កម្មវិធី​ស្បៀងអាហារ​ពិភពលោក (World Food Program- WFP) ​ប្រចាំ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៤-២០២៨ ក្នុងការ​រួមចំណែក លើកកម្ពស់​ប្រព័ន្ធ​ស្បៀងអាហារ និង​ការ​សម្រប​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​


ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​រវាង​លោកស្រី យិនទៀង ពុទ្ធិ​រស្មី រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ និង​លោកស្រី យូរ ខូ​ណាន់ (Claire Conan) តំណាង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៤​។​

ក្រសួង​បាន​លើកឡើងថា ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា ​ឆ្នាំ​២០២៤-២០២៨ មាន​ទឹកប្រាក់​ចំនួន ៦៣, ៣៧៨, ៥០០​ ដុល្លារ​អាមេរិក នឹងចូលរួម​ចំណែក​ដ​ល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា តាមរយៈ​ការផ្តល់ ជំនួយ បច្ចេកទេស និង​ការផ្តល់​ប្រឹក្សា​គោលនយោបាយ កិច្ច​គាំពារ​សង្គម ប្រព័ន្ធ​ចំណីអាហារ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ​។​


សេចក្ដីប្រកាស​បានបញ្ជាក់​ថា​៖ «​ការផ្តល់​ជំនួយ​បច្ចេកទេស និង​ការគាំទ្រ​លើ​គម្រោង​ទាំងនោះ ក្នុង​គោលបំណង លើកកម្ពស់​របប​អាហារ និង​ការ​សម្រប​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ គម្រោង​ទាំងនោះ ក៏​ស្របតាម យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​កម្ពុជា​»​។​

លោក យី គឹម​ថា​ន នាយករង​ប្រចាំ​ប្រទេស នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​ប្រចាំ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៣១ ខែមករា​ថា កិច្ចព្រមព្រៀង​ ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​កម្ពុ​ជាស​ម្រា​ប់​ឆ្នាំ​២០២៤-២០២៨ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ពីព្រោះ​បានរួម​ចំណែក​ក្នុង​លើកកម្ពស់ ស្បៀងអាហារ និង​អាហារូបត្ថម្ភ​សម្រាប់​កុមារ​នៅ​កម្ពុជា​។ 


លោក​បាន​បន្តថា បច្ចុប្បន្ននេះ កុមារ​អត្រា​ភាព​ក្រិន នៅមានកម្រិត​ខ្ពស់​នៅឡើយ ជាពិសេស​កុមារ​ស្គាំងស្គម ក្នុង​រយៈពេល ១០​ ឆ្នាំ​ កន្លងមកនេះ ក៏​នៅ​មិនទាន់​មានការ​ថមថយ​ផងដែរ​។​

លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ «​ទាក់ទង​នឹង​កម្មវិធី​ដែល​អង្គការ WFP គាត់​នឹងធ្វើ ជាពិសេស​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ចំណីអាហារ ការលើកកម្ពស់​របប​អាហារ ក៏ដូចជា​បរិបទ​នៃ​បម្រែបម្រួល​អាកាសធាតុ​នេះ គឺ​ពិតជា​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ត​ទៅមុខទៀត ខណៈយើង​កំពុង​ប្រឹងប្រែង​ កាត់បន្ថយ​អត្រា​ភាព​ក្រិន និង​ស្គាំងស្គម​របស់​កុមារ​»​។​

ក្រៅពីនេះ ក្នុង​បរិបទ​នៃ​បម្រែបម្រួល​អាកាសធាតុ​នេះ គឺ​តម្រូវឱ្យមាន​ជួយ​ទៅដល់​ប្រជាជន ជាពិសេស​ប្រជាជន​ក្រីក្រ​នៅតាម​ជនបទ ដែល​ងាយ​រងគ្រោះ​បំផុត​នៅពេល​មាន​គ្រោះធម្មជាតិ​កើតឡើង វា​នឹង​ធ្វើឱ្យ​ប្រជាជន​កាន់តែ​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ ក៏ដូចជា​កង្វះ​នូវ​អាហារ​សម្រាប់​បរិភោគ​ជា​ដើម​។ នេះ​ជាការ​បន្ថែម​របស់លោក យី គឹម​ថា​ន​។​

សូមបញ្ជាក់ថា ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ​កន្លងមកនេះ អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់រ​បប​អាហារ និង​សន្តិសុខ​ស្បៀង និង​ឱ្យសម្រេចបាន​នូវ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​៕