ភ្នំពេញៈ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង បានចាប់ផ្តើម​ផ្តល់​សេវា​ធ្វើលិខិត​ឆ្លង​ដែន​ដល់​ពលរដ្ឋ និង​ពលករ​ខ្មែរ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​កូរ៉េខាងត្បូង ដោយ​មិនចាំបាច់​ធ្វើដំណើរ​មក​ធ្វើ​ផ្ទាល់​នៅ​កម្ពុជា​ទៀតឡើយ ដែល​នេះ​ជា​ការជួយ​សម្រួល​ដល់​ទុក្ខលំបាក​របស់​ពលករ និង​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ការធ្វើ​លិខិតឆ្លងដែន​នេះ​។


យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីៈ​នៅ​ថ្ងៃទី​ ២ ខែមករា ឆ្នាំ ​២០២៤ បាន​លើក​ឡើង​ថា តាមរយៈ​កិច្ចសហការ​​រវាង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង និង​អគ្គនាយក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួង​មហាផ្ទៃ នឹងមាន​ការផ្តល់សេវា​ធ្វើលិខិត​ឆ្លងដែន​ធម្មតា​ដល់​ពល​​រដ្ឋ​ខ្មែរ​ដែល​រស់នៅ និង​ធ្វើការ​នៅ​កូរ៉េខាងត្បូង​ផ្ទាល់​ចាប់ពី​ខែមករា ឆ្នាំ​ ២០២៤ តទៅ​។

សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា ការសម្រេច​យន្តការ​ដូច្នេះ​ត្រូវបាន​ធ្វើឡើង​ស្របតាម​អនុសាសន៍​ណែនាំ របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត​។


សូម​រំឭកថា លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យមាន​កន្លែង​ផ្តល់​សេវា​ធ្វើលិខិត​ឆ្លងដែន​នៅ​ប្រទេស​​កូរ៉េខាងត្បូង​ដោយផ្ទាល់ ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​​ពលរដ្ឋ​សិស្ស​និស្សិត ជាពិសេស​ពលករ​ខ្មែរ ដែល​ចាំបាច់​ធ្វើដំណើរ​មក​កម្ពុជា ​ដើម្បី​ធ្វើលិខិត​ឆ្លងដែន​ថ្មី ​ឬ​ការពន្យារ​សុពលភាព​លិខិត​​ឆ្លងដែន នាំឱ្យ​ខាតបង់​ទាំង​ពេល​​វេលា និង​ថវិកា​ច្រើន​។

ការណែនាំ​នេះ​ធ្វើឡើង​នៅ​​ឱកាសលោក​ចុះ​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​នៅ​​ខេត្តកំពង់ស្ពឺ កាលពី​ខែកញ្ញា ឆ្នាំ ​២០២៣ ហើយ​លោក​ក៏​ណែ​នាំឱ្យ​បង្កើត​កុងស៊ុល​បន្ថែមទៀត នៅ​ភាគខាងត្បូង​ប្រទេស​ថៃ ​ដើម្បី​សម្រួល​ដល់​ពលករ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ រស់នៅ​ក្រៅប្រទេស​ទទួល​បាន​សេវា​ផ្សេងៗ​ផងដែរ​។


ជុំវិញ​បញ្ហា​នេះ ក្រសួង​ការងារក៏បាន​បញ្ជាក់ដែរថា សម្រាប់​ព័ត៌មាន​លម្អិត​អំពី​កាលបរិច្ឆេទ និង​ទីតាំង​ជាក់លាក់​ ដើម្បី​ធ្វើ​​លិខិតឆ្លងដែន អាច​ទំនាក់ទំនង​ទៅកាន់​ស្ថានទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង តាមរយៈ​លេខ​ទូរស័ព្ទ +៨២ ០២ ៣៧៨៥ ១០៤១ ឬ​តាមរយៈ​អនុព័ន្ធ​ការងារ​អម​ស្ថានទូត តាម​លេខ​ទូរស័ព្ទ +៨២ ០១០ ៨៨៩៨ ៨៦៤៤ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។

លោក កត្តា អ៊​ន អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​២ ខែមករា​ថា រដ្ឋាភិបាល​បានគិត​គូរ​លើ​ការធ្វើ​លិខិត​ឆ្លង​​ដែន​នៅ​បរទេស​សម្រាប់​ពលករ​​ខ្មែរ​ធ្វើការ​នៅទីនេះ​ជា​យូរណាស់​មកហើយ​។ ចាប់តាំងពី​ការផ្តល់​អនុសាសន៍​ពី​នាយករដ្ឋមន្ត្រី ​ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និង​ក្រសួង​ការងារ បាន​ដុតដៃ​​ដុតជើង រៀបចំ​ក្រុមការងារ និង​អ្នកជំនាញ​ឯកទេស​លើ​អត្ត​​សញ្ញាណ​កម្ម និង​លិខិតឆ្លងដែន​នៅ​កូរ៉េ​តែម្តង​។

លោក​បាន​ឱ្យដឹងទៀតថា​៖ «​យន្តការ​នេះ មាន​ភាពប្រសើរ​ខ្លាំងណាស់​សម្រាប់​សម្រួល​ដ​ល់​​ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ ជា​​ពិសេស​ការចំណាយ​នានា​តួយ៉ាង​ការធ្វើដំណើរ​ដែល​យន្តកា​រ​នេះ ​រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​គិតគូរ​អនុវត្ត​សម្រាប់​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ បន្ថែម​នៅ​កូរ៉េ​​ខាងត្បូង​»​។

ជាមួយគ្នានេះដែរ លោក​ មឿ​ន ​តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (​សង់​ត្រា​ល់​) ​បាន​គាំទ្រ​ចំពោះ​យន្តការ​នេះ ដែលជា​ចំណែក​​សម្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង ជាពិសេស​ពលករ​ខ្មែរ ដោយ​មិនចាំបាច់​ធ្វើ​​ដំណើរ​មកកាន់​កម្ពុជា​។ ប៉ុន្តែ​លោក​ចង់ឃើញ​ការធ្វើ​លិខិត​​ឆ្លងដែន​នេះ ស្ថិតក្នុង​តម្លៃ​មួយ​ដ៏​សមរម្យ​អាច​ត្រឹម ២០​ ដុល្លារ​អាមេរិក ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​។

លោក​បាន​ប្រាប់ថា​៖ «​សម្រាប់​ខ្ញុំ​នៅក្នុង​កិច្ចការងារ​នេះ ខ្ញុំ​សំណូមពរ​ឱ្យ​ពិនិត្យមើល​តម្លៃ​ធ្វើលិខិត​ឆ្លងដែន​នោះ​ឱ្យទាប​តាម​ដែល​អាចធ្វើ​បាន​ហើយ​ព​ន្លឿ​ន​ការធ្វើ​លិខិតឆ្លងដែន បើ​អាចធ្វើ​ត្រឹម ១ ​ម៉ោង ឬ​កន្លះ​​ម៉ោង​អី​បាន​រឹតតែ​ល្អ ដោយសារ​ពលករ​យើង​មកពី​ចម្ងាយ​ដោយ​ទៅធ្វើ​តែ ១​ ជើង ​[១​ លើក​] គឺ​បាន​លិខិត​តែម្តង ហើយ​បើសិន​​ជា​អាច​យើង​អាចធ្វើ​នៅ​ថ្ងៃ​ឈប់​​សម្រាក ដើម្បី​ជួយ​សម្រួល​ពលករ មិនចាំបាច់​សុំច្បាប់​ឈប់សម្រាក​»​។

លោក​ មឿ​ន តុលា​ និយាយថា ​យន្ត​ការដែល​រដ្ឋាភិបាល​កម្ពុជា​អាចធ្វើ​បាន​គឺ​តាមរយៈ​ដាក់​ទីតាំង​ធ្វើលិខិត​ឆ្លងដែន​នៅ​ទីតាំង​ស្ថាន​​ទូត​ផ្ទាល់ ឬ​តាមរយៈ​កុល​ស៊ុ​ល​តាម​តំបន់​ដើម្បី​បង្កលក្ខណៈ​ងាយ​​ស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ឆ្ងាយ​ពី​ទីក្រុង​សេ​អ៊ូ​ល ហើយ​មិនតែប៉ុណ្ណោះ ទីតាំង​ទាំងនោះ​អាច​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​​ផ្តល់​សេវា​ផ្សេងៗ​ទៀត ឬ​អាចធ្វើ​ទិដ្ឋាការ​សម្រាប់​លក្ខខណ្ឌ​ទេស​​ចរណ៍ សម្រាប់​រក​ចំណូល​ជូន​​ជាតិ​ ១ ​កម្រិត​ទៀត​៕