ភ្នំពេញៈក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យដឹងថា វិទ្យាល័យជាស៊ីមជ្រោយចង្វារ សាលាបឋមសិក្សាជ្រោយចង្វារនិងសាលាបឋមសិក្សាវត្តមង្គលសិរីកៀនឃ្លាំងបានទទួលបណ្ណាល័យឌីជីថលនិងបន្ទប់កុំព្យូទ័រថ្មីសម្រាប់សិស្សានុសិស្សសិក្សាជំនាញកុំព្យូទ័រឆ្លើយតបនឹងភាពរីកចម្រើនក្នុងសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
ពិធីសម្ពោធដាក់ឱ្យដំណើរការបន្ទប់ធនធានសិក្សាឌីជីថលនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ដោយមានការឧបត្ថម្ភពីអង្គការដៃគូរួមមានអង្គការឆាលហ្វាន់ និងអង្គការបង្រៀនដើម្បីកម្ពុជានិងវិស័យឯកជនផ្សេងទៀត ក្រោមការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា។
ក្រសួងអប់រំបញ្ជាក់ថា៖«នេះមិនត្រឹមតែជាការបរិច្ចាគកុំព្យូទ័រនិងសៀវភៅអានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឈានទៅចាប់យកចំណេះដឹងដ៏សន្ធឹកសន្ធាប់ ការផ្សារភ្ជាប់គម្លាតឌីជីថល និងការផ្តល់ឱ្យសិស្សានុសិស្សនូវឧបករណ៍ចាំបាច់ដើម្បីកសាងអនាគតរបស់ពួកគេ»។
បច្ចេកវិទ្យាទំនើបមានឥទ្ធិពលអាចធ្វើឱ្យថ្នាក់រៀនក្លាយទៅជាកន្លែងសិក្សាមួយដ៏រស់រវើកអាចជួយពង្រឹងសិស្សានុសិស្សដោយផ្ដល់ជំនាញកុំព្យូទ័រចាំបាច់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងចំណេះដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដែលទាំងនេះជាការរួមចំណែកកសាងធនធានមនុស្សផ្នែកឌីជីថលប្រកបដោយការទទួលខុសត្រូវ និងការយល់ដឹងជាសកល។
លោក ហូ សំបូរ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមក្នុងពិធីសម្ពោធនេះបានឱ្យដឹងថា៖«នេះគឺជាការចាប់ផ្តើមទំព័រថ្មីនៃការអប់រំឌីជីថលនៅក្នុងប្រទេសកម្ពុជាដែលជាពេលមួយកុមារគ្រប់រូបមានឱកាសសិក្សារៀនសូត្រ លូតលាស់ និងរីកចម្រើននៅក្នុងវិស័យឌីជីថល»។
ជាមួយគ្នានេះលោកបានសាទរចំពោះសំណង់ថ្មីទាំងនេះថាជាសញ្ញានៃវឌ្ឍនភាពដែលនឹងផ្តល់ដល់សិស្សានុសិស្សជាមួយនឹងជំនាញឌីជីថលដែលពួកគេត្រូវការដើម្បីរីកលូតលាស់នាសតវត្សរ៍ទី២១ និងជួយជំរុញអនាគតរបស់ប្រទេសកម្ពុជាទៅកាន់យុគសម័យនៃវឌ្ឍនភាពដ៏អស្ចារ្យ។
បើតាមប្រកាសក្រសួងអប់រំ នៅក្នុងឱកាសនោះ លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេស អង្គការឆាលហ្វាន់កម្ពុជាបានថ្លែងដែរថា ហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះនឹងដើរតួជាទីកន្លែងអប់រំឌីជីថលក្នុងការកសាងធនធានមនុស្សឌីជីថលដែលគ្របដណ្តប់លើមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុនិងសុវត្ថិភាពតាមប្រព័ន្ធអនឡាញដែលកុមារកម្ពុជាជាច្រើនជំនាន់នឹងទទួលបានអត្ថប្រយោជន៍សម្រាប់ការលូតលាស់នាពេលអនាគតរបស់ពួកគេ។
ចំណែកលោក យ៉ុង គីវ៉ាង នាយកប្រតិបត្តិនៃអង្គការឆាលហ្វាន់កូរ៉េក៏បានលើកឡើងដែរថា កុមារគ្រប់រូបស័ក្ដិសមនឹងទទួលបានឱកាសដើម្បីបង្ហាញពីសក្តានុពលរបស់ពួកគេ។
លោកបានបញ្ជាក់ថា៖«សំណង់ថ្មីទាំងនេះគឺមិនត្រឹមតែជាបន្ទប់កុំព្យូទ័រនិងបណ្ណាល័យប៉ុណ្ណោះទេប៉ុន្តែវាគឺជាសក្ខីភាពចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការគាំទ្រដល់ក្ដីស្រមៃនិងសក្ដានុពលរបស់សិស្សានុសិស្សកម្ពុជា»។
បន្ថែមពីនេះលោក ស៊ីវ មុនីរ័ត្នស្ថាបនិកនិងជាអគ្គនាយកប្រតិបត្តិអង្គការបង្រៀនដើម្បីកម្ពុជាបានទទួលស្គាល់ថា នេះជាការចាប់ផ្ដើមនៃដំណើរផ្លាស់ប្តូរថ្មីមួយហើយលោកក៏បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាឱ្យបានសិស្សានុសិស្សគ្រប់រូបអាចបង្កើនសក្តានុពលឌីជីថលរបស់ពួកគេនិងអាចប្រើប្រាស់ធនធានទាំងនេះដើម្បីរីកចម្រើនជាលំដាប់។
សូមបញ្ជាក់ដែរថាគំនិតផ្តួចផ្តើមនេះគឺជាចំណុចដ៏សំខាន់មួយនៅក្នុងទិដ្ឋភាពនៃការអប់រំរបស់ប្រទេសកម្ពុជា ជាទីដែលកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងការប្តេជ្ញាចិត្តរួមគ្នាត្រួសត្រាយផ្លូវសម្រាប់អនាគតឌីជីថលដ៏ត្រចះត្រចង់សម្រាប់កុមារគ្រប់រូប៕