ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ឈាង រ៉ា បាន​ណែនាំ​ដល់​មន្ត្រីក្រោមឱវា​ទ​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​ការលើកកម្ពស់​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ការអនុវត្ត​ច្បាប់ ដើម្បី​នានា​បាន​នូវ​ផែនការ​គ្របដណ្តប់​សុខុមាលភាព​សាធារណៈ​ជាស​កល​នៅ​កម្ពុជា​។​


ក្នុងឱកាស​ចុះ​ពិនិត្យ​វឌ្ឍនភាព និង​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៤ លោក ឈាង រ៉ា បាន​ថ្លែង​កោតសរសើរ ចំពោះ​មន្ត្រី​សុខាភិបាល​នៃ​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល​ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត ចូលរួមចំណែក​ក្នុងការ​បម្រើសេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ជាពិសេស​ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​១៩​។​

យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងសុខាភិបាល​នាឱកាស​នោះ លោក ឈាង រ៉ា បានឱ្យដឹងថា មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ធានា​ឱ្យបាន​ទាំង​គុណភាព សុវត្ថិភាព បរិ​យាប​ន្ន និង​នវានុវត្តន៍ នៃ​មន្ទីរពិសោធន៍​ទាំង​៣ របស់​មជ្ឈមណ្ឌល​ជាតិ និង​ពង្រឹង​បន្ថែម​កិច្ចសហការ​ជាមួយ​នាយកដ្ឋាន​ឱសថ សុវត្ថិភាព​ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​។​


លោក​បន្តថា​៖«​ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត​លើ​ការលើកកម្ពស់​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ការអនុវត្ត​ច្បាប់​ក្នុង​វិស័យ​សុខាភិបាល និង​ត្រូវ​បន្ត​ពង្រឹង​ការងារ​អភិបាលកិច្ច និង​ការងារ​គ្រប់គ្រង តាមរយៈ​ការបណ្តុះបណ្តាល​បន្ត​ជាប្រចាំ​ពី​ភាពជា​អ្នកដឹកនាំ និង​នវានុវត្តន៍ ដល់​មន្ត្រី​បុគ្គលិក និង​ជំរុញ​ការធ្វើ​ទំនើបកម្ម​ការងារ​អភិបាលកិច្ច​និង​គ្រប់គ្រង​ដោយ​ប្រើប្រាស់​នូវ​កាលានុវត្តភាព​របស់​ប​ច្ចេក​វិទ្យា​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​

លោក ក៏បាន​ស្នើឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​សំណង់​អគារ សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ ពិសេស​ម៉ាស៊ីន​ពិសោធន៍ និង​ឧបករណ៍​ផ្សេងៗ និង​បន្ត​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យមាន​ជំនាញ​ច្បាស់លាស់ ដែលជា​គន្លឹះ​សំខាន់ សម្រាប់​ជំរុញ​ពិពិធ​កម្ម និង​កំណើនសេដ្ឋកិច្ច ប្រកបដោយ​បរិ​យាប​ន្ន និង​ភាព​ធន់​។​


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ថ្មីៗ​នេះ​ក៏បាន​ណែ​នាំឱ្យ​ក្រសួងសុខាភិបាល ពង្រឹង​វិធានការ​សុខាភិបាល ដោយ​ត្រូវ​ជំរុញ​សេវា​សុខាភិបាល​ឱ្យ​កាន់តែ​ល្អប្រសើរ និង​បង្កើន​កម្រិត​សមត្ថភាព​នៃ​ការព្យាបាល​ជូន​ពលរដ្ឋ ដោយ​ត្រូវ​រៀបចំ​ជា​ផែនការ​សកម្មភាព ដើម្បី​ដាក់ឱ្យអនុវត្ត​តែម្តង​ដែល​រាជរដ្ឋាភិបាល​ត្រូវធ្វើ​យ៉ាងម៉េច​បង្ការ​នូវ​ការឈឺ​ថ្កាត់​របស់​ប្រជាពលរដ្ឋ​។ 

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ លោក គួ​ង ឡូ ថ្លែងថា មន្ទីរ​សុខាភិបាល​ខេត្ត​បាន​អនុវត្ត​និង​ផ្តោតជាសំខាន់​គឺ​ការផ្ដល់សេវា​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព សមធម៌ និង​សុវត្ថិភាព រួម​នឹង​ការណែនាំ​ឱ្យ​ក្រុមគ្រូពេទ្យ​បង្កើន​ការយកចិត្តទុកដាក់​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​។ 

លោក​ថ្លែងថា​៖«​យើង​តែងតែ​អនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ ឬ​អនុសាសន៍​របស់​ក្រសួងសុខាភិបាល និង​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត ដោយ​ឈរលើ​គោលការណ៍​បម្រើ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ឆ្លើយតបបាន​ទាន់ពេលវេលា​»៕