​ភ្នំពេញៈ លោក ឃឹម ហ្វី​ណង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ចំនួន​បទល្មើស​នេសាទ​ក្នុង​ឆ្នាំ​ ២០២៣ ​មានការ​ថយចុះ​ដោយ​សារ​តែ​ក្រុម​គណៈកម្មការ​អន្តរ​​ក្រសួងបាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្ក្រាប​បទល្មើស​។


យោងតាម​របាយការណ៍​ពីរ​ដ្ឋ​​បាល​ជលផល​នៃ​ក្រសួងកសិកម្មឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ​គណៈ​កម្ម​ការ​អន្តរក្រសួង ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បាន​បង្ក្រាប​បទល្មើស​នេសាទ មានដូចជា អួន​អូស​ទឹកសាប ចំនួន​ ១៣ ​វង់​, ​ឧបករណ៍​ឆក់​ក្តៅ និង​ត្រជាក់​ចំនួន​ ១៣៦ ​គ្រឿង​,​ ឈិ​ប​យន្ត​ ២​ គ្រឿង​, ​អួន​ហ៊ុម ១២​ គ្រឿង​,​ របាំង​ស្បៃ​មុង និង​សាច់​អួន ៧៤៧ ៥៤៤​ ម៉ែត្រ​,​ លូ និង​លប ៧ ២៦៦ ​មាត់ និង​គ្រឿង​, បង្គោល​ចម្រឹង ៣៣០ ៨២៨​ ដើម​, ឈ្នក់ រួមផ្សំ​នឹង​ភ្លើង ១១៩ ​វង់​,​ កាណូត​ ៣០ ​គ្រឿង​,​ ម៉ាស៊ីន​កាណូត​ ២០​ គ្រឿង​។

ក្នុងនោះ គណៈកម្មការ​អន្តរក្រសួង បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលា​ការ​ ៨​ ករណី​,​ ចេញ​ដីកា​កោះហៅ ចំនួន​ ១ ​នាក់ និង​តុលាការ​ផ្តន្ទា​ទោស​ដាក់ពន្ធនាគារ ៥​ នាក់​។


ដោយឡែក​នៅក្នុង​ឆ្នាំ​ ២០២២ បាន​បង្ក្រាប​អួន​អូស​ទឹកសាប​ចំនួន ​៤០ ​វង់​,​ ម៉ាញ់​ ១៤ ​វង់, ​ឧ​បក​រណ៍​ឆក់​ក្តៅ និង​ត្រជាក់​ចំនួន​ ១ ៣០៩ ​គ្រឿង​, ​ឈិ​ប​យន្ត ​២១ ​គ្រឿង​, ​អួន​ហ៊ុម ១៧ ​គ្រឿង​, ​របាំង​ស្បៃ​មុង និង​សាច់​អួន ​៨០១ ៦៩០ ​ម៉ែត្រ​, ​លូ ​និង​លប ៧ ២២១ មាត់​ និង​គ្រឿង​, បង្គោល​ចម្រឹង ៣៩៦ ៣៥៤ ​ដើម​, ​កាណូត​ ១១៨ ​គ្រឿង​, ​ម៉ាស៊ីន​កាណូត​ ៥៣ ​គ្រឿង​។ ក្នុង​នោះបាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ ៦២ ​ករណី​, ​ចេញ​ដីកា​កោះហៅ ១៩​ នាក់ ​និង​តុលាការ​ផ្តន្ទាទោស​ដាក់​ព​ន្ធ​នា​​គារ ២៦​ នាក់​។

លោក ឃឹម ហ្វី​ណង់ បានឱ្យដឹង​នៅ​ថ្ងៃទី ​២៣ ខែមករាថា កាលពី​ឆ្នាំ​ ២០២៣ កន្លងទៅ​គណៈកម្មការ​អន្តរក្រសួង​បង្ក្រាប​បទល្មើស​នេសាទ និង​បាន​បញ្ជូនទៅ​តុលាការ ៨​ ករណី ខណៈ​ឆ្នាំ​ ២០២២ មាន​ចំនួន ​៦២ ​ករណី​។ លោក​ថា៖ «​បើ​មើល​តាម​របាយ​​ការណ៍​ខាងលើនេះ ចំនួន​បទ​​ល្មើស​មានការ​ថយចុះ​ដោយសារតែ​ក្រុម​គណៈកម្មការ​អន្តរក្រសួង បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​​បង្ក្រាប​បទល្មើស​បាន​ច្រើន​ក្នុង​ឆ្នាំ ​២០២២ ទើប​ជំរុញ​ឱ្យ​បទ​ល្មើស​នេសាទ​នៅក្នុង​ឆ្នាំ ​២០២៣ ​កន្លងទៅ​មានការ​ថយចុះ​»​។​


លោក​បញ្ជាក់ទៀតថា​៖ «​ជា​រួម​យើង​ឃើញថា បទល្មើស​មានការ​ថយចុះ​ក្នុង​ឆ្នាំ ​២០២៣ ពីព្រោះ​យើង​បានធ្វើ​ច្រើន​កាលពី​ឆ្នាំ ​២០២២​។ ជាធម្មតា​នៅពេលដែល​យើង​អនុវត្ត​ច្បាប់​បាន​​ពេញលេញ​ហើយ​មានការ​រឹតត្បិត​ឱ្យបាន​ហ្មត់ចត់​ហើយ​ជា​លទ្ធផល​នោះ​យើង​ក៏​ឃើញថា ទិន្នផល​ត្រី​ក៏មាន​ការកើនឡើង​ដែរ ក្រោយពី​យើង​សកម្ម​ក្នុងការ​បង្ក្រាប​​នាពេល​កន្លងទៅនេះ​»។

ចំពោះ​គោលបំណង នៃ​ការចុះ​បេសកកម្ម​របស់​ក្រសួងកសិកម្ម ជាមួយនឹង​គណៈកម្មកា​រ​អន្តរក្រសួង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ គឺ​ក្នុង​គោលដៅ​ចុះទៅ​ជា​ជួប​ជា​​មួយ​ប្រជា​សហគមន៍​នេសាទ ដើម្បី​ស្តាប់​ពី​តម្រូវការ​ និង​សំណូម​ពរ​របស់​ពួកគាត់​។

លោក ​ហ្វី​ណង់ បញ្ជាក់ទៀតថា​៖ «​បងប្អូន​ប្រជា​សហគមន៍​បាន​សំណូមពរ​មក​យើង ឱ្យ​កែ​​ប្រែ​នូវ​ប្រវែង​នៃ​សាច់​អួន​ដែល​គាត់​ដាក់ និង​ស្នើឱ្យ​មានការ​​កែប្រែ​ច្បាប់​របស់​យើង​ពាក់ព័ន្ធ​នឹង​ទំហំ​ក្រឡា ដែល​គាត់​ប្រើ​​ប្រាស់​ដើម្បី​នេសាទ​។ តែ​កន្លង​មក​ច្បាប់​យើង ​គឺ​តឹងជាង​អ្វីដែល​យើង​បាន​អនុវត្ត​បច្ចុប្បន្ន​។ យើង​បានទទួល​នូវ​សំណូមពរ​របស់​ប្រជា​នេសាទ​យើង ដើម្បី​ដាក់ជូន​ឯកឧត្តម​រដ្ឋមន្ត្រី និង​រាជ​រដ្ឋា​​ភិ​បាល​ពិនិត្យ​ពិចារណា​ក្នុងការ​កែប្រែ​ច្បាប់​នេះ​»​។

យ៉ាងណាក៏ដោយ លោក​ ហ្វី​ណង់ ​ក៏បាន​អំពាវនាវ​ផងដែរ​ថា ការងារ​នេះ​អាច​ទទួល​ជោគ​​ជ័យ​បាន ដរាបណា​មានការ​ចូលរួម​ស្រុះគ្នា​ពី​គ្រប់ភាគី​ពាក់​​ព័ន្ធ​ទាំងអស់​។ ម្ល៉ោះ​ហើយ ក្រសួង​សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​មន្ដ្រី​ពាក់ព័ន្ធ​រួមគ្នា​អនុវត្ត​​ច្បាប់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ផល​ប្រ​យោ​​ជន៍​រួម​សម្រាប់​ទាំងអស់គ្នា​។

មន្ត្រីចុះបង្ក្រាបបទល្មើសនេសាទ នាពេលកន្លងទៅ។ រូបថត Keng Oudom

លោក ​ឈឹម ឈឿន ប្រធាន​សហគមន៍​នេសាទ​កន្លែង​ភេ​នៅ​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សហគមន៍​នេសាទ បានរួម​​ចំណែក​ជាមួយនឹង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ក្នុង​ការជួយ​ដល់​គណៈកម្មការ​អន្តរក្រសួង ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ ដើម្បី​ធ្វើយ៉ាងណា បង្កើន​បរិ​​មាណ​ត្រី​ក្នុង​តំបន់​ដែល​សហ​​គម​ន៍​គ្រប់គ្រង​។

ទោះជា​យ៉ាង​​ណា​លោក​បាន​បញ្ជាក់ថា​៖ «​ការ​​ទប់ស្កាត់​បទល្មើស​នេសាទរបស់​សហគមន៍ មិនសូវ​ទទួលបាន​កា​រ​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន​, បញ្ហា​សុវត្ថិភាព​របស់​សមាជិក​ប្រជា​នេសាទ​ដែល​តែងតែ​ចេញ​ការពារ​ដែន​នេសាទ​របស់ខ្លួន និង​រង​ការ​គំរាម​នានា​ជាដើម​»​។

លោក ​ឈឹម ឈឿន បន្ថែមថា សហគមន៍​នេសាទ​កន្លែង​ភេ​មាន​សមាជិក​ជាង ​២៦០ ​នាក់ ដែល​សុទ្ធតែជា​អ្នក​យល់ច្បាស់​ពី​តម្លៃ​នៃ​ការការពារ​ធនធានធម្មជាតិ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​និរន្តរ​ភាព​មច្ឆជាតិ​សម្រាប់​តកូនតចៅ ប៉ុន្តែ​សហគមន៍​ពិតជា​ត្រូវការ​ការជួយជ្រោមជ្រែង ឱ្យបាន​កាន់តែច្រើន​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​រាជរដ្ឋាភិបាល​។

សូមជម្រាបថា វិស័យ​ជល​ផល​នៅ​ប្រទេស​កម្ពុជា បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ជីវភាព​រស់នៅ ផ្ដល់នូវ​សន្តិសុខ​ស្បៀង និង​បង្កើន​ផលិតផល​ក្នុងស្រុក​ប្រមាណ ៨១២​ ភាគរយ ក្នុង​​ ១ ឆ្នាំ​។ គ្រួសារ​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ជាច្រើន​ពឹង​​ផ្អែកលើ​ការនេសាទ​ជា​ប្រភព​​ចំណូល ប្រព័ន្ធ​ជលផល​តាម​វាលស្រែ សហគមន៍​ស្រះជ្រក​ត្រី បាន​ចូលរួមចំណែក ប្រហែល ៣០​ ភាគរយ នៃ​ផលិតកម្ម​​ជលផល​ក្នុងស្រុក​សរុប និង​​សន្តិសុខ​ស្បៀង​៕