មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា បញ្ហា​ជម្លោះ​សមុទ្រ​ក្រហម បានធ្វើឱ្យ​តម្លៃ​នៃ​ការដឹកជញ្ជូន​ទៅកាន់​តំបន់​អាមេរិក កាណាដា និង​អឺរ៉ុប កើនឡើង​ទ្វេដង ខណៈដែល​ការដឹកជញ្ជូន​នៅក្នុង​តំបន់​អាស៊ី​ក៏មាន​សញ្ញា​នៃ​ការ​ឡើងថ្លៃ​ខ្លះ​ដែរ​។​

លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា បាន​ប្រាប់ឱ្យដឹង​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៤ ថា ការឡើង​ថ្លៃ​នៃ​តម្លៃ​ដឹកជញ្ជូន បាន​កើតឡើង​តាំងពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៤ ដោយ​ការ​ឡើងថ្លៃ ខាង​ក្រុមហ៊ុន​បាន​ជូនដំណឹង​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២៣ ផងដែរ ពោលគឺ​ចាប់ពី​មានការ​លប​ពួនស្ទាក់​បាញ់​កប៉ាល់​ដឹកទំនិញ​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី នៅ​តំបន់​សមុទ្រ​ក្រហម ដែល​បានធ្វើឱ្យ​ក្រុមហ៊ុន​កប៉ាល់​មួយចំនួន​រៀបចំ​ធ្វើដំណើរ​តាមផ្លូវ​វាង​វិញ​។​


លោក​បាន​បញ្ជាក់ថា​៖«​ការធ្វើដំណើរ​តាមផ្លូវ​វាង​នោះ បានធ្វើឱ្យ​ចម្ងាយ​កាន់តែ​ឆ្ងាយ​រហូតដល់ ​៦ ០០០​ គីឡូម៉ែត្រ ខណៈដែល​ការធ្វើដំណើរ​ត្រូវ​ចំណាយពេល​បន្ថែម​រហូត​ដល់ ​៨​ ថ្ងៃ ដល់​ ១០​ ថ្ងៃ បន្ថែមទៀត​។​បើតាម​ការលើកឡើង​ពី​ក្រុមហ៊ុន​ខាង​កប៉ាល់ តាមផ្លូវ​វាង​នេះ មិន​ត្រឹម​ចំណាយពេល​យូរ​ជាង ឆ្ងាយ​ជាង​នោះទេ ថែមទាំង​ចំណាយលុយ​ថែម​ប្រមាណ​ជាង​១​លាន​ដុល្លារ​ទៀត​។​ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ការដឹកជញ្ជូន​មានការ​ឡើងថ្លៃ​ទ្វេដង ចំពោះ​ការដឹកជញ្ជូន​ពី​អាស៊ី​ទៅ​អឺរ៉ុប អាមេរិក កាណាដា និង​ពី​តំបន់​ទាំងនេះ​មក​អាស៊ី​វិញ​ផងដែរ​»​។​

ចំពោះ​តម្លៃ​ដឹកជញ្ជូន​ដែល​ត្រូវ​ឡើងថ្លៃ​ទ្វេដង​នេះ លោក​ស៊ិន ច​ន្ធី បាន​និយាយថា​៖«​ឧទាហរណ៍​ដូចជា​តម្លៃ​ដឹកជញ្ជូន​ទៅ​កាណាដា អឺរ៉ុប និង​ផ្នែក​ខ្លះ​នៃ​អាមេរិក កាលពី​មិនទាន់​មានការ​រុកកួន​ដោយ​ពួក​ហ៊ូ​ធី ឃើញថា​តម្លៃ​ប្រហែល​ ៣ ០០០​ដុល្លារ​ទៅ​ ៤០០០ ​ដុល្លារ តែ​ឥឡូវ​កើន​ដល់ ​៨ ០០០​ ដុល្លារ​ទៅ​ ១០ ០០០​ ដុល្លារ​ហើយ​។ ការឡើង​ថ្លៃ​នេះ បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​​ដល់​ការនាំចេញ​ និង​នាំចូល​ផលិតផល​ពី​អាស៊ី​និង​ពី​កម្ពុជា ទៅកាន់​តំបន់​អាមេរិក អឺរ៉ុប​និង​កាណាដា​នេះ​»​។​


​បើតាម​ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា ការឡើង​ថ្លៃ​នេះ មិនអាច​ព្យាករ​ថា​នឹង​អាច​ធ្លាក់ចុះ​វិញ​នៅពេលណា​នោះទេ ខណៈដែល​ការ​រុកកួន​ដោយ​សង្គ្រាម​នៅ​សមុទ្រ​ក្រហម​នោះ​មិនទាន់បាន​ស្រាកស្រាន្ត​នៅឡើយ​។ ជាមួយគ្នា​នោះដែរ លោក​ថា ការដឹកជញ្ជូន​នៅក្នុង​តំបន់​អាស៊ី ក៏មាន​សញ្ញា​ឡើងថ្លៃ​ខ្លះ​នាពេលខាងមុខ​ដែរ ដោយ​លោក​បញ្ជាក់ថា​៖«​ក្នុង​តំបន់​អាស៊ី មិនមាន​ការឡើង​ថ្លៃ​អ្វី​ខ្លាំងពេក​ទេ ប៉ុន្តែ​វា​មាន​សញ្ញា​ឡើង​ខ្លះ​ដែរ​នាពេល​ខាងមុខនេះ ដោយ​ការនាំ​ចេញទៅ​ប្រទេស​ខ្លះ​ក្នុង​តំបន់​អាស៊ី​មានការ​ឡើងថ្លៃ​ប្រហែល​១០​ទៅ​២០​ភាគរយ​ផងដែរ ព្រោះនេះ​ជា​ឥទ្ធិពល​ដោយ​ប្រយោល​ដែរ ពី​សង្គ្រាម​នេះ​»​។​

ចំពោះ​បញ្ហា​នេះ​ថា លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ស្ថានភាព​នៃ​ការដឹកជញ្ជូន​នាំចេញ​អង្ករ​ទៅកាន់​តំបន់​អឺរ៉ុប​មានការ​ប៉ះពាល់​តិចតួច​ទេ និង​មិនទាន់មាន​សញ្ញា​គួរឱ្យ​ព្រួយ​ពេក​នោះទេ ចំពោះ​ការឡើង​ថ្លៃ​នៃ​តម្លៃ​ដឹកជញ្ជូន​នេះ​។​

លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ច្រកចូល​ទៅកាន់​អឺរ៉ុប គឺ​មិនមែន​មានតែ​ច្រក​សមុទ្រ​ក្រហម​មួយ​នោះទេ តែមាន​ច្រក​ផ្សេងទៀត គ្រាន់តែ​ច្រក​សមុទ្រ​ក្រហម​ភ្ជាប់​ពី​អាស៊ី​ទៅ​អឺរ៉ុប​នោះ គឺ​ជិត​ជាងគេ​ក្នុងចំណោម​ច្រក​ទាំងអស់​។​តម្លៃ​ដឹកជញ្ជូន​វា​ប្រែប្រួល រហូត​តាម​ប្រភេទ​ក្រុមហ៊ុន​កប៉ាល់​»​។​

ចំណែកលោក ចាន់ ពេជ្រ អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ស៊ី​កនេ​ត​ឈ័​រ អ​ហ្វ អេ​ស៊ា ដែលជា​ក្រុមហ៊ុននាំចេញ​អង្ករ​ទៅកាន់​សហគមន៍​អឺរ៉ុប អាមេរិក បានបង្ហាញ​ពី​ការព្រួយបារម្ភ​ដែរ​ថា ថ្លៃ​ដឹកជញ្ជូន​តាម​កប៉ាល់​ទៅ​អឺរ៉ុប ជា​ឧបសគ្គ​មួយ​ក្នុងការ​នាំចេញ​អង្ករ​ពី​កម្ពុជា ​ទៅ​អឺរ៉ុប ដោយ​ក្នុងនោះ តម្លៃ​ដឹកជញ្ជូន ១​ ជើង​ ៧០០ ​ដុល្លារ​ នៅ​ខែ​វិ​ច្ឆ​កា បាន​កើន​ដល់​៣ ០០០ ដុល្លារ ​នៅ​ខែធ្នូ ឆ្នាំ​២០២៣ និង​បាន​កើន​ដល់ ៥ ០០០ ដុល្លា​ខែមករា ឆ្នាំ​២០២៤ នេះ​។​

លោក​បាន​បញ្ជាក់ថា ៖«​ផលប៉ះពាល់​នៃ​ការដឹកជញ្ជូន​នេះ មាន​២ ដោយ​ទី​១ តម្លៃ​ដឹកជញ្ជូន​ឡើង​ខ្ពស់ ធ្វើឱ្យ​អ្នក​នាំចេញ​ពិបាក​សម្រេច​ថា គួរ​នាំចេញ​ទំនិញ​ឥឡូវ ឬក៏​ត្រូវ​ចាំ​តម្លៃ​កប៉ាល់​ចុះ​បន្តិច ព្រោះ​ថាបើ​នាំចេញ​ឥឡូវ​អាច​ខាត​នៅពេលដែល​តម្លៃ​ដឹកជញ្ជូន​ធ្លាក់ចុះ​នាពេលខាងមុខ​។​ទី​២​កន្លែង​ទំនេរ​លើក​ប៉ាល់​មិនសូវមាន ដែល​ធ្វើឱ្យ​ផែនការ​នៃ​ការបញ្ចេញ​ទំនិញ បាន​តិចជាង​ផែនការ​ដែល​បាន​គ្រោងទុក​»​។​

យោងតាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​២០២៣ ការនាំចេញ​ទំនិញ​របស់​កម្ពុជា ទៅកាន់​ពិភពលោក មានតម្លៃ​ទឹកប្រាក់ ២៣ ៦០៤ ​លាន​ដុល្លារ កើនឡើង​ជិត ​៥ ភាគរយ​។ នៅ​ក្នុងនោះ​ការនាំចេញ​ទំនិញ​ទៅកាន់​តំបន់​អឺរ៉ុប មាន​ទំហំ​ទឹកប្រាក់ ៣ ៦៦៦ ​លាន​ដុល្លារ ថយចុះ​ជិត​ ១០​ ភាគរយ​,​ការនាំចេញ​ទៅកាន់​តំបន់​អាស៊ាន មាន​ទំហំ​ទឹកប្រាក់ ៨ ១៧២​ លាន​ដុល្លារ កើន​ជាង ​៤៧​ ភាគរយ​,​នាំ​ចេញទៅ​អាមេរិក មាន​ចំនួន ​៨ ៨៩៧ ​លាន​ដុល្លារ ​ថយចុះ ជិត​ ១ ​ភាគរយ និង​នាំ​ចេញទៅ​កាណាដា មានតម្លៃ​ទឹកប្រាក់​ជាង ៨៦៩​ លាន​ដុល្លារ ថយចុះ​ជាង ​២២ ​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២២៕