្នៀ​ស និង​សហ​​គម​ន៍​មេ​ជ្រៃ និង​អាច​ពង្រីក​វិសាលភាព​ការងារ​សម្អាត​នេះ ដល់​តំបន់​ព្រែក​ទាល់​ក្នុង​ខេត្ត​បាត់ដំបង និង​តំបន់​ផ្សេងៗ​ទៀត​ជុំវិញ​បឹង​ទន្លេសាប​ផង​ដែរ​។​

​យុទ្ធនាការ​នេះ គឺ​បន្តធ្វើ​ចលនា​មហាជន​រហូតដល់​ថ្ងៃ​អបអរ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥​ មិថុនា ដែលជា​ថ្ងៃ​កំណត់​ការបិទ​យុទ្ធនាការ​សម្អាត​បរិស្ថាន​នា​រដូវ​ទឹកសម្រក​។ យោងតាម​ក្រសួងបរិស្ថាន​បានឱ្យដឹងថា យុទ្ធនាការ​កាត់បន្ថយ​ការប្រើ​​ប្រាស់​ប្លា​ស្ទិ​ក «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» ពីថ្ងៃ​ទី​ ១ ខែកញ្ញា ដល់​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០២៤ មាន​អ្នកចូលរួម​ជាង ៤​ លាន​ ៤​ សែន​នាក់​រួមទាំង​ព្រះសង្ឃ​៕