ភ្នំពេញៈ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានអះអាងថា ក្នុងរយៈពេល ៥ ខែមកនេះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទទួលបានការចូលរួមអនុវត្តផ្ទាល់ពីប្រជាពលរដ្ឋជាង ៤,៦ លាននាក់។
លោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី ៣១ ខែមករាថា គិតរហូតមកដល់ថ្ងៃទី ៣០ ខែមករា អ្នកចូលរួមអនុវត្តដោយផ្ទាល់ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស គឺបានកើនឡើងដល់ ៤ ៦១៦ ៩៦៨ អង្គ/នាក់។
លោកថ្លែងថា៖ «យោងតាមទិន្នន័យស្រង់បានពីមន្ត្រីជំនាញ រយៈពេល ៥ ខែកន្លងមកនេះ នៅទូទាំងប្រទេសកម្ពុជាយុទ្ធនាការនេះបានទទួលការចូលរួមចេញពីបេះដូង និងការអនុវត្តមិនប្រើថង់ប្លាស្ទិក យ៉ាងតិច ១ ថ្ងៃ ក្នុង ១ សប្តាហ៍»។ អ្នកដែលបានចូលរួមយុទ្ធនាការនេះ មានសិស្សា-នុសិស្សជាង ៤ លាននាក់ លោកគ្រូ-អ្នកគ្រូជាង ១៧ ម៉ឺននាក់ កម្មករកម្មការិនី ជាង ២៨ ម៉ឺននាក់ និងអ្នកចូលរួមផ្សេងៗទៀតជាង ៤២ ម៉ឺនអង្គ/នាក់ និងបានចុះទៅធ្វើការផ្សព្វផ្សាយសរុបបានចំនួន ១៤ ៩៤៩ លើក។
សូមបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ដោយបានចូលរួមអនុវត្តយ៉ាងផុសផុល នៅតាមសាលារៀនចំនួន ៤៤។
ជាមួយគ្នានេះដែរ លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សីបានគាំទ្រលើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលនេះជាការចាប់ផ្តើមមួយក្នុងការធ្វើឱ្យប្រទេសស្អាត ហើយលោកសូមធ្វើឱ្យចេញជាសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព។ មួយវិញទៀត តាមវត្តអារាមមួយៗ ព្រះសង្ឃដែលជាជនគំរូគួរតែឈានមុខគេ ក្នុងការលុបបំបាត់ការប្រើថង់ប្លាស្ទិកនេះ ហើយអនុវត្តឱ្យនៅតាមវត្តអារាមមានបរិស្ថានស្អាតផងដែរដោយជំរុញការអនុវត្តគោលការណ៍ដែលមានស្រាប់។
លោកបាននិយាយថា៖ «បើមានយុទ្ធនាការអ៊ីចឹងហើយ កុំគ្រាន់តែធ្វើការប្តេជ្ញាចិត្ត ប៉ុន្តែត្រូវធ្វើឱ្យមានសកម្មភាព ដោយក្រសួងគួរតែបន្ថែមទៅលើយុទ្ធនាការដែលកំពុងមានសម្ទុះនេះដោយគួរឱ្យសាលានីមួយៗដែលមានការប្តេជ្ញាចិត្តនេះ បញ្ជ្រាបគោលការណ៍សាលាមេត្រីបរិស្ថានតែម្តងទៅ ដែលមានការប្រឡងប្រណាំងក្នុងការកាត់បន្ថយប្លាស្ទិកនេះតែម្តង»។
ទាក់ទងនឹងបរិស្ថាននេះដែរ លោក ស៊ា សុផល ក៏បានឱ្យដឹងដែរថា ចាប់ពីថ្ងៃទី ២ ខែកុម្ភៈនេះ តទៅអង្គការរបស់លោកសហការជាមួយនឹងមន្ទីរបរិស្ថានខេត្តសៀមរាបនឹងចាប់ផ្តើមធ្វើយុទ្ធនាការសម្អាតបឹងទន្លេសាប ក្នុងការកាត់បន្ថយប្លាស្ទិកតាមសហគមន៍នៅបឹងទន្លេសាប និងប្រគល់ឯកសារនិងចុះអនុស្សរណៈជាមួយនឹងសាលាមួយចំនួនផងដែរ ឱ្យអនុវត្តរយៈពេល ២ ឆ្នាំតែម្តង។
លោកថា នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោកនឹងជំរុញឱ្យសហគមន៍ជុំវិញបឹងទន្លេសាបទាំងអស់ធ្វើការសម្អាតសហគមន៍របស់ខ្លួន ដូចជាការសម្អាតផ្ទះត្រៀមអបអរទេវតាឆ្នាំថ្មីផងដែរ។
សូមបញ្ជាក់ដែរថា ក្រសួងបរិស្ថាន នឹងបន្តទៅជំហានបន្ទាប់សម្រាប់យុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ» ដែលទទួលបានការចូលរួមអនុវត្តពីប្រជាជនកម្ពុជាកន្លះប្រទេស ដោយមិនប្រើថង់ប្លាស្ទិក។ ជំហានទី២ នៃយុទ្ធនាការ គឺការចែកជូនធុងសំរាមទៅគ្រប់សាលារៀន និងវត្តអារាម ដែលអាចញែកសំរាម កន្លែងដាក់សំរាមសំណល់រឹង ប្លាស្ទិក សំរាមសម្រាប់កែច្នៃសម្រាប់ធ្វើជីជាដើម ហើយការសម្អាតបរិស្ថាន ដែលផ្តោតលើការសម្អាតសំណល់ ប្លាស្ទិក នៅលើដីនិងនៅក្នុងទឹក និងសម្អាតខ្យល់លើអាកាស។
ចំណែកជំហានទី៣ គឺការដាក់ចេញនូវការជំរុញលើការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ភាពស្រស់ស្អាតរបស់កម្ពុជា គ្មានការបំពុល និងឈានទៅលុបបំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជាក្នុងពេលអនាគត៕