ភ្នំពេញៈ​ក្រសួង​យុត្តិ​ធម៌​ត្រៀម​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​យុទ្ធនាការ​ចំនួន​ ២​ នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ព​ន្លឿ​ន​ការ​ដោះ​ស្រាយ​សំណុំ​រឿង​ក្តី​ និង​ត្រួត​ពិនិត្យ​ភាពមិន​ប្រក្រតី​នៅ​តាម​តុលាការ​ សំដៅ​ជួយ​រក​យុត្តិ​ធម៌​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ​លើក​កម្ពស់​តម្លា​ភាព ​ពង្រឹង​ការ​អនុត្ត​ច្បាប់ ​ស្រប​តាម​ទិសដៅ​រាជ​រដ្ឋាភិ​បាល​នីតិ​កាល​ទី៧ នៃ​រដ្ឋ​សភា​។​


មុន​ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​ លោក​ឧបនា​យករ​ដ្ឋមន្រ្តី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិ​ធម៌បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិនិត្យ​ និង​ពិភាក្សា​លើ​ការ​រៀប​ចំ​យន្ត​ការ​សម្រាប់​ដឹក​នាំនិង​អនុវត្ត​យុទ្ធនាការ​ដើម្បី​ជំរុញ ​និង​ព​ន្លឿ​ន​កា​រដោះ​ស្រាយ​រឿងក្ដី​តាម​តុលា​ការ​និង​យុទ្ធ​នាការ​ត្រួត​ពិនិត្យ​ និង​ដោះ​ស្រាយ​ភាព​មិន​ប្រក្រ​តី​នៅតាម​តុលាកា​រកាលពី​ថ្ងៃទី​២ ខែមករា ​ឆ្នាំ​២០២៤​។​ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​ក្រសួង​យុត្តិ​ធម៌។

ក្រសួង​យុត្តិ​ធម៌​បាន​ឱ្យ​ដឹង​ថា​ យុទ្ធ​នាកា​រ​ទាំង​២​នេះ ​សំដៅ​ពង្រឹង ​និង​លើក​កម្ពស់​គុណ​ភាព ​និង​ប្រសិទ្ធ​ភាព​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា​ស្រប​តាម​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ និង​វិធា​នការ​គន្លឹះ​អាទិភា​ព​ទី​៥ រ​បស់​រាជ​រដ្ឋាភិ​បាល​។


​ក្រសួង​បាន​បញ្ជាក់​ថា៖«​យុទ្ធនា​ការ​ជំរុញ​ និង​ព​ន្លឿ​ន​ការ​ដោះស្រា​យ​រឿងក្តី​នៅ​តាម​តុលាកា​រគឺជា​យុទ្ធនា​ការ​ដែល​មាន​ទិសដៅ​​ធ្វើឱ្យ​​ប្រសើ​រឡើង​នូវ​ការ​ផ្តល់​សេវា​យុត្តិធម៌​ជូន​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​លឿន​ និង​ឆាប់រ​ហ័ស ដែល​គ្រប​ដណ្តប់​ទាំង​លើ​រឿង​ក្តី​រដ្ឋ​ប្បវេ​ណី រឿងក្តី​ព្រហ្ម​ទណ្ឌ និង​សម្រាប់​តុលា​ការ​គ្រប់​ជាន់​ថ្នាក់ដោយ​រួមទាំង​អង្គការ​អយ្យ​ការ​ផង​ដែរ​»​។​

ចំណែក​យុទ្ធ​នាការ​ត្រួត​ពិនិត្យ​និង​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​មាន​គោល​បំណង​សំខាន់ៗ​ចំនួន ៣ ​រួមមាន(១)​ការ​បង្កើត​ច្រក និង​យន្តការសម្រាប់​ទទួល​ប​ណ្តឹ​ង​អំពី​ភាព​មិន​ប្រក្រតី​នៅតា​ម​តុលា​ការ​ដើ​ម្បី​ជួយ​ត្រួត​ពិនិត្យ​ និង​ជួយ​ដោះ​ស្រាយ​រក​យុត្តិ​ធម៌​ជូន​ប្រជាពលរដ្ឋ​ ពិសេសជនក្រីក្រ ​និង​ជន​ងាយ​រង​គ្រោះ​ក្នុង​សង្គម​។​


ក្រសួង​បន្ត​ថា ​(២)​ការ​ចូលរួម​ដោះ​ស្រាយ​​ភាព​អយុត្តិ​ធម៌​និង​ភាព​មិន​ប្រក្រតី​ក្នុង​ប្រព័ន្ធ​តុលាកា​រសំដៅ​លើក​កម្ពស់​ភាព​យុត្តិ​ធម៌​នៅក្នុង​ចំណាត់​ការ​រឿងក្តី​ដោយ​តុលា​ការ​ និង​(៣)​ការលើក​កម្ពស់​តម្លា​ភាព ​សុចរិត​ភាព​ ភាព​ស្អាត​ស្អំ​ និង​ភាព​ត្រឹម​ត្រូវ នៅ​ក្នុង​ប្រព័ន្ធ​តុលា​ការ​។​

លោក ជិន​ ម៉ា​លីន រដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិ​ធម៌​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​៣ ​ខែមករា​ថា ក្រសួង​យុត្តិ​ធម៌​កំពុង​រៀបចំ​ដាក់​ឱ្យអ​នុវត្ត​យុទ្ធ​នាការ​ទាំង២​នេះ ឆាប់ៗ​ខាង​មុខ​ ក៏ប៉ុន្តែលោក​មិន​ទាន់​ជម្រាប​ជូន​ខ្លឹម​សារ​លម្អិត​ និង​កាលប​រិច្ឆេទ​ពិ​តប្រាកដទេ ​ដោយ​គ្រាន់​តែប្រាប់​ថា​នឹង​ប្រកាសនៅ​សប្តាហ៍​ក្រោយ​។​

លោក ​ជិន ម៉ា​លីន បាន​បញ្ជាក់​ថា​៖ «​តាម​គម្រោង​ និង​ផែន​ការ ​ប្រសិន​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ក្រ​សួង​នឹង​ធ្វើ​សន្និសី​ទ​សារព័​ត៌មាន​នៅ​សប្តាហ៍​ក្រោយនឹង​ប្រកាស​ដាក់​ឱ្យអ​នុវត្ត​យុទ្ធ​នា​ការ​ទាំង​២​នេះ ​ហើយ​នៅ​ពេល​នោះ​នឹង​ជូន​ព័ត៌​មាន​លម្អិត​»​។​

ជុំវិញ​រឿងនេះ​ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​លោក ​អំ សំអាត បានថ្លែង​ថា​កន្លង​មក​ក្រសួងយុ​ត្តិធ​ម៌​ធ្លាប់​បាន​ដាក់​ចេញ​យុទ្ធ​នាការ​ព​ន្លឿ​ន​នីតិវិ​ធី​នៅតា​ម​សា​លាដំ​បូង​រាជធានី-​ខេត្ត​ដើម្បី​កាត់​បន្ថយ​ភាព​ក​កស្ទះ​
សំណុំរឿ​ងឬ​កាត់បន្ថ​យ​ភាព​ច​ង្អៀត​ណែន​នៅ​ពន្ធនាគារ​ ប៉ុន្តែលោកថា​ ប្រសិនបើ​យុទ្ធ​នាការ​២​នេះ​ដាក់​ឱ្យ​ដំណើរការ​​ឆាប់ៗ​គឺជា​គម្រោង​ថ្មី​មួយ​ក្នុងការ​ជំរុញ​ដល់​រឿង​ក្តី​ និង​ភាព​មិន​ប្រក្រតី​នៅ​តុលា​ការ​។ 

លោក​​ថា​៖ «​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណានៅ​ពេល​យុ​ទ្ធនាការ​នេះ​ដាក់​ឱ្យអ​នុវត្ត​ជា​ផ្លូវការ​ ក្នុង​ករណី​បើ​រកឃើ​ញថា​មាន​ភាព​មិន​ប្រក្រតីគឺត្រូវ​តែ​អនុវត្ត​តាម​ផ្លូវ​ច្បាប់និង​តាម​បែប​បទ​រដ្ឋ​បាល​ ឬ​ក៏ដាក់​ពិន័យ​»​៕​