ភ្នំពេញៈ វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ បាន​រក​​ឃើញ​ករណី​ជំងឺ​អុត​ស្វា​ចំនួន ​២​ ករណី​បន្ថែមទៀត​លើ​ជន​ជាតិខ្មែរ គិត​ត្រឹម​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២៤ ក្រោយពី​រកឃើញ​ករណី​ដំបូង​ទៅលើ​បុរស​ម្នាក់​ដែលមាន​ទីលំនៅ​ក្នុងភូមិ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​ ១២ ខែធ្នូ ឆ្នាំ​ ២០២៣ ខណៈ​អ្នកជំងឺ​ត្រូវ​បានដាក់​ឱ្យនៅ​សម្រាក​ព្យា​បាល​ដាច់ដោយឡែក​នៅក្នុង​មន្ទីរពេទ្យ​បាន​យ៉ាង​ត្រឹមត្រូវ​។​ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិ​បាល​ចេញផ្សាយ​នៅ​ថ្ងៃទី ​៣ ខែមករា ឆ្នាំ​ ២០២៤​។


សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បានឱ្យដឹងថា​៖ «​ក្រសួង​សុខា​ភិ​បាលសូម​អំពាវនាវ​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ជាថ្មី​ទៀតថា សូមមេត្តា​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បង្ការ​នូវ​ការ​ចម្លងជំងឺ​អុត​ស្វា និង​ត្រូវអនុវត្ត​នូវ​វិធានការ​បង្ការ​នានា​»​។

សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ថា វីរុស​អុត​ស្វា​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​ការរួម​ភេទ​គ្រប់​ទម្រង់ ជាមួយ​អ្នកមាន​ជំងឺ​អុត​ស្វា និង​ការប៉ះពាល់​ដោយផ្ទាល់​នឹង​កន្លែង​មាន​ដំបៅ ទឹក​សារពាង្គកាយ ទឹកមាត់​តំណក់​តូចៗ​តាមផ្លូវ​ដង្ហើម និង​សម្ភារ​ប្រើប្រាស់​ដែល​ប្រឡាក់ប្រឡូស​ជាមួយនឹង​វីរុស រួមមាន​សម្លៀក​បំពាក់ ពូក កន្សែង ឬ​សម្ភារ​ស្លាបព្រា ចាន កែវជា​ដើម​។


​ពងបែក​នៅលើ​ដៃ​អ្នកជំងឺ​អុត​ស្វា ដែលជា​រោគសញ្ញា​​ ១​ ក្នុងចំណោម​រោគសញ្ញា​ជាច្រើន​។ រូប ក្រសួងសុខាភិបាល​

បុគ្គលមាន​រោគសញ្ញា​ដូចជា កន្ទួល​រមាស់​ជាមួយ​ពងទឹក​នៅលើ​មុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬ​ប្រដាប់ភេទ គ្រុនក្ដៅ ហើម​កូនកណ្ដុរ ឈឺក្បាល ឈឺ​សាច់ដុំ និង​ឈឺចង្កេះ អស់​​កម្លាំង ទោះ​បាន​ប៉ះ​ផ្ទាល់​ជា​មួយ​អ្នកជំងឺ​អុត​ស្វា ឬ​មិនមាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​អុត​ស្វា ត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ ​ពិគ្រោះ ឬ​ធ្វើតេស្ត​។


មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល បានផ្តល់​ព័ត៌មាន​បន្ថែ​ម​នៅ​ថ្ងៃទី​ ៤ ខែមករា​នេះ​ថា អ្នកជំងឺ​អុត​ស្វា​ទាំង​ ២ ​នាក់ មិនទាន់មាន បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព​នៅឡើយ​ទេ​។

លោក​ថ្លែង​ប្រាប់ថា​៖ «​ទាក់ទង​ស្ថានភាព​ជាក់​ស្តែង ក្រុមការងារ​បច្ចេកទេស​កំពុងធ្វើការ​ទៅតាម​ជំនាញ​ និង​បច្ចេកទេស ហើយ​សម្រាប់​វិធាន​ការការពារ​នោះ ដូចដែល​ក្រ​សួង​សុខាភិបាល​បានដាក់​ចេញ និង​ណែនាំ​រួចហើយ​ដោយ​ការងារ​ទាំងអស់នេះ​យើង​បាន​ព្យាយាម​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​តាម​ដែល​អាចធ្វើ​បានឱ្យ​គាត់​យល់ដឹង​ពី​វិធីសាស្ត្រ​ទប់ស្កាត់​ចម្លង និង​ការពារ​»​។ ក្រសួងសុខាភិបាល កាលពី​ខែកក្កដា ឆ្នាំ​ ២០២២ បានប្រកាស​រកឃើញ​ជំងឺ​អុត​ស្វា (Monkeypox) លើ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ដែល​ចូល​មកពី​ប្រទេស​ថៃ​៕