លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានរដ្ឋសភា​នៃ​ប្រទេស​កម្ពុជា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​លោក គី​ស៊ី​ដា ហ្វូ​មី​អុ នាយករដ្ឋមន្ត្រី​ជប៉ុន ចំពោះ​ការបាត់បង់​អាយុជីវិត​របស់​ប្រជាជន​ជប៉ុន និង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ ដែល​បណ្តាលមកពី​ការរញ្ជួយ​ដី​នា​ឆ្លង​ឆ្នាំ​សកល​។


តាមរយៈ​សារ​រំលែក​ទុក្ខ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា លោក​ពិត​ជាមាន​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​ដែល​បានដឹងថា​មាន​ជនរងគ្រោះ​ជាច្រើន និង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ទ្រព្យសម្បត្តិ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បណ្តាលមកពី​ការរញ្ជួយ​ដី​ដ៏​ធំ​ដែល​បាន​វាយប្រហារ​ខេត្ត Ishikawa នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​។

លោក​បាន​បញ្ជាក់ថា៖ «​ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ និង​អាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ជាពិសេស​អ្នក​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​នេះ​។ ខ្ញុំ​ក៏​សូម​ជូនពរ​ឱ្យ​អ្នករបួស​ឆាប់​ជាសះស្បើយ​ផងដែរ​»​។


លោក ហ៊ុន ម៉ា​ណែ​ត មាន​ទំនុកចិត្ត​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​សមត្ថភាព​រប​ស់លោក​គី​ស៊ី​ដា ហ្វូ​មី​អុ រួមជាមួយ​នឹង​ក្រុម​ជួយសង្គ្រោះ​ជប៉ុន​ដ៏​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ប្រទេស​ជប៉ុន​នឹង​អាច​យកឈ្នះ​លើ​គ្រោះមហន្តរាយ​នេះ​បាន​យ៉ាង​ឆាប់រហ័ស​នេះ​។

ជាមួយគ្នានេះដែរ លោកស្រី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា បាន​ផ្ញើលិខិត​ជូន​លោក NUKAGA Fukushiro ប្រធានសភា​តំណាងរាស្ត្រ​នៃ​ប្រទេស​ជប៉ុន ដោយ​សម្តែង​នូវ​សេចក្ដីសោកស្តាយ​ជា​ពន់ពេក ចំពោះ​ដំណឹង​ដ៏​សោកសៅ អំពី​ការបាត់​បង់ជីវិត ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ទ្រព្យសម្បត្តិ​យ៉ាង​ធំធេង ព្រមទាំង​ការផ្លាស់​ទីលំនៅ​របស់​ប្រជាជន​ជាច្រើន​គ្រួសារ ដែល​បណ្តាលមកពី​គ្រោះមហន្តរាយធម្មជាតិរ​ញ្ជួ​យ​ដី នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។


តាងនាម​រដ្ឋសភា​នៃ​កម្ពុជា លោកស្រី​បាន​សម្ដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​សមានចិត្ត​ដ៏​ជ្រាលជ្រៅ ចំពោះ​លោក NUKAGA Fukushiro និង​តាមរយៈ​លោក លោកស្រី​សូម​ផ្ញើជូន​ចំពោះ​រដ្ឋាភិបាល ក៏ដូចជា​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​សមាជិក​ជាទី​ស្រលាញ់ ក្នុង​សោកនាដកម្ម​នេះ​។

លោកស្រី ឃួន សុ​ដា​រី បាន​លើកឡើងថា៖ «​ខ្ញុំ​សូម​បួងសួង សូមឱ្យ​វិញ្ញាណក្ខន្ធ​អ្នក​បាត់​បង់ជីវិត​ក្នុង​គ្រោះធម្មជាតិ​នេះ បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សមានចិត្ត និង​ការ​បួងសួង​របស់​យើងខ្ញុំ​ស្ថិតនៅ​ជាមួយ​ប្រជាជន​ជប៉ុន​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។ យើងខ្ញុំ សូម​ឈរ​នៅក្បែរ ឯកឧត្តម​ប្រធាន និង​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ជានិច្ច ខណៈពេលដែល​ប្រទេស​នេះ​ត្រូវបាន​ស្ដារឡើងវិញ​ពី​ព្រឹត្តិការណ៍​វិនាសកម្ម​នេះ​»​។

សូម​រំឭកថា អាជ្ញាធរ​នៃ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​២០២៤ បានចេញ​ការព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ជា​បន្តបន្ទាប់​គ្នា​បាន​វាយប្រហារ​ភាគ​ខាងលិច​នៃ​ប្រទេស​។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​រាយការណ៍​ថា គ្រោះ​រញ្ជួយ​ដី ៧,៤ វ៉ិ​ច​ទ័​រ បាន​វាយប្រហារ​លើ​ខេត្ត Ishikawa ដោយ​បង្ក​ការគំរាមកំហែង​ពី​រលក​យក្ស​ស៊ូណាមិ «​កម្រិតធ្ងន់​» លើ​ឆ្នេរ​នៃ​ខេត្ត​ភាគ​កណ្ដាល​មួយ​នេះ​។

ការព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ​កម្រិត​ទាប ក៏ត្រូវ​បានប្រកាស​ឡើង​នៅ​ខេត្ត​រងគ្រោះ​ផ្សេងទៀត រួមមាន​ខេត្ត Niigata ខេត្ត Toyama ខេត្ត Yamagata ខេត្ត Fukui និង​ខេត្ត Hyogo ដែល​ស្ថិតនៅតាម ​បណ្តោយ​ឆ្នេរសមុទ្រ​ជប៉ុន​ផងដែរ​៕