ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី​ ​ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំង និវត្តជន​ ​និង​ជំនួយ​ការដែល​កន្លងមក​បាន​ខិតខំ​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហើយ​លោក​បាន​ជំរុញ​ឱ្យ​បន្ត​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​រឹងមាំ​ ដើម្បី​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​​រយៈពេល ​៥​ ឆ្នាំ​ទៅមុខទៀត​។


ការលើកឡើង​របស់លោក ស សុខា​ បាន​​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ កងកម្លាំង និវត្តន៍​ជន អតីតយុទ្ធជន ទីប្រឹក្សា និង​ជំនួយការ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២៤ ព្រមទាំង​បានផ្ដល់​អនុសាសន៍​សំខាន់ៗ​មួយចំនួន​ផងដែរ​។

យោងតាម​ក្រសួងមហាផ្ទៃ​បានឱ្យដឹងថា ការរៀបចំ​ពិធី​សំណេះសំណាល​នេះ​ឡើង​ ដើម្បី​បានដឹង​ពី​សុខទុក្ខ​របស់​ទីប្រឹក្សា និង​ជំនួយការ​អាណត្តិ​ចាស់​និង​ថ្មី​, រំឭក​គុណបំណាច់​ស្នាដៃ​ទីប្រឹក្សា​ និង​ជំនួយការ​ក្រោម​ការដឹកនាំ​របស់​អតីតរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ក៏ដូចជា​រំឭក​ពី​សមិទ្ធផល​ធំៗ​របស់​រាជ​​រដ្ឋាភិបាល​អាណត្តិ​ទី​៦ និង​ដាក់​ទិស​ដៅ​ការងារ​បន្ត​អនុវត្ត​នៅពេល​ខាងមុខ​។


ថ្លែង​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រសួងមហាផ្ទៃ លោក ស សុខា បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ កងកម្លាំង​និង​មន្ត្រី​តាម​ផ្នែក​ខាងលើ​​ដែល​បាន​ខិតខំ​បំពេញការងារ​តាម​តួនាទី ភារកិច្ច​រៀងៗ​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​សម្រេចបាន​សមិទ្ធ​​ផល​ជាច្រើន​ជូន​ជាតិ​និង​ប្រជាជន​។

ជាមួយគ្នានេះ​លោក​បាន​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​​បាន​រឹងមាំ​ក្នុងការ​ចូលរួម​សហកា​រ​គ្នា​គ្រប់​ការងារ​ពាក់ព័ន្ធ​ និង​មាន​ទំនាក់ទំនង​ល្អ​នៅក្នុង​សង្គម បន្ត​ចូលរួម​ការងារ​ចុះ​ពង្រឹង​មូលដ្ឋាន ការងារ​សង្គម និង​ការងារ​មនុស្សធម៌ ពង្រឹងសមត្ថភាព លទ្ធភាព និង​ចែករំលែក​ចំណេះ ជំនាញ និង​បទពិសោធន៍​ទៅគ្រប់​ផ្នែក​ពាក់ព័ន្ធ​ ដើម្បី​ជួយ​លើកស្ទួយ​អភិបាលកិច្ច​ល្អ​។


លោក​បាន​បញ្ជាក់ថា​៖ «​ត្រូវ​បន្ត​រក្សា​សីលធម៌ គុណធម៌ និង​បំពេញ​តួនាទី​ភារកិច្ច​ប្រកប​គណនេយ្យភាព​ចំពោះ​ក្រសួងមហាផ្ទៃ​ក៏ដូចជា រាជរដ្ឋាភិបាល បន្ត​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​រយៈពេល​ ៥ ​ឆ្នាំ​ទៅមុខ បន្ត​ចូលរួម​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព ការពារ​ខឿន​ឯករាជ្យ​ជាតិ អធិបតេយ្យ បូរណភាព​ទឹកដី ការពារ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យ​​សេរី​ពហុបក្ស​»​។

បន្ថែម​ពីនេះ​លោក ស សុខា ក៏បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច​បន្ត​ចូលរួម​លើកកម្ពស់​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ក្នុងសង្គម បន្ត​ចូលរួម​គាំទ្រ​កំណែទម្រង់រដ្ឋបាល​សាធារណៈ វិម​ជ្ឈ​ការ​ និង​វិសហមជ្ឈការ ការគ្រប់គ្រង​ហិរញ្ញ​​វត្ថុ​សាធារណៈ ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ និង​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​ដោយ​ដើរ​ទន្ទឹម និង​ការជំរុញ​អភិបាល​​កិច្ច​ល្អ​ និង​ចូលរួម​អនុវត្ត​គោ​លន​យោ​បាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ឱ្យ​កាន់តែ​សកម្ម​នៅ​គ្រប់​គោលដៅ​។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​សុទិដ្ឋិនិយម​និង​ជឿជាក់ថា ទីប្រឹក្សា​ និង​ជំនួយការ​ក្រសួងមហាផ្ទៃ​នឹង​បន្ត​គាំទ្រ​ចូលរួម ​និង​រក្សា​ការប្តេជ្ញាចិត្ត​ខិតខំ​បំពេញការងារ​កាន់តែ​សកម្ម និង​ខ្លាំងក្លា​ថែមទៀត​ ដើម្បី​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ស្របតាម​គោលដៅ​រំពឹងទុក​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ទៅមុខ ដូច​បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​។

គួរ​ជម្រាប​ថា ក្នុង​រយៈកាល​រាជ​រដ្ឋា​ភិ​បាល​អាណត្តិ​ទី​៦ អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​បង្កើតឱ្យមាន​ក្រុមការងារ​តាមដាន​ការដោះស្រាយ​​សំណើ សំណូមពរ និង​មតិយោបល់​របស់​មហាជន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ ដើម្បី​ដោះស្រាយ​កង្វល់​ និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​រួមមាន បញ្ហា​អសន្តិសុខ​សណ្តាប់ធ្នាប់ បញ្ហា​ទំនាស់​ដីធ្លី និង​បង្ក្រាប​បទល្មើស​នៅតាម​មូល​ដ្ឋា​ន​ជាដើម​។

ក្នុង​រយៈកាល​នោះ ក្រុម​​ការងារ​ហ្វេ​ស​ប៊ុ​កបាន​ដោះស្រាយ​កង្វល់​ និង​បម្រើសេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង ​១ ​ឆ្នាំៗ ​បាន​រាប់រយ​សំណើ​​ដែល​បាន​ផ្ញើ​ចូលក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​ ស ខេង​៕