ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការយូនីសេហ្វ បានពិភាក្សាគ្នា លើការគ្រោងផ្ដួចផ្ដើមគម្រោងសុវត្ថិភាពចរាចរណ៍សម្រាប់កុមារ ជាពិសេសផ្តោតលើការរៀបចំគោលការណ៍ណែនាំ និងបទដ្ឋានសុវត្ថិភាពនៅតាមតំបន់សាលារៀន។
កិច្ចពិភាក្សាគ្នានេះ ធ្វើឡើងរវាងលោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ ជាមួយលោក ហ៊ាង ផាត អ្នកឯកទេសកម្មវិធីអភិវឌ្ឍន៍តំបន់ទីក្រុង របស់មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) ប្រចាំកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដើម្បីគ្រោងរៀបចំគម្រោងសុវត្ថិភាពចរាចរណ៍សម្រាប់កុមារ ជាពិសេសលើការងាររៀបចំគោលការណ៍ណែនាំ និងបទដ្ឋានសុវត្ថិភាពនៅតាមតំបន់សាលារៀន។
លោកស្រី មឹន មាណវី បានលើកឡើងថា គម្រោងនេះនឹងចូលរួមចំណែកក្នុងការអនុវត្តផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ដោយចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមាននៅកម្ពុជា ជាពិសេសចំពោះកុមារ។
លោកស្រីថា ក្រសួងសន្យាជួយសម្របសម្រួលលើការងារពាក់ព័ន្ធផ្សេងៗ ដើម្បីឱ្យការផ្ដួចផ្ដើមគម្រោងនេះ លេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងសាធារណការ។
ទាក់ទងនឹងគម្រោងនេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានថ្លែងនៅថ្ងៃទី៣១ ខែមករា ថា ការផ្ដួចផ្ដើមគម្រោងសុវត្ថិភាពចរាចរណ៍សម្រាប់កុមារនេះ មិនទាន់លេចចេញជារូបរាងនៅឡើយទេ។
លោកបានបន្តថា ទាំងក្រសួង និងអង្គការយូនីសេហ្វ គ្រាន់តែបានពិភាក្សាគ្នាសិន លើការជំរុញការបង្កើតឱ្យមានតំបន់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀន និងទីសាធារណៈ ដោយផ្តោតលើការរៀបចំបទដ្ឋានគំរូសម្រាប់ការបង្កើតតំបន់សុវត្ថិភាពនៅតាមសាលារៀន។
លោកបានថ្លែងថា៖ «យើងស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នា ប៉ុន្តែជាគោលបំណងនៃការផ្ដួចផ្ដើមគម្រោងនេះ គឺដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមាននៅកម្ពុជា ជាពិសេសចំពោះកុមារ»។
បើតាមលោក ផន រឹម កន្លងមកក្រសួងបានធ្វើកិច្ចការងារជាច្រើនជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តាមរយៈការបង្កើនឱ្យមានការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ្រប់រូបភាព គ្រប់ទីកន្លែង ជាពិសេសផ្តោតទៅលើជនងាយរងគ្រោះមានដូចជា៖ ស្រ្តី កុមារ និងជនចាស់ជរា។
បន្ថែមពីនេះ លោកថា ក្រសួងក៏បានចេញជាគោលការណ៍ណែនាំស្តីពីការផ្លាស់ប្តូរផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា ត្រង់តំបន់សាលារៀន (School Zone) មកត្រឹមល្បឿន ៣០ គីឡូម៉ែត្ រក្នុង ១ម៉ោង ស្របតាមស្មារតីនៃមហាសន្និបាតទីក្រុងស្តុកខុម ប្រទេសស៊ុយអែត កាលពីខែកុម្ភៈ ឆ្នាំ២០២០។
ជុំវិញរឿងនេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាថ្លែងថា ទាំងក្រសួង ក៏ដូចជាអង្គការយូនីសេហ្វ បានចាប់ផ្ដួចផ្ដើមគម្រោងមួយនេះ គឺវាពិតជាល្អមែនទែន ពីព្រោះដើម្បីឱ្យអ្នកដែលពាក់ព័ន្ធលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កុមារនៅតាមសាលារៀន មានមូលដ្ឋានសម្រាប់អនុវត្តសកម្មភាពការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព។
ទន្ទឹមនេះ លោកមើលឃើញថា បច្ចុប្បន្ននេះ កុមារធ្វើដំណើរជាមួយអាណាព្យាបាល ពេលទៅសាលារៀន គឺមានចំនួនតិចតួចណាស់ដែលបានពាក់មួកសុវត្ថិភាពត្រឹមត្រូវ ខណៈដែលច្បាប់បានកំណត់រួចហើយតម្រូវឱ្យកុមារអាយុ ៣ឆ្នាំ ត្រូវពាក់មួកសុវត្ថិភាព ខណៈសិស្សានុសិស្ស មិនទាន់គ្រប់អាយុដល់ ១៥ឆ្នាំបានចាប់ផ្ដើមបើកបរម៉ូតូនៅលើដងផ្លូវទៅសាលារៀន ដែលវាមានហានិភ័យមួយផងដែរ។
មួយវិញទៀតនៅតាមសាលារៀនភាគច្រើន នៅមិនទាន់មានគំនូសថ្មើរជើង និងមានផ្លាកសញ្ញាចរាចរណ៍ គ្រប់គ្រាន់នោះទេ ទាំងផ្លាកសញ្ញាបន្ថយល្បឿន ផ្លាកសញ្ញាកំណត់ល្បឿន ក៏ដូចជាភ្លើងសញ្ញា ដើម្បីពញ្ញាក់អារម្មណ៍ឱ្យអ្នកបើកបរយកចិត្តទុកដាក់ និងបានដឹងថា ខ្លួនមកដល់តំបន់សាលារៀនហើយ។
លោក គឹម បញ្ញាថា ៖ «អ្វីដែលយើងបានកត់សម្គាល់ពីភាពខ្វះខាតផ្លាកសញ្ញាចរាចរណ៍ទាំងនេះ គឺយើងតែងតែប្រឹងប្រែងជំរុញឱ្យស្ថាប័នរាជរដ្ឋាភិបាលប្ដូរផ្លាកសញ្ញាទាំងអស់នៅតាមតំបន់សាលារៀន។ ជាពិសេសសាលារៀននៅតាមផ្លូវជាតិ ប្ដូរការកំណត់ល្បឿនមកត្រឹម ៣០ គីឡូម៉ែត្រ ក្នុង ១ម៉ោង»៕