ភ្នំពេញៈ គ្រូបារមីប្រុសស្រី ៨ រូប បានធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ដើម្បីបញ្ឈប់ការបន្តផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធនឹងជំនឿខុសពីការពិតដែលគ្មានប្រភពច្បាស់លាស់ ខណៈក្រសួងធម្មការ និងសាសនា ក៏បានអំពាវនាវឱ្យមហាជនបញ្ឈប់ចែកចាយវីដេអូគ្រូបារមីទាំងនោះបន្តទៀតដែរ។
ក្រសួងធម្មការ និងសាសនា បានបង្ហាញពីការចុះកិច្ចសន្យាជាមួយនឹងគ្រូបារមី គ្រូអូមអាមមួយចំនួនដែលបានផ្សព្វផ្សាយសកម្មភាពធ្វើឱ្យប៉ះពាល់ដល់តម្លៃសាសនា។
គ្រូបារមីដែលបានចុះកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធនឹងជំនឿខុសពីការពិតរួមមាន លោក ញ៉ឹប សុភិន ដែលមានឈ្មោះបារមី ជាលោកគ្រូ ១២ ភាសា, លោក វ៉ាត វុធ ដែលមានឈ្មោះបារមីជាលោកតាឥសីសំរិទ្ធ, លោក ស៊ីវ សុផល ដែលមានឈ្មោះបារមីជាលោកគ្រូបារមីមុន្នីឥសីខ្លា, លោក ស៊ូ សេងហួ និងលោក ម៉ម សាវិន។
បុគ្គលទាំង ៥ រូបនេះបានធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញដើម្បីលុបរាល់វីដេអូចាស់ៗ និងវីដេអូថ្មីដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គមផ្សេងៗពាក់ព័ន្ធនឹងការសូត្រធម៌មិនមានប្រភពច្បាស់លាស់ ហើយក៏មិនត្រូវធ្វើសកម្មភាពថតផ្សាយផ្ទាល់ (live) វីដេអូ ពេលទស្សន៍ទាយផងដែរ។ នេះបើយោងតាមក្រសួងធម្មការ និងសាសនា បានប្រកាសនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤។
ជាមួយគ្នានោះដែរ មន្ទីរធម្មការ និងសាសនានៅតាមខេត្តផ្សេងៗមួយចំនួនទៀតក៏បានឱ្យគ្រូបារមីនៅក្នុងខេត្តរបស់ខ្លួនធ្វើកិច្ចសន្យាដូចគ្នានេះដែរ ក្នុងនោះ រួមមាន លោក គឹន បុត្តា ដែលជាគ្រូដោះអំពើ និងអាបធ្មប់បានធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម, លោក ប៉ាន់ វណ្ណៈ ដែលជាគ្រូបារមីអូមអាមបានធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនាខេត្តកំពត, កញ្ញា សុខ នី ដែលមានឈ្មោះជាគ្រូទាយជោគវាសនា និងមើលជំងឺបានធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនាខេត្តក្រចេះដើម្បីបញ្ឈប់សកម្មភាពយកស្បង់ចីវរព្រះសង្ឃមកស្លៀកពាក់ ហើយបានបង្ហោះលើបណ្ដាញសង្គមដែលជារឿងខុសច្បាប់រដ្ឋ។
ក្រសួងធម្មការ និងសាសនាបានបញ្ជាក់ថា៖ «ក្រៅពីការធ្វើកិច្ចសន្យាលើគ្រូបារមីហើយសូមមហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗពាក់ព័ន្ធនឹងគ្រូបារមីគ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន»។
ទាក់ទងនឹងរឿងនេះដែរ លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា អ្វីដែលក្រសួងបានដាក់ចំណាត់ការមកលើគ្រូបារមីនេះជារឿងល្អដើម្បីកុំឱ្យបុគ្គលទាំងនោះធ្វើសកម្មភាពបង្កភាពវឹកវរដល់សង្គម និងធ្វើឱ្យប្រជាពលរដ្ឋត្រូវខាតបង់ទ្រព្យសម្បត្តិ និងពេលវេលាផងដែរ។
លោកបានបន្តថា ទន្ទឹមនឹងមានចំណាត់ការបែបនេះហើយ លោកក៏ស្នើឱ្យក្រសួងអនុវត្តចំណាត់ការទាំងនោះឱ្យបានទូលំទូលាយ និងបានគ្របដណ្ដប់គ្រប់គ្រូបារមីដែលបំពុលសង្គមផ្សេងៗទៀតទាំងអស់ផងដែរ។
លោក ឈត ប៊ុនថង បានបញ្ជាក់ថា៖ «ប្រសិនបើមិនមានចំណាត់ការហើយទុកឱ្យគ្រូបារមីទាំងនោះ បន្តសកម្មភាពបំពុលសង្គម នោះវាធ្វើឱ្យសង្គមយើងបោះបង់អ្វីដែលល្អនៅក្នុងព្រះពុទ្ធសាសនាក៏ដូចជា ទស្សនវិជ្ជារបស់អ្នកប្រាជ្ញផ្សេងៗហើយក៏ធ្វើឱ្យបងប្អូនយើងបាត់បង់ទ្រព្យសម្បត្តិឱកាសក្នុងការគិតដើម្បីដោះស្រាយបញ្ហាក៏ដូចឱកាសក្នុងការព្យាបាលជំងឺជាដើម»។
លោកបានបន្ថែមទៀតថា ជំនឿលើគ្រូបារមីនេះដែរ វាក៏អាចជាអាវុធមុខ ២ ប្រសិនបើជឿត្រូវ គឺវាធ្វើឱ្យមានភាពសុខសាន្ត និងរីកចម្រើនទៅមុខ ប៉ុន្តែប្រសិនបើជឿខុស នោះវាធ្វើឱ្យវង្វេង ភាន់ច្រឡំ ខាតបង់ទ្រព្យសម្បត្តិ ហើយនិងបាត់បង់ឱកាសក្នុងការអភិវឌ្ឍខ្លួនទៅមុខទៀតផង៕