ភ្នំពេញៈ ទេសរដ្ឋមន្ត្រី លោក លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​បាន​ជម្រាបជូន​ដៃគូ​សហការ​ថា បើទោះបី ជា​កម្ពុជា​បន្ត​ជួប​បញ្ហា​ប្រឈម​លើ​កិច្ចការ​បោសសម្អាត​មីន​ក្តី ប៉ុន្តែ​ឆ្នាំ​ ២០២៥ ​នៅតែ​ជា​គោលដៅ​មួយ​យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​មីន​ឱ្យ​អស់ពី​ទឹកដី​កម្ពុជា ខណៈ​ចំនួន​ជន​រង​​គ្រោះ​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​នៅ​ឆ្នាំមុន​មានការ​ថយចុះ​។


លោក ​លី ធុជ បានបញ្ជាក់​បែបនេះ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ស្តីពី​ភាពជា​ដៃគូ​និង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សកម្មភាព​មីន​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ៣​ ខែមករា ឆ្នាំ​ ២០២៤​។

យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​មីន​បានឱ្យដឹងថា នៅ​​ក្នុងជំនួប​នោះ លោក លី ធុជ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋា​ភិ​​បាល និង​ប្រជាជន​ចិន​ដែល​តែង​គាំទ្រ​និង​ចូលរួម​ដល់​កិច្ច​​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ​ក្នុងនោះ​រួមទាំង​ការរួមចំណែក​ផ្នែក​មនុស្សធម៌​ដល់​សកម្មភាព​មីន ទាំង​ថវិកា សម្ភារ​បច្ចេកទេស និង​ការកសាង​សមត្ថភាព​ជាតិ​ជាដើម​។


លោក​បាន​បន្តថា ឆ្នាំ ​២០២៣ ​កន្លងទៅ ដោយមាន​ការរួម​​ចំណែក​ពី​ប្រទេស​ចិន ប្រទេស​ជា​មិត្ត​ដទៃទៀត​ និង​ដៃគូ​អភិវឌ្ឍន៍​កម្ពុជា​បានដាក់​ផែនការ​បោស​​សម្អាត​ផ្ទៃដី​មាន​មីន​រហូតដល់ ​៣៥៦ ​គីឡូម៉ែត្រ​ការ៉េ​ ដែលជា​ផ្ទៃដី​ធំជាងគេ​ក្នុង​រយៈពេល​
 ៣០ ​ឆ្នាំ ព្រមទាំង​ទទួលបាន​ជោគ​​ជ័យ​តាម​ផែនការ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ទោះ​​បី​កម្ពុជា​នៅតែ​បន្ត​ជួប​បញ្ហា​​ប្រឈម​លើ​កិច្ចការ​បោសសម្អាត​មីន ប៉ុន្តែ​ឆ្នាំ ​២០២៥ នៅតែ​ជា​គោលដៅ​មួយ​យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​​ការដោះស្រាយ​បញ្ហា​មីន​ឱ្យ​អស់ពី​ទឹកដី​កម្ពុជា​ដែល​តម្រូវឱ្យមាន​
​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោយ​ឆ្នាំ​ ២០២៥ គ្មាន​ប្រជាជន​កម្ពុ​ជាណា​ម្នាក់​នៅ​បន្ត​ទទួលរង​គ្រោះ​ដោយ​គ្រាប់មីន​ទៀត​ទេ​»​។


ជាមួយគ្នានេះ លោក លី ធុជ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ចិន ​ដែល​បានផ្តល់​ការ​គាំទ្រ​ភាពជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ ​២០២៤ និង​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​សៀម​-​រាប​អង្គរ ស្តីពី​ពិភពលោក​មួយ​គ្មាន​មីន ដែល​គ្រោង​នឹង​ប្រ​ព្រឹ​ត្ត​ទៅក្នុង​ខែវិច្ឆិកា ឆ្នាំ ​២០២៤ ​ខាងមុខ ដែល​ភាពជោគជ័យ​របស់​កម្ពុ​ជា​នេះ​ត្រូវបាន​សហ​គម​ន៍​អន្តរជាតិ​វាយតម្លៃ​ខ្ពស់ និង​ចាត់ទុកជា​ភាពជោគជ័យ​របស់​ពិភពលោក​ទាំងមូល​លើ​កិច្ចការ​សកម្មភាព​មីន​។

ដោយឡែក​យោងតាម​របាយ​ការណ៍​របស់​អាជ្ញាធរ​មីន ក្នុង​រយៈពេល​ ១​ ឆ្នាំ ​គិត​ចាប់ពី​ខែមករា​ ដល់​ខែធ្នូ ​ឆ្នាំ ​២០២៣ មាន​ជន​​រងគ្រោះ​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ចំនួន ​៣២ ​នាក់ ​ដែល​តួលេខ​នេះ​មានការ​ថយចុះ​ ២២ ​ភាគរយ បើ​ប្រៀបធៀប​ជាមួយនឹង​ឆ្នាំ​២០២២ ដែលមាន​ជន​​រងគ្រោះ​ចំនួន​ ៤១ ​នាក់​។

ប្រភព​ដដែល​បន្តថា ក្នុង​ចំ​ណោម​ជនរងគ្រោះ​ ៣២​ នាក់​នោះ​រួមមាន ជនរងគ្រោះ​ដោយ​សារ​មីន​មាន ​១៧ ​នាក់ ​និង​ដោយ​សារ​សំណល់​ជាតិ​ផ្ទុះ​មាន ​១៥ ​នាក់​។ ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ​មាន​អ្នកស្លាប់ ​៤ ​នាក់ អ្នករបួស​មាន ​១៨ ​នាក់ ​និង​ពិការ​អវយវៈ​មាន ​១០ ​នាក់។

របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ជនរងគ្រោះ​ដោយសារ​យុទ្ធ​​ភណ្ឌ​គ្រឿងផ្ទុះ​ទាំងនោះ​ គឺ​ភាគច្រើន​បានកើត​ឡើងលើ​ប្រជា​ពលរដ្ឋ​នៅក្នុង​ខេត្ត​បន្ទាយ​មាន​​ជ័យ ឧ​ត្ត​រ​មានជ័យ បាត់ដំបង និង​ខេត្តរតនគិរី​។

របាយការណ៍​នេះ​បាន​បញ្ជាក់ថា​៖ «​សមិទ្ធផល​ទាំងនេះ​វា​កើត​​ឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ប្រតិបត្តិ​ករ​ទាំងអស់​ក្នុងការ​​បង្កើន​កិច្ចប្រតិបត្តិការ​បោស​សម្អាត​មីន​ហើយ​លទ្ធផល​ដែល​ទទួលបាន​ក្នុង​ឆ្នាំ ​២០២៣ ​វា​ជា​
​ការ​សាទរ​មួយ​ដែល​ធ្វើឱ្យ​កម្ពុជា​អាច​ឈានដល់​ការសម្រេច​គោលដៅ​កម្ពុជា​គ្មាន​មីន​នៅក្នុង​ឆ្នាំ​ ២០២៥»៕