បដិមា​ព្រះ​ពុទ្ធរូប​ចំនួន​ ២ ​អង្គ ដែល​ធ្វើ​ពី​ថ្មភក់ ប្រហែល​ស្ថិតក្នុង​សតវត្សរ៍​ទី​៦ ឬ​ទី​៧ ក្នុង​រចនាប័ទ្ម​ភ្នំ​ដា ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ស្ថិតនៅ​ភូមិ​ត្នោត ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃទី ៣ ខែមករា ឆ្នាំ​២០២៤​។


បដិមា​ទាំង​២​អង្គ​នេះ​រួមមាន ១ ព្រះពុទ្ធ​សមាធិ  មាន​កម្ពស់​ប្រហែល ៨០ ស​.​ម និង​ព្រះ​ភ្នែន​ប្រហែល ៦៧​ ស​.​ម  និង​ ២ ព្រះពុទ្ធ​ទីប​ង្ករ មាន​កម្ពស់​ប្រហែល ១៥០ ​ម៉ែត្រ ជើង​ទម្រ​ប្រហែល ៦៧ ​ស​.​ម​។

យោងតាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បដិមា​ព្រះ​ពុទ្ធរូប​ចំនួន ២ ​អង្គ ត្រូវបាន​យកមក​រក្សា​នៅ​សារមន្ទីរ​ជាតិ សម្រាប់​សិក្សា អភិរក្ស​ជួសជុល និង​ដាក់តាំង​បង្ហាញ​ដល់​សាធារណជន​នាពេល​អនាគត​។


កាលពី​ថ្ងៃទី ​៤ ខែមករា ឆ្នាំ​ ២០២៤ លោក អ៊ុក សុខា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ដឹកនាំ​ក្រុមការងារ​នៃ​នាយកដ្ឋាន​សារមន្ទីរ និង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តតាកែវ សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ព្រះពុទ្ធ​បដិមា​ចំនួន​ ២​ អង្គ ក្នុងភូមិ​ត្នោត ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ​។

បដិមា​ព្រះ​ពុទ្ធ ដែល​ធ្វើ​ពី​ថ្មភក់ត្រូវបានប្រជាពលរដ្ឋរកឃើញនៅ​ភូមិ​ត្នោត ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង។ រូបថត ក្រសួង​វប្បធម៌


ក្រសួង​វប្បធម៌​បញ្ជាក់ថា ៖ «​ក្រោយ​ការពិនិត្យ​និង​វាយតម្លៃ មន្ត្រី​ជំនាញ​បាន​សន្និដ្ឋានថា ព្រះពុទ្ធ​បដិមា​ទាំង​២​អង្គ​នេះ សាង​ពី​ថ្មភក់ ដែលមាន​អាយុកាល​នៅ​អំឡុង​ស​.​វ​.​ទី​៧ ក្នុង​រចនាប័ទ្ម​ភ្នំ​ដា​។ ដោយ​យល់ឃើញថា ស្ថានភាព​នៃ​រូប​ព្រះ​បដិមា​ទាំង​២​អង្គ​នេះ មានការ​បាក់បែក និង​ត្រូវ​ទទួល​ការសម្អាត​អភិរក្ស​តាម​បច្ចេកទេស ទើប​ក្រុមការងារ​ថ្នាក់​ខេត្ត​បានសម្រេច​ប្រគល់​រូបចម្លាក់​ទាំង​២​ព្រះអង្គ​នេះ មក​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​»​។

ក្រសួង​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ស្មោះត្រង់​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ចូលរួម​សហការ​យ៉ាង​ផុសផុល ក្នុងការ​ថែរក្សា​ការពារ​វត្ថុ​បុរាណ​ដែល​បាន​ប្រទះឃើញ ហើយ​បាន​សហការ​ក្នុងការ​ប្រគល់​វត្ថុ​ទាំង​នោះមក​រក្សាទុក​ជាស​ម្ប​ត្តិ​បេតិកភណ្ឌ​ជាតិ​៕