​កម្ពុជា និង​អាល្លឺម៉ង់ ប្តេជ្ញាចិត្ត​ឥត​ងាករេ​ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា​ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ទាំង​លើ​ផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ បម្រែបម្រួល​អាកាសធាតុ​និង​បរិស្ថាន និង​ទំនាក់​ទំ​ង​សភា​ជាដើម​។​


​ការបង្ហាញ​ញ​ពី​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​រវាង​ប្រទេស​ទាំង ​២ ធ្វើឡើង​តាមរយៈ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ទ្វេភាគី​លើក​ទី​២ រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយនឹង​ក្រសួងការបរទេស​អាល្លឺម៉ង់ កាលពី​សប្តាហ៍​មុន ក្រោម​អធិបតីភាព​លោក​ចែម វី​ឌ្យ៉ា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​លោកស្រី ផេ​ត្រា ស៊ី​ក​មុនដ៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ន​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួងការបរទេស​អាល្លឺម៉ង់​។

​កិច្ច​ពិគ្រោះ​យោបល់​នេះ ធ្វើឡើង​នៅ​រដ្ឋធានី​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស ដែល​បានចេញ​ផ្សាយ​កាលពី​យប់​ថ្ងៃទី ​៣០ ខែមករា ឆ្នាំ​ ២០២៤​។​


​សេចក្តីប្រកាស​ព័ត៌មាន បានឱ្យដឹងថា លោក ​ចែម វី​ឌ្យ៉ា បានលើកឡើង​ពី​ទំនាក់ទំនង​កម្ពុជា​និង​អាល្លឺម៉ង់​ថា​បាននិងកំពុង​បន្ត​ពង្រឹង​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ ២ នាពេល​ថ្មីៗ​កន្លងទៅនេះ​។​

​ជាក់ស្តែង ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​អាល្លឺម៉ង់​លោក​ ហ្វ្រាំង វ៉ាល់​ធ័​រ ស្ពែ​ន​ម៉ៃ​ឃ័​រ មកកាន់​កម្ពុជា​, ជំនួប​ទ្វេភាគី​រវាង​លោក​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​លោក​អូ​ឡា​ហ្វ ហ្សុ​លស៍ អធិការបតី​អាល្លឺម៉ង់​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​អតីតរដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ប្រាក់ សុខុន ទៅកាន់​ក្រុង​ប៊ែ​រ​ឡាំង ព្រមទាំង​ដំណើរ​ទស្សនកិច្ច​ជាច្រើនលើក​របស់​គណៈប្រតិភូ​សភា​អាល្លឺម៉ង់​មក​កម្ពុជា​ផងដែរ​។​


​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្តថា​៖ «​ឯកឧត្តម​បណ្ឌិត ​ចែម វី​ឌ្យ៉ា បាន​រំឭក​ពី​លទ្ធផល​នៃ​កិច្ចចរចា​អន្តររដ្ឋាភិបាល ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​កម្ពុជា​-​អាល្លឺម៉ង់ ដែល​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ នៅ​ទីក្រុង​បុ​ន សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ កាលពី​ខែតុលា កន្លងទៅ​»​។​

​ក្រៅពីនេះ ភាគី​ទាំង​ ២ បាន​ពិភាក្សាគ្នា​ទៅលើ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី និង​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​ពិភពលោក​ដែលជា​កង្វល់​និង​ប្រយោជន៍​រួម ជាពិសេស​បាន​សម្តែង​ការ​សាទរ​ចំពោះ​លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​នេះ​ដែល​សង្កត់ធ្ងន់ថា ជា​យន្តការ​ដើម្បី​ជំរុញឱ្យមាន​កិច្ចសន្ទនា​ប្រកបដោយ​អត្ថន័យ​។​

​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លោក​គិ​ន ភា បាន​លើកឡើងថា ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​អាល្លឺម៉ង់ កំពុងមាន​ការវិវត្ត​ជា​វិជ្ជមាន​គួរឱ្យកត់សម្គាល់ ដែល​ភាគី​ទាំង​ ២ បានធ្វើការ​ជាមួយគ្នា​លើ​គ្រប់​វិស័យ ខណៈ​អាល្លឺម៉ង់​បាន​ដើរតួនាទី​ជួយ​កម្ពុជា​តួយ៉ាង​លើ​ផ្នែក​អភិបាលកិច្ច ប្រជាធិបតេយ្យ កំណែទម្រង់រដ្ឋបាល​សាធារណៈ ប៉ុន្តែ​ទោះជា​យ៉ាងណា​ភាគី​ទាំង​ ២ មាន​បញ្ហា​មួយចំនួន​ផ្សេងទៀត​ដែល​ត្រូវ​ស្វែងយល់​ពីគ្នា​បន្ថែម​។​

​លោក​បាន​ប្រាប់ថា​៖ «​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ទ្វេភាគី​រវាង​ភាគី​ទាំង​២ បង្ហាញ​ពី​សុច្ឆន្ទៈ​ទៅលើ​ការជំរុញ​លើកកម្ពស់​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ និង​ការបង្ហាញឱ្យឃើញ​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​នេះ​ផងដែរ​។ កិច្ចសន្ទនា​គ្នា ជា​លទ្ធភាព​ឱ្យ​ភាគី​កាន់តែ​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​បន្ថែមទៀត​»​។​

​លោក គិ​ន ភា បាន​បន្តថា កម្ពុជា​ត្រូវការ​អាល្លឺម៉ង់​ដើម្បី​ជំនួយ​អភិវឌ្ឍន៍ ហើយ​អាល្លឺម៉ង់​ក៏​ដើរតួ​ស្នូល​ក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប ក៏ដូចជា​ទីផ្សារ​របស់​អាល្លឺម៉ង់ ព្រមទាំង​ការបង្កើន​មិត្ត​គាំទ្រ​គ្នា​លើ​ឆាក​អន្តរជាតិ​និង​ជា​ច្រក​ពង្រឹង​ទំនាក់ទំនង​ជាមួយ​លោកខាងលិច​។

​ប្រទេស​អាល្លឺម៉ង់ ត្រូវការ​កម្ពុជា​ដោយសារ​កម្ពុជា​ដើរតួនាទី​សំខាន់​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដោយសារ​អាស៊ាន​មាន​គោលការណ៍​កុងសង់ស៊ីស​ដែល​សំឡេង​របស់​ភាគី​ណា​ក៏​សំខាន់ ហើយ​អាល្លឺម៉ង់​ក៏​កំពុង​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់ខ្លួន​ដែល​ទាមទារ​ការគាំទ្រ​ពី​រង្វង់​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ផង​។ នេះ​បើតាម​ការលើកឡើង​បន្ថែម​ពី​លោក គិ​ន ភា​៕