​ភ្នំពេញៈ រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ «​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​»​ ដែល​ក្រុមការងារ​នេះ​មាន​តួនាទី​ដោះស្រាយ​គម្រោង​វិ​និ​យោគ​ជាប់គាំង និង​ទាក់ទាញ​វិនិយោគ ​ខណៈ​គិត​ត្រឹម​ខែមករា​ឆ្នាំ​ ២០២៤ ​មាន​អគារ​ផ្អាក​ដំណើរ​ការសាងសង់​ជាង​ ៣៦០ ​អគារ ដែល​ត្រូវការ​ទុនវិនិយោគ​បន្ថែម​ប្រមាណ ១​ ពាន់​លាន​ដុល្លារ​។​

​អនុក្រឹត្យ​ស្តីពី​ការបង្កើត ក្រុម​ការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​​ណែ​ត កាលពី​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ ​២០២៤ បានឱ្យដឹងថា ក្រុម​ការងារ​នេះ​មាន​តួនាទី​ដឹកនាំ​សម្របសម្រួល និង​អនុវត្ត រួម​ទាំង​វិធានការ​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់គាំង​ក្នុង​ខេត្ត​ព្រះ​សីហនុ ដោយ​ដើរតួនាទី​ជា​ «​ច្រក​ចេញចូល​តែមួយ​» ដែលមាន​សិទ្ធិ​ពិនិត្យ​សម្រេច​និង​ផ្ដល់​លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​នានា ជា​កញ្ចប់​ទៅលើ​គម្រោង​វិនិយោគ និង​សកម្មភាព​ធុរកិច្ច​។​


​អនុក្រឹត្យ​លើកឡើងថា ក្រុម​​ការងារ​ត្រូវ​រៀបចំ​ឯកសារ​ចាំបាច់​នានា និង​នីតិវិធី​អនុវត្ត​ការងារ​របស់​ក្រុមការងារ និង​ធ្វើ​កិច្ចសហការ​ល្អជា​មួយ​ក្រសួង​ស្ថា​ប័ន​ពាក់ព័ន្ធ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សា​ធារ​ណៈ នូវ​កម្មវិធី​ពិសេស​ឱ្យបាន​ទូលំទូលាយ​ធ្វើការ​ពន្យល់​ឱ្យបាន​ច្បាស់ ត្រឹមត្រូវ និង​ផ្តល់​សេវា​បដិសណ្ឋារកិច្ច និង​កិច្ចសហការ​ល្អ​ដល់​វិនិយោគិន និង​ធុរជន​ទាំង​ក្នុងប្រទេស និង​ក្រៅ​ប្រ​ទេស​។ 

​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ​«​កម្មវិធី​ពិសេស​ជំរុញ​ការ​វិ​និ​យោគ​ក្នុង​ខេត្ត​ព្រះសីហនុ​» ​នៅ​ថ្ងៃទី ​៣១ ខែមករា ឆ្នាំ​ ២០២៤ លោក ហ៊ុន​ ​ម៉ា​ណែ​ត បាន​ថ្លែងថា កម្មវិធី​ពិសេស​ថ្មី​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ថ្មី​មួយទៀត​ដែល​បានបញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង និង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ដោយ​ឥត​ងាករេ នៅក្នុង​ការបម្រើ​ជាតិ និង​ការអភិវឌ្ឍ​សង្គម សេដ្ឋ​កិច្ច របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី៧ ​នៃ​រដ្ឋសភា​។


លោក​បន្តថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈមមុខ និង​ជំរុញ​ការ​អភិវឌ្ឍ​សម្រាប់​រយៈពេល​មធ្យម និង​វែង ការគិតគូរ​របស់​យើង​ត្រូវតែមាន​លក្ខណៈ​ជា​កញ្ចប់ ដើម្បី​លើកស្ទួយ​សកម្មភាព​ធុរកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅក្នុង​ខេត្ត​ឱ្យ​កាន់តែខ្លាំង​។​

​ក្នុងន័យនេះ​រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​កម្មវិធី​ពិសេស​ជំរុញ​ការ​វិ​និ​​យោគ ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​ ២០២៤ សំដៅ​កសាង​ខេត្ត​នេះ​ទៅជា​ខេត្ត​ឈានមុខ និង​ជា​ខេត្ត​គំរូ​ក្នុងការ​ជំរុញ​ការ​វិ​និ​​យោគ និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ប្រែក្លាយ​ខេត្ត​នេះ​ទៅជា​ខេត្ត និង​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ព្រមទាំង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​ស្ទុះ​ឡើង​ក្នុង​រយៈពេល​ខ្លី​។​

​លោក​បន្តថា​៖ ​​«​រាជ​រដ្ឋា​​ភិ​បាល​រំពឹងថា កម្មវិធី​ពិសេស​នេះ នឹង​អាច​ចូលរួមចំណែក​ប្រែក្លាយ​មុខមាត់ និង​អនាគត​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​ប៉ូល​សេដ្ឋកិច្ច​ចម្បង និង​គំរូ​មួយ​របស់​កម្ពុជា តាមរយៈ​ការដោះស្រាយ​បញ្ហា​ដែលមាន​ចំពោះមុខ ក៏ដូចជា​ការប្រើប្រាស់​ស​ក្តា​នុព​ល និង​ធនធាន​អំណោយផល​ដែលមាន​ស្រាប់ នៅក្នុង​ខេត្ត​តំបន់​ជាប់​សមុទ្រ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​»​។

​ក្នុង​ស្មារតី​នេះ កម្មវិធី​ពិសេស​នេះ ត្រូវបាន​រចនា​ឡើង​សំដៅ​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់គាំង និង​បញ្ហា​ប្រឈម​នានា​របស់​វិស័យ​ឯកជន​ជាមួយនឹង​ការ​សម្រប​​សម្រួល​ទៅនឹង​កន្លែង និង​ការផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​សារពើពន្ធ និង​មិនមែន​សារពើពន្ធ ជូន​វិនិយោគិន និង​ធុរជន ព្រម​ជាមួយនឹង​ការលើកកម្ពស់​វិស័យ​ឧស្សាហកម្ម​នានា​។

លោក​ ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា​៖​​ «​ឆ្នាំនេះ​យើង​ដាក់​គោលដៅ​ ២ ដែល​ទី​ ១ គឺ​ខេត្តសៀមរាប យើង​រៀបចំ​កម្មវិធី​ទស្សនា​សៀមរាប ២០២៤ ឥឡូវ​យើង​ដាក់ចេញ​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះ​សី​ហ​នុ ឆ្នាំ​ ២០២៤ ដែលជា​គោលដៅ​ទី​២​។​ ​ពិតណាស់​គ្រប់កន្លែង​ទាំងអស់ គ្រប់​វិស័យ​ទាំងអស់​សុទ្ធតែ​មាន​ជា​ចលករ​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​របស់​យើង ប៉ុន្តែ​នៅក្នុង​នោះ​ក៏ត្រូវ​គិតគូរ​អំពី​គន្លឹះ និង​តំបន់​សំខាន់​ដែល​ត្រូវ​វាយលុក​ខ្លាំង​»​។

​នា​ពិធី​នោះដែរ​លោក ​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​លើកឡើង​ដែរ​ថា ការដាក់​អនុវត្ត​កម្មវិធី​ពិសេស​នេះ ដើម្បី​ជំរុញ​សកម្មភាព​ធុរកិច្ច និង​ការវិនិយោគ សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឱ្យទៅជា​ខេត្ត​ដឹកមុខ​ក្នុងការ​លើកស្ទួយ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​បរិ​ការដែល​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក និង​​តំបន់​កំពុងតែបន្ត​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ខ្ពស់​។​

ទិដ្ឋភាពជ្រុង ​​១ នៃខេត្ត​ព្រះសីហនុ​ នាពេល​កន្លងមក​។ រូបថត រ៉ាស់ហ៊ីម

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ណែនាំ​ក្រុមការងារ​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់គាំង​ក្នុង​ខេត្ត​ព្រះ​សីហនុ និង​អគ្គលេខាធិការដ្ឋាន​នៃ​គណៈ​ក​ម្មា​ធិ​ការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ជាបន្ទាន់​ដើម្បី​រៀបចំ​កម្មវិធី​ពិសេស​នេះ​ឱ្យ​រួចរាល់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ពោល​ក្នុង​រង្វង់​ប្រមាណ ១ ​ខែ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​»​។​

​លោក ​អូន ព័ន្ធមុនីរ័ត្ន​ថ្លែងថា ជាការ​ពិត​ខេត្ត​ព្រះសីហនុ ត្រូវបាន​ចាត់ទុកថា ជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​មាន​ទីតាំង​ធនធាន ហេ​ដ្ឋា​រចនា​សម្ព័ន្ធ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំៗ ដែល​អំណោយផល​ដល់​ការជំរុញ​សកម្ម​ភាព​ធុរកិច្ច ពាណិជ្ជកម្ម​ការវិនិយោគ និង​ផលិតកម្ម ព្រមទាំង​អាច​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការជំរុញ ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ទាំងមូល​ឱ្យ​ហក់​ឡើង​ខ្ពស់​។​

​ចាប់ពី​ឆ្នាំ​ ២០១៦ ​មក ការវិនិយោគ ក្នុង​ខេត្ត​ព្រះសីហនុ មាន​សម្ទុះ​កើន​ឡើង​យ៉ាងគំហុក ជាពិសេស​មានការ​រីកដុះដាល​យ៉ាង​លឿន​ក្នុង​ចំនួន​ដ៏​ច្រើន​នូវ​សំណង់​អគារ ជា​សណ្ឋាគារ ភោ​ជនី​​យ​ដ្ឋា​ន ហាង​លក់ទំនិញ និង​កន្លែង​ស្នាក់នៅ​ជាដើម​។

លោក​បន្តថា ទោះ​ជា​យ៉ាងនេះ​ក្តី ក្នុងដំណាក់កាល​ពី​ឆ្នាំ ២០១៩​ តម​ក ការផ្លាស់ប្តូរ​ក្នុង​ការវិវឌ្ឍ​នៃ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច គួបផ្សំ​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ និង​បញ្ហា​ប្រឈម​ជាស​កល​ផ្សេងទៀត​បាន​បណ្តាលឱ្យ​សំណង់​អគារ​ជាច្រើន​ត្រូវបាន​ផ្អាក​ឬ​បញ្ឈប់​ដំណើរការ​សាងសង់​។​

​បើតាម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច អគារ​ដែល​ត្រូវបាន​ផ្អាក​ដំណើរ​ការសាងសង់​មាន​ចំនួន ៣៦២ ​អគារ​ ដែល​ត្រូវការ​ទុន​​វិនិយោគ​បន្ថែម​ប្រមាណ ១ ១៦១​ លាន​ដុល្លារ ដើម្បី​បញ្ចប់​ការសាងសង់ ខណៈ​អគារ​ត្រូវបាន​សាងសង់​រួច ប៉ុន្តែ​ពុំទាន់​បាន​ដំណើរការ​មាន ១៧៦​ អគារ​។

​លោក​បញ្ជាក់ថា​៖ «​ដើម្បី​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​វិធានការ​ការគាំទ្រ​ជា​បន្តបន្ទាប់​មាន​ជាអាទិ៍ ការកសាង​ផ្លូវ​ល្បឿន​លឿន ការកសាង​ផ្លូវ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​សំខាន់ៗ​ទូទាំង​ខេត្ត​ជាពិសេស​ការដាក់ចេញ​វិធានការ​ជា​កញ្ចប់ ​ដើម្បី​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់គាំង កាលពី​ខែមីនា ឆ្នាំ​ ២០២៣ ដែល​រួម​បញ្ចូល​វិធានការ​ទូទៅ និង​វិធានការ​លើកទឹកចិត្ត​សម្រាប់​អនុវត្ត​រហូតដល់​ឆ្នាំ​ ២០២៦»​។​

​លោក​ ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ទីភ្នាក់ងារ​អចលនវត្ថុ​បាន​ថ្លែងថា ការបង្កើន​យន្តការ​ក្រុម​ការ​ងារ​ពិសេស​ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ គឺជា​មូលដ្ឋាន​ល្អ​ដើម្បី​រៀបចំ​គោល​ការណ៍​ឬ​គោលនយោបាយ​ដើម្បី​ធ្វើ​កិច្ច​ការ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​ថា​៖ «​ក្រុមការងារ​ធ្លាប់បាន​បង្កើតឡើង​កាលពី​ឆ្នាំមុន ហើយ​បាន​ដោះស្រាយ​ការងារ​យ៉ាងច្រើន ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន​ជា​ពិសេស​អ្នកវិនិយោគ​ក្នុងស្រុក នឹង​ចាប់​ដៃគូ​ពី​បរទេស​»​។

លោក​លើកឡើងថា ​ក្នុងករណី​អគារ​ជាប់គាំង​នៅ​ខេត្ត​ព្រះ​សីហនុ​ដោយសារតែ​ភាគច្រើន​អ្នក​វិ​និ​យោគិន​បរទេស​ជួប​បញ្ហា​វិបត្តិ​កូ​វីដ​ហើយ​លោក​សង្ឃឹមថា តាមរយៈ​ការបង្កើន​ក្រុមការងារ​នេះ នឹង​អាច​ទាក់ទាញ​អ្នកវិនិយោគ​មក​កម្ពុជា​បន្តិច​ម្តងៗ​៕