​ភ្នំពេញៈ​អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុង​តុលា​ការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​រថ​យន្តក្រុង អ​.​វ​.​ត​.​ក​.​ចល័ត​ ក្នុង​គោល​ដៅ​ពង្រីក​វិសាល​ភាព​របស់​មជ្ឈ​មណ្ឌល​ធន​ធាន​អ​.​វ​.​ត​.​ក​. ដែល​មាន​ស្រាប់​ និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​ក្នុង​ការ​អនុវត្ត​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​និង​អប់រំ​ឱ្យបាន​ទូលំ​ទូលាយ​ដល់​ប្រជាជន​នៅក្នុ​ង​តំបន់​ដាច់​ស្រយាល​​ទូទាំង​២៥​រាជ​ធានី ​ខេត្ត​។

​ការ​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​រថយន្ត​ក្រុង អ​.​វ​.​ត​.​ក​.​ចល័ត​នេះ ​ធ្វើឡើង​កាល​ពី​ថ្ងៃទី​៣១ ​ខែមករា ​ឆ្នាំ​២០២៤ ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​(RUPP)​ ដោយ​ការ​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​សា​កល​វិទ្យាល័​យ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ទាំង​២បាន​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរ​ណៈ​នៃ​កា​រយោគ​យល់​ជា​មួយ​គ្នាលើ​កិច្ចស​ហការ​លើក​កម្ពស់​និង​ពង្រីក​វិសាល​ភាព​ក្នុង​ការទ​ទួល​បាន​ការ​ប្រើ​ប្រាស់ ក៏ដូច​ជា​ការ​ផ្លាស់​ប្តូរ​ចំណេះ​ដឹង​រវាង​មជ្ឈ​មណ្ឌល​ធន​ធាន​អ​.​វ​.​ត​.​ក​. និង​បណ្ណា​ល័យ​សម្តេច ​ហ៊ុន សែន នៃ​សាក​លវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​


​នា​ឱកាស​នោះ ​លោក​ ហែម ក្រាញ់​តូ​នី រដ្ឋ​លេខាធិ​ការ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី និង​ជា​ប្រធាន​រដ្ឋ​បាល​ស្តីទី​នៃ អ​.​វ​.​ត​.​ក​. បាន​ថ្លែង​ ​ថា ក្រៅពី​គោល​បំណង​ដើម្បី​ពង្រីក​វិសាល​ភាព​នៃ​មជ្ឈ​មណ្ឌល​ធន​ធាន ​អ​.​វ​.​ត​.​ក​.​ហើយ ​ការ​ដាក់​ឱ្យ​ដំណើរ​រថយន្ត​ក្រុង​ចល័ត​នេះ​ក៏​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការក្នុង​ការ​អនុវត្ត​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ និង​សកម្ម​ភាព​អប់រំ​ផង​ដែរ​។

​លោក​បានប​ង្ហា​ញ​ពី​ការ​រំពឹង​ទុក​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹម​ថា ​រថយន្ត​ក្រុង អ​.​វ​.​ត​.​ក​. ចល័ត​ ឬក៏​ហៅថា ​មជ្ឈមណ្ឌល​ធន​ធាន​ចល័ត​នេះនឹង​បម្រើ​ឱ្យ​ការងារ​អប់រំ​និង​ការងារ​ផ្សព្វ​ផ្សាយ​ឱ្យបាន​កាន់​តែ​ទូលំ​ទូលាយ​ដល់​សា​ធា​រណជ​ន សិស្ស ​និស្សិត ​យុវជន​ និង​សហគ​មន៍​នៅ​ក្នុង​តំបន់​ដែល​មាន​ភូមិ​សាស្ត្រ​ដាច់​ស្រយាល ​ដើម្បី​យល់​ច្បាស់​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​កា​ត់សេច​ក្តីរ​បស់​អ​.​វ​.​ត​.​ក​. សមិទ្ធ​ផល​និង​កេ​រដំណែល​របស់​អ​.​វ​.​ត​.​ក​. ដែល​បាន​ចំណាយ​ពេល​អស់​រយៈ​ពេល​ជាង​ ១៦ ​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០០៦ ​ដល់​២០២២»​។​

​លោក ​ក្រាញ់​តូ​នី បាន​បន្ថែម​​ថា ឆ្លង​តាម​ដំណើរ​ការ​កាត់​សេច​ក្តី​ទៅលើ​សំ​ណុំរឿង​ទាំង​អស់​របស់ខ្លួ​ន អ​.​វ​.​ត​.​ក​. បាន​បន្សល់​ទុក​បណ្ណ​សា​រ​តុលា​ការ​ដែល​មាន​ចំនួន​សរុប​ប្រមាណ​ជិត ​២,៤​ លាន​ទំព័រ​ ដែល​មាន​៣​ភាសា (​ខ្មែរ អង់​គ្លេស និង​បារាំង​), វីដេអូ​សវនា​ការ ​ចំនួន​ជាង​១​ពាន់​ម៉ោង និង​មាន​ជន​រង​គ្រោះ​នៃ​របប​ខ្មែ​រក្រហម​ចំនួន​ជាង ​១១ ០០០​ នាក់​ បាន​ដាក់​ចម្លើយ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​អ​.​វ​.​ត​.​ក​.​។ លោក​បន្ត​ថា ក្នុង​នោះ​មាន​ជន​រងគ្រោះ​ចំនួន​ ៦ ៨​៧៥​ នាក់ បាន​ចូលរួម​ក្នុង​ដំណើរ​ការ​នី​តិវិ​ធីតុលាកា​រ​ក្នុង​នាម​ជា​ដើម​បណ្តឹងរ​ដ្ឋប្ប​វេណី​។​


​លោក​បានប​ញ្ជាក់​បន្ថែម​ថា​៖«​អ​.​វ​.​ត​.​ក​. ក៏បាន​បង្កើត​ឱ្យ​មាន​ថ្នាល​ឌីជី​ថល​គំរូ​មួយ​ក្នុង​ការ​ជួយ​សម្រួល​ដ​ល់​ដំណើ​រការ​ជំនុំ​ជម្រះ​ក្តី និង​ការ​គ្រប់​គ្រង​សំណុំ​រឿងដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជី​ថល​ស្រប​តាម​ក្រប​ខ័ណ្ឌ​គោល​នយោ​បាយ​សេដ្ឋ​កិច្ច​ និង​សង្គម​ឌីជី​ថល ២០២១-​២០៣៥​ ជា​ពិសេសស្រប​ទៅតាម​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ ​ដំណាក់​កាល​ទី​១​នៃ​រាជ​រដ្ឋាភិ​បាល​នីតិកា​ល​ទី​៧​នៃ​រដ្ឋ​សភា ក្រោម​គតិ​ដឹកនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិប​តី ​ហ៊ុន ម៉ា​ណែ​ត​»​។​

​លោក​សាស្ត្រា​ចារ្យ ​ជេ​ត ជាលី សាកល​វិទ្យាធិកា​រ សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ ក៏បាន​ថ្លែង​នា​ពិធី​នោះ​ដែរ​ថា វត្តមា​ន​រថយ​ន្តក្រុ​ង អ​.​វ​.​ត​.​ក​.​ចល័ត ​នៅ​ក្នុង​បរ​វេណ​សា​កល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ពេលនេះ​ គឺជា​ឱកាស​ដ៏​សំខាន់​ដើម្បី​ជា​សក្ខី​ភាព​នៃ​ការ​ចាប់​ផ្តើម​កិច្ច​សហ​ប្រតិប​ត្តិការ​ដ៏​ល្អ​ជា​មួយ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ នឹង​ចូលរួម​ប្រើ​ប្រាស់​សមិទ្ធ​ផល​ដ៏​ថ្លៃថ្លា​ទាំង​នេះ ឱ្យបាន​ទូលំ​ទូលាយ ​ហើយ​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​ទៅ​តាម​តម្រូវ​ការ​រៀងៗ​ខ្លួន​។​


​លោក​បាន​បញ្ជាក់​ថា​៖«​ក្នុង​ដំណើរ​នៃ​ប្រទេស​កម្ពុជា​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នេះ ​មាន​កំណាត់​ផ្លូវ​មួយ​ដែល​ខ្មែរ​យើង​បាន​កាប់​សម្លាប់​គ្នា​មិន​រើស​មុខ​ នោះ​គឺ​កំណាត់​ផ្លូវ​ខ្មែរ​ក្រហម​។​ការ​សិក្សា​និង​យល់​ដឹង​ពី​ប្រវ​ត្តិសាស្ត្រ ​មិនមែ​ន​ចង់​ជំរុញ​ឱ្យ​ប្អូនៗ​មាន​គំនុំ​ក្នុង​ចិត្ត​នោះ​ទេ តែ​ជាការ​ពន្យល់​ប្រាប់​ឱ្យដឹង​បាន​ដឹង​ច្បាស់​ថា ​ផ្លូវ​ណា​មាន​បន្លា​ ​ផ្លូវ​ណា​មិនគួរ​ដើរ​។​ដូច្នេះ​ហើយ​រថយន្ត​ក្រុង អ​.​វ​.​ត​.​ក​.​ចល័ត​ នឹង​ផ្តល់​ព័ត៌​មាន​យ៉ាង​លម្អិត​ដល់​ប្អូនៗ ​និង​សា​ធារ​ណ​ជន​ពី​ការពិ​ត និង​ដំណើរ​នៃ​សា​លា​ក្តី​ខ្មែរ​ក្រហម​»​។​

​សូម​បញ្ជាក់​ដែរថា ​រថយន្ត​ក្រុង​អ​.​វ​.​ត​.​ក​.​ចល័ត ​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិ​ទ្យា​ចុង​ក្រោយ ​ដូច​ជា​កុំព្យូទ័រ​យួរដៃ​ទំនើ​ប (laptop), បន្ទប់​ប្រជុំ​ដែល​ភ្ជាប់​ជា​មួយ​ម៉ាស៊ីន​ប​ញ្ជាំ​ង​រូប​ភាព (LCD screen and projector),ទូរទ​ស្សន៍​អេ​ក្រង់​អន្តរ​កម្ម ​(interactive touch screen panel/TV) ដែល​អាច​គូស​វាស​ដោយ​ផ្ទាល់​ងាយ​ស្រួល​សម្រា​ប់ធ្វើ​បទ​បង្ហាញ ​និង​សម្រាប់​ចាក់​បញ្ចាំង​វីដេអូ​ឬក៏​ភាព​យន្ត ​(video/​movie screening)​។

​រ​ថយ​នេះ ក៏​មាន​បំពាក់​សម្ភារ​អប់រំ​និង​មាតិកា​​ពហុ​ព័ត៌មាន​ជាច្រើន​ទៀតពា​ក់ព័ន្ធ​នឹង​ដំណើរការ​កាត់​សេច​ក្តីរ​បស់​អ​.​វ​.​ត​.​ក​. ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជិត​២០​ម៉ឺន​ដុល្លារ​អា​មេរិក​។​

​រថ​យន្ត​នេះ​នឹង​បម្រើឱ្យ​ការសិក្សា​ស្រាវ​ជ្រាវ​របស់​សា​ធារ​ណជ​ន សិស្ស ​និស្សិត​ជា​ដើម​ដែល​អ្នក​អាន​អាច​ចូល​អាន​ម្តង​បាន​ចន្លោះ​ពី​១០ទៅ​១៥​នាក់ ​ហើយ​នឹង​អាច​មាន​រៀបចំ​​តុ កៅអី​សម្រាប់​អាន​នៅ​ខាង​ក្រៅ​រថយន្ត​ផង​ដែរ​ ប្រសិន​បើ​មាន​អ្នក​ចូល​រួម​អាន​ និង​ចង់​ដឹង​ច្រើន​។​

​រថ​យន្ត​ក្រុង​អ​.​វ​.​ត​.​ក​.នឹ​ងធ្វើ​ដំណើរ​តាម​បណ្តា​២៥​រាជធានី​​ខេត្ត​-​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា​ ហើយ​នឹង​ឈប់​នៅ​គ្រប់​ទីតាំង​សំខាន់ៗ ដូច​ជា ​សា​លា​រៀន​ សា​កល​វិទ្យា​ល័យ​ ទី​ប្រជុំ​ជន វត្ត​អារាម ​ផ្សារ ​សាលាស្រុ​ក ដើម្បី​នាំ​អ​.​វ​.​ត​.​ក​.ជួប​ប្រជា​ជន​កម្ពុជា​៕