ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិលោក ស ថេត បានណែនាំដល់កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសត្រូវបន្ដយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្ដគ្រប់ប្រភេទ ខណៈឆ្លងកាត់យុទ្ធនាការនាប៉ុន្មានថ្ងៃមកនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។
ការណែនាំរបស់លោក ស ថេត បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបដកពិសោធរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីមន្ត្រីនគរបាលចរាចរណ៍ ស្នងការនគរបាលរាជធានីខេត្ត និងមន្ត្រីខណ្ឌទាំង ១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះបើតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ។
លោក ស ថេត បានឱ្យដឹងថា ឆ្លងកាត់យុទ្ធនាការប៉ុន្មានថ្ងៃនេះ នៅរាជធានីភ្នំពេញ អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ បើធៀបនឹងរយៈពេលមុននៃយុទ្ធនាការត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរ។
លោកបានបញ្ជាក់ថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារមានការចង្អុលបង្ហាញ ការដាក់បទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ខ្ញុំបានចាត់ចែងបញ្ជាផ្ទាល់ទៅឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដើម្បីបើកយុទ្ធនាការមួយធ្វើការត្រួតពិនិត្យគ្រឿងស្រវឹង។ ជាលទ្ធផលនៅរាជធានីភ្នំពេញមានការថយចុះចំនួនគ្រោះថ្នាក់ មានន័យថា យើងដើរតាមផ្លូវមួយដែលត្រឹមត្រូវ»។
បន្ថែមពីនេះលោកថា សម្រាប់យុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ មិនអាចដកថយបានឡើយ។ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឬឈានទៅលុបបំបាត់ភាពអនាធិបតេយ្យលើការមិនគោរពច្បាប់ចរាចរណ៍។
បើតាមលោក ស ថេត នៅពេលខាងមុខ រាជធានី-ខេត្តណាដែលនៅតែបន្ដកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ទៀត នឹងត្រូវកោះប្រជុំដាច់ដោយឡែកដើម្បីដកពិសោធបន្ដទៀត។
លោកបានឱ្យដឹងទៀតថា៖ «ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ពិសេសនៅពេលរាត្រី គឺបានឈានទៅទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើង បទល្មើសព្រហ្មទណ្ឌ មុខសញ្ញាទើបចេញពីពន្ធនាគារជាដើម។ ដូច្នេះការងារនេះមិនអាចធ្វើត្រឹមមួយរយៈពេលបាននោះទេ ពោលគឺត្រូវបន្ដអនុវត្តជាបន្ដបន្ទាប់ ហើយដោយមិនជូនដំណឹងជាមុនឡើយ»។
ជាមួយគ្នានេះ លោក ស ថេត ក៏បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់នៅពេលអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ត្រូវប្រើប្រាស់អាកប្បកិរិយា ពាក្យសម្ដីឱ្យបានសមរម្យ ហើយត្រូវលុបបំបាត់បាតុភាពអសកម្មផ្សេងៗ ចៀសវាងការទិតៀនពីសំណាក់ប្រជាពលរដ្ឋ។ ប៉ុន្ដែកម្លាំងសមត្ថកិច្ចត្រូវអនុវត្តការងារនេះឱ្យបានម៉ឺងម៉ាត់ និងគ្មានការលើកលែងឱ្យឡើយ ចំពោះបុគ្គលទាំងឡាយដែលរារាំងដល់សមត្ថកិច្ច។
ទាក់ទងនឹងលទ្ធផលនៃការអនុវត្ដយុទ្ធនាការត្រួតពិនិត្យជាត់អាល់កុលនាប៉ុន្មានថ្ងៃមកនេះ លោកសំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនសុំការបញ្ជាក់បានទេ កាលពីថ្ងៃម្សិលមិញ។
ក៏ប៉ុន្ដែបើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា យុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនគបាលខណ្ឌទាំង ១៤ បានរកឃើញអ្នកបើកបរមានជាតិស្រវឹង [អាល់កុល] ដែលជាម្ចាស់យានយន្តសរុបចំនួន ២៧៩ គ្រឿង។ ក្នុងនោះមានរថយន្តចំនួន ១៤៥ គ្រឿងនិងម៉ូតូចំនួន ១៣៤ គ្រឿង។
នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា លោក គឹម បញ្ញា បានគាំទ្រលើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នេះ ហើយលោកបានជំរុញដល់កម្លាំងនគរបាលធ្វើឱ្យបានជាប់លាប់ដោយមិនត្រឹមតែផ្តោតលើកត្តាជាតិអាល់កុលនោះទេ តែក៏ត្រូវផ្តោតលើកត្តាផ្សេងៗទៀតដែលបង្កឱ្យមានគ្រោះថ្នាក់ផងដែរ។
លោកបានបញ្ជាក់ថា៖ «គ្រោះថ្នាក់ចរាចរណ៍ដែលអាចកាត់បន្ថយបានត្រូវមានវិធានការចាំបាច់មួយចំនួនដូចជា ការរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្តោតលើកត្តាគ្រឿងស្រវឹងបើកលើសល្បឿនកំណត់ ប៉ុន្តែសូមធ្វើឱ្យបានទូលំទូលាយ និងជាប់លាប់ មិនអាចធ្វើតែពេលគ្រោះថ្នាក់ចរាចរណ៍កើនឡើងទេ។ មួយទៀតសូមធ្វើដោយតម្លាភាពប្រសិនបើគាត់បើកបរខុសច្បាប់ ត្រូវពិន័យតាមច្បាប់កំណត់»។
បន្ថែមពីនេះលោកថា អាជ្ញាធរពាក់ព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយបន្ថែមទៀត។
លោកថា៖ «ការអនុវត្តច្បាប់ជារឿងមួយ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ ត្រូវគិតពិចារណាឱ្យមានគោលនយោបាយ និងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងការដំឡើងពន្ធលើគ្រឿងស្រវឹងដើម្បីធ្វើម៉េចកាត់បន្ថយលទ្ធភាពអ្នកប្រើប្រាស់គ្រឿងស្រវឹង»។
យោងតាមក្រសួងមហាផ្ទៃក្នុងឆ្នាំ ២០២៣ គ្រោះថ្នាក់កើតឡើងសរុបចំនួន ៣ ៣១៧ លើក (យប់ ៥៥ ភាគរយ) បណ្តាលឱ្យស្លាប់ ១ ៥៩០ នាក់ និងរបួស ៤ ៥១៥ នាក់ (ធ្ងន់២ ៧៦៦នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៤១ ភាគរយ មិនគោរពសិទ្ធិ ២២ ភាគរយ មិនប្រកាន់ស្តាំ ៩ ភាគរយ កត្តាយានយន្ត ៥ ភាគរយ ស្រវឹង ៣ ភាគរយ មិនគោរពភ្លើងសញ្ញា ១ ភាគរយ កត្តាសុខភាព ១ ភាគរយ និងកត្តាអាកាសធាតុ ១ ភាគរយ។
ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨០ ភាគរយ មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៩ ភាគរយ។ គ្រោះថ្នាក់បានកើតឡើងភាគច្រើននៅក្នុងរាជធានីភ្នំពេញ ៩៥០ លើក ខេត្តព្រះសីហនុ ៣០៦ លើក និងខេត្តតាកែវ ២៧០ លើក។
បើគិតក្នុងឆ្នាំ ២០២៣ ធៀបនឹងឆ្នាំ ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍កើន ៣៤១ លើក ស្មើ ១១ ភាគរយ (៣ ៣១៧/២ ៩៧៦ លើក) ប៉ុន្តែចំនួនអ្នកស្លាប់បានថយចុះ ១១៩ នាក់ ស្មើ ៧ ភាគរយ (១ ៥៩០/១ ៧០៩ នាក់) និងចំនួនអ្នករបួសកើនឡើង ៤៨៩ នាក់ ស្មើ ១២ ភាគរយ៕