ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងឱ្យដឹងថា ការផ្តល់​ការគោរព​សិទ្ធិ​ដល់​ពលរដ្ឋ​ទូទៅ និង​ជនបរទេស គឺជា​កាតព្វកិច្ច​ដែល​កម្ពុជា​ត្រូវធ្វើ​ឱ្យ​ល្អ​បំផុត​ជាពិសេស​ក្នុង​អាណត្តិ​ទី​៧​នេះ ដែល​ក្រសួង​បាន​យកចិត្តទុកដាក់​ជាអាទិ​ភាពមិន​ថា ជនបរទេស ឬ​ប្រជាពលរដ្ឋ​ខ្មែរ​។ នេះ​ជាការ​ថ្លែង​របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក Santo Darmosumarto ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា នៅ​ទីស្តីការក្រសួង​ការងារ កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៤​។​


​លោក ហេង សួរ បានឱ្យដឹងថា នៅ​ឆ្នាំ​២០២៤​នេះ កម្ពុជា​-​ឥណ្ឌូនេស៊ី ប្តេជ្ញា​ពង្រឹង​កិច្ចសហការ​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយបាន​ឯកភាពគ្នា​លើ​ការពង្រឹង​កិច្ចសហការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាមរយៈ​ការផ្តល់​អាហារូបករណ៍ និង​លទ្ធភាព​នៃ​ការផ្លាស់ប្តូរ​សិក្ខាកាម​បច្ចេកទេស​នៃ​ប្រទេស​ទាំង​២​។ 

ក្រសួង​បាន​បញ្ជាក់ដែរថា លោក Santo Darmosumarto ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​មើលថែ​ពលរដ្ឋ​ខ្លួន​ដែល​កំពុងធ្វើការ និង​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​ដោយ​គ្មាន​ការរើសអើង​។​


​លោក ហេង សួរ បាន​ថ្លែង​តប​នឹង​ការលើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា ថា ៖ «​ក្រសួង​ការងារ​ក្នុងនាម​ជា​ប្រទេស​ទទួល និង​ក្នុងនាម​ជា​មិត្ត​នៅក្នុង​តំបន់​អាស៊ាន ការផ្តល់​ការគោរព​សិទ្ធិ​ដល់​ពលរដ្ឋ​ទូទៅ និង​ជនបរទេស​ជា​កាតព្វកិច្ច​ដែល​កម្ពុជា​ត្រូវធ្វើ​ឱ្យ​ល្អ​បំផុត​ជាពិសេស​ក្នុង​អាណត្តិ​ទី​៧​នេះ ដែល​ក្រសួង​បាន​យកចិត្តទុកដាក់​ជាអាទិ​ភាពមិន​ថា ពលរដ្ឋ​បរទេស​ក្នុង​ទឹកដី​កម្ពុជា ឬ​ពលរដ្ឋ​កម្ពុជា​ដែល​ចេញទៅ​បម្រើការ​នៅ​បរទេស​នោះទេ​»​។​

ក្នុងឱកាស​នោះដែរ ភាគី​ទាំងពីរ ក៏បាន​ជជែក និង​ចែករំលែក​ពី​ទស្សនៈវិស័យ​ក្នុងនាម​ប្រទេស​បញ្ជូន​ពលករ​ទៅកាន់​ពិភពលោក​ដូចគ្នា ហើយ​ថ្នាក់ដឹកនាំ​ទាំង​២ ក៏បាន​លើកឡើង​ពី​ការពិនិត្យ​លទ្ធភាព​ផ្តល់​អាហារ​រូបករណ៍​ដល់​ពលរដ្ឋ​កម្ពុជា​លើ​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ដែល​ឥណ្ឌូនេស៊ី​មាន​សក្តានុពល និង​លទ្ធភាព​នៃ​ការផ្លាស់ប្តូរ​សិក្ខាកាម​ផ្នែក​បច្ចេកទេស​វិជ្ជាជីវៈ​រវាង​ប្រទេស​ទាំង​២​។​


​សម្រាប់​ថ្នាក់ដឹកនាំ​ទាំង​២ កិច្ចការ​នេះ​នឹង​ក្លាយជា​ចលករ​សំខាន់​សម្រាប់​ជួយ​ជ្រោមជ្រែង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន និង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​ស្អិតល្មួត​ផងដែរ​។​

កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២៣ កន្លងទៅ​នេះដែរ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីណែនាំ​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ដែលជា​ជនបរទេស ចាប់ផ្តើម​ស្នើសុំ​បណ្ណ​ការងារ​ជនបរទេស ចាប់ពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២៣ តទៅ ដើម្បី​ចៀសវាង​ការផាកពិន័យ​។​បញ្ហា​នេះ កន្លងមក​ខាង​និយោជក​បានដឹង​រួចហើយ​៕