ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យធ្វើសារាចរណែនាំ បញ្ឈប់ការអនុញ្ញាតឱ្យបើកអាជីវកម្មបាញ់ស៊ីប ឬអាជីវកម្មបាញ់កាំភ្លើងស៊ីវិលថ្មី នៅទូទាំងប្រទេសជាពិសេសនៅខេត្តព្រះសីហនុ ចៀសវាងកើតមានបញ្ហា។
លោកសង្កត់ធ្ងន់ថា អាជីវកម្មប្រភេទនេះជារឿងមិនចាំបាច់ ហើយត្រូវងាកទៅពង្រឹងការត្រួតពិនិត្យទីតាំងអាជីវកម្មដែលកំពុងដំណើរការ។ ការណែនាំរបស់លោកហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤»នាថ្ងៃទី ៣១ មករា។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបើកអាជីវកម្មបាញ់ស៊ីបថ្មីៗ ជារឿងមិនចាំបាច់ ហើយអាជ្ញាធរត្រូវត្រួតពិនិត្យលក្ខណៈបទដ្ឋានបច្ចេកទេសនៅរាល់បណ្តាទីតាំងអាជីវកម្មបាញ់ស៊ីបចាស់ៗ ដែលកំពុងដំណើរការ។
លោកបញ្ជាក់ថា៖ «បើកន្លែងខ្លះ សុំអាជ្ញាប័ណ្ណហើយអត់ធ្វើអ្វី យកធ្វើអ្វីរាប់ឆ្នាំអ៊ីចឹង? បិទចោលតែម្តងហើយកន្លែងដែលប្រតិបត្តិដែលមានអាជ្ញាប័ណ្ណពីមុន ដូចនៅកន្លែងកងទ័ពនីមួយៗត្រូវត្រួតពិនិត្យឱ្យច្បាស់ ការគ្រប់គ្រងឱ្យច្បាស់ កុំឱ្យមានបញ្ហា»។
លើសពីនេះលោកនាយករដ្ឋមន្ត្រី មិនត្រឹមតែមិនឱ្យមានការបើកអាជីវកម្មបាញ់ស៊ីបថ្មី នៅខេត្តព្រះសីហនុទៀតនោះទេ ថែមទាំងបញ្ជាឱ្យបិទទីតាំងអាជីវកម្មបាញ់ស៊ីបក្នុងខេត្តនេះចំនួន ២ ទីតាំងដែលកំពុងដំណើរការទៀតផង។
លោកថា៖ «ក្លិបបាញ់កាំភ្លើងឯកជន ព្រោះតែបើកត្រូវមានសិទ្ធិទិញកាំភ្លើង ទិញគ្រាប់ ហើយយកទៅណា? មិនបាច់តែម្តងទៅ។ មកខេត្តព្រះសីហនុ ដើរលេងកោះទៅ កុំបាញ់កាំភ្លើង ហើយទីតាំងកងទ័ពដែលមានទីលានបាញ់ កុំបាច់បើកឱ្យមានអាជីវកម្មដើម្បីជនស៊ីវិលទៅបាញ់អី ទុកឱ្យតែទាហានបាញ់ទៅ ល្អជាង»។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី ៣១ ខែមករាថា រដ្ឋបាលខេត្តព្រះសីហនុ គាំទ្រចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រីចំពោះការបិទទីតាំងអាជីវកម្មបាញ់ស៊ីបឯកជនទាំង ២ ទីតាំងនៅភូមិសាស្ត្រខេត្តនេះ ក៏ដូចជាការហាមប្រាមមិនឱ្យមានការបើកអាជីវកម្មនេះតទៅទៀត ដែលរដ្ឋបាលខេត្តនឹងចាប់អនុវត្តពីពេលនេះតទៅ។
លោកថា៖ «យើងយល់ច្បាស់ថា អ្វីដែលជាបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចធិបតីនេះជារឿងត្រឹមត្រូវបំផុតដោយសារខេត្តព្រះសីហនុនេះ ជាទីតាំងសក្តានុពលទេសចរណ៍ធម្មជាតិ ព្រៃព្រឹក្សា ឆ្នេរ កោះជាដើម ដែលជាគោលដៅនៃការទាក់ទាញទេសចរណ៍ ដែលយើងមិនចាំបាច់បង្កើតទីតាំងបាញ់ស៊ីបនេះទេ»។
លោក ឌីម៉ង់ យល់ថា ចំណាត់ការនេះ នឹងជួយពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របស់ខេត្ត ដែលបម្រើឱ្យការទាក់ទាញអ្នកទេសចរ និងបង្កើនទំនុកដល់អ្នកវិនិយោគហើយអាចចូលរួមចំណែកទប់ស្កាត់ការប្រើប្រាស់អាវុធខុសច្បាប់ ក៏ដូចជាចរាចរណ៍អាវុធខុសច្បាប់ផងដែរ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាសាទរចំពោះវិធានការរបស់លោកហ៊ុន ម៉ាណែតក្នុងកិច្ចអន្តរាគម៍ទៅលើអាជីវកម្មបាញ់ស៊ីបនេះ ដែលលោកយល់ស្របថា ជារឿងមិនចាំបាច់នៅក្នុងសង្គម ហើយដែលកន្លងមកកើតមានភាពអនាធិបតេយ្យមួយចំនួនជុំវិញការបាញ់បោះសេរីនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
លោកថា៖ «កិច្ចការនេះជារឿងល្អដើម្បីរឹតបន្តឹង ការកាន់កាប់អាវុធ និងគ្រឿងជាតិផ្ទុះនេះ ជាពិសេសបង្ការការបាញ់បោះអនាធិបតេយ្យនានានៅកម្ពុជាយើង ជាពិសេសក្រុងព្រះសីហនុហើយជាយន្តការការពារសន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងអាជីវកម្មហាត់បាញ់កាំភ្លើងទាំងនោះផងដែរ»។
លោក ប៉ា ចន្ទរឿន យល់ថា បញ្ហាអាវុធយុទ្ធភណ្ឌនេះ បើមិនអាចគ្រប់គ្រងបានច្បាស់លាស់ទេ នោះអាចកើតមានសោកនាដកម្មជាយថាហេតុណាមួយជាក់ជាពុំខាន ហើយកន្លែងហាត់បាញ់កាំភ្លើងទាំងនេះ គឺសម្រាប់បម្រើដល់អ្នកមានសមត្ថកិច្ចដើម្បីពង្រឹងបច្ចេកទេសប្រើប្រាស់កាំភ្លើង ប៉ុន្តែជារួមវាជាហានិភ័យក្នុងសង្គមមួយដែលត្រូវរឹតបន្តឹង។
ចំណែកលោក ហូ វណ្ឌឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ក៏បានបង្ហាញការគាំទ្រផងដែរថា នេះជាផ្នែកមួយនៃការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលកន្លងមកធ្លាប់កើតមានករណីបាញ់បោះអនាធិបតេយ្យកើតឡើង តួយ៉ាងក្នុងភូមិសាស្ត្រខេត្តព្រះសីហនុផ្ទាល់។
លោកយល់ថា៖ «ការប្រើប្រាស់កាំភ្លើងដូចជាការផ្តល់កម្លាំងមួយដល់អ្នកកាន់កាប់កាំភ្លើង បើក្នុងករណីរដ្ឋលុបបំបាត់ ឬកាត់បន្ថយបានកាន់តែច្រើន កាន់តែល្អ ដែលផ្តល់ផាសុកភាពដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាក្បែរទីតាំងធ្វើអាជីវកម្មបាញ់ស៊ីបហ្នឹង ក៏ដូចជាបង្កើនទំនុកចិត្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលកម្សាន្តខេត្តព្រះសីហនុ ក៏ដូចជាក្នុងប្រទេសកម្ពុជាយើង»។
បន្ថែមពីនេះ លោក វណ្ឌឌី ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគ និងម្ចាស់អាជីវកម្មក្លិបបាញ់កាំភ្លើងឯកជនទាំងឡាយ បង្វែរការវិនិយោគរបស់ខ្លួនទៅលើសេវាកម្សាន្តផ្សេងៗទៀតដែលអាចទាក់ទាញភ្ញៀវទេសចរ នៅចំពោះមុខការហាមប្រាមរបស់រដ្ឋាភិបាលនាពេលនេះ៕