អាជ្ញាធរ​ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង បានក្រើន​រំឭក​និងណែនាំ​ដល់ប្រជាកសិករ​ផ្អាកការងារ​បង្កបង្កើនផល​ស្រូវ​នៅរដូវប្រាំង​នៅទីតាំងមួយ​ចំនួន ដោយបារម្ភ​ពីការខ្វះ​ទឹកស្រោចស្រព​ដំណាំ ខណៈ​ប្រជាកសិករ​ខ្លះបានពង្រីក​ផ្ទៃដី​ធ្វើ​ស្រែប្រាំង លើសផែនការ​ផ្គត់ផ្គង់ទឹក។


 យោងសេចក្តី​ជូនដំណឹង​របស់​មន្ទីរ​ធនធានទឹក និងឧតុនិយម​ខេត្ត​កំពង់ឆ្នាំង ចុះថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ បានណែនាំ​ឱ្យ​ប្រជាកសិករ​ផ្អាកការងារ​បង្កបង្កើន​ផលស្រូវ​ប្រាំង ក្នុងតំបន់​ប្រព័ន្ធ​ធារាសាស្ត្រ​អាចាំង និងផ្នែក​ខាងលើ​នៃដងស្ទឹង​ជ្រៃបាក់។ សេចក្តីជូនដំណឹង​ណែនាំថា៖«សូម​បងប្អូន​ប្រជាកសិករ​ទាំងអស់ ផ្អាកការ​បង្កបង្កើនផល​ដំណាំ​ស្រូវ​ប្រាំង ព្រោះទឹក​មានលំហូរ ឬធារទឹក​មានកម្រិត​ដែលមិនអាច​ផ្តល់​ឱ្យក្នុងតំបន់​ដែលមានផ្ទៃដី​ធ្វើ​ស្រែវស្សា​ហើយ បន្ត​ធ្វើស្រែ​ប្រាំង​ទៀតទេ។ ជារៀងរាល់​ឆ្នាំ បរិមាណ​ទឹកមាន​សម្រាប់តែ​ផ្ទៃដី​ស្រែប្រាំង​តិចតួច​តែប៉ុណ្ណោះ»។

ក្នុងករណី​បងប្អូន​ប្រជាកសិករ​នៅតែបន្ត​ធ្វើ​ស្រែប្រាំង​ក្នុងចំនួន​ដ៏ច្រើន​លើសពី​បរិមាណ​ទឹកនោះ មន្ទីរ​ធនធានទឹក និងឧតុនិយម​ខេត្ត​កំពង់ឆ្នាំង មិនទទួល​ខុសត្រូវ​លើការខ្វះ​ទឹកស្រោចស្រព​ស្រូវប្រាំង នោះឡើយ។ ប្រភពដដែល​ក្រើន​រំឭក​ថា ករណី​ដែលប្រជា​កសិករ​នៅតែបន្ត​បង្កបង្កើន​ផលស្រូវ​ប្រាំង​ទៀត នោះបងប្អូន​នឹងអាច​ជួបប្រទះ​ការខ្វះខាត​ទឹកប្រើប្រាស់​ប្រចាំ​ថ្ងៃ ខ្វះទឹក​សម្រាប់​សត្វពាហនៈ និងខាត​បង់ថវិកា។


ជុំវិញ​បញ្ហានេះ អ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានថ្លែងប្រាប់​ថា ការជូនដំណឹង​របស់​អាជ្ញាធរខេត្ត គឺជាការគិតគូរ​ទុកជាមុន ក៏ដូចជា​ក្រើនរំឭក​ផ្តល់ព័ត៌មាន​ដើម្បីឱ្យ​ប្រជាកសិករ​យកទៅ​ពិចារណា ហើយការសម្រេច​ចិត្ត​យ៉ាងណានោះ​ឋិតនៅលើ​ប្រជាកសិករ​ផ្ទាល់ខ្លួន។

 យ៉ាងណាមិញ​កញ្ញា​បានគូសបញ្ជាក់​ថា៖«បើទោះបីជា​ពេលនោះ​មានបញ្ហា​ខ្វះទឹក​ក៏ដោយ ក្រសួង​កសិកម្ម និងរាជរដ្ឋាភិបាល អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​នឹងព្យាយាម​ឱ្យអស់​ពីលទ្ធភាព​ដើម្បី​ជួយ​សម្រួល​លើ​បញ្ហានេះ។ បញ្ហា​ខ្វះទឹកនេះ​មិនមែន​តែនៅ​កម្ពុជា​យើងទេ នៅប្រទេស​ជិតខាង តួយ៉ាង វៀតណាម​ក៏ជួប​បញ្ហា​នេះដែរ»។


បើតាម​កញ្ញា អ៊ឹម រចនា ក្រសួង​យល់ច្បាស់​ថា​ប្រជាកសិករ​យើង​កំពុងតែ​សប្បាយ​រីករាយ​ជាមួយនឹង​ការបង្កបង្កើន​ផលដោយសារ​ស្រូវ​សើម​នៅវាលស្រែ​អាចលក់​បានក្នុង​តម្លៃ​ថ្លៃ​លើស​ពីឆ្នាំមុនៗ ពោល​ស្រូវសើម​នៅទីវាលស្រែ ១ គីឡូ អាចលក់ចេញ​បានក្នុង​តម្លៃ​ចាប់ពី​ ១៣០០ រៀល ដែល​តម្លៃនេះ​មិនធ្លាប់​មាននោះទេ។ កញ្ញា​ថា​៖«ដូច្នេះ​វាមិនចម្លែកទេ​ដែលបងប្អូន​ប្រជាកសិករ​សប្បាយចិត្ត​បង្កបង្កើន​ផល»។

ចំណែក​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​វិញ ឱ្យដឹង​ថា យោងតាម​ផែនការ​សក្តានុពលទឹក សម្រាប់​ស្រោចស្រព​លើការងារ​បង្កបង្កើនផល​ស្រូវ​រដូវ​ប្រាំង ឆ្នាំ២០២៣-២០២៤ របស់​មន្ទីរ​ធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការ​ផ្គត់ផ្គង់​ទឹកជូន​ប្រជាកសិករ​ក្នុង​ឆ្នាំ២០២៤​នេះ បានត្រឹមតែ ២០.០០០​ហិកតា​ប៉ុណ្ណោះ។ 

ប៉ុន្តែផ្អែក​តាមការចុះពិនិត្យ​ជាក់ស្ដែង​កន្លងមក​របស់​ថ្នាក់ដឹកនាំ​ខេត្ត និងការវាយតម្លៃ​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត ការបង្កបង្កើន​ផលរបស់​បងប្អូន​ប្រជាកសិករ បានកើន​រហូតដល់ ៤៦.៣៤១ ហិកតា លើសផែនការ​ប្រើប្រាស់​ទឹក ២៦.៣៤១ ហិកតា។ 

ក្នុងន័យ​នេះ រដ្ឋបាល​ខេត្ត ស្នើឱ្យ​ប្រជាកសិករ​ផ្អាកការ​បង្កបង្កើនផល​ដំណាំស្រូវ​លើកទី២ បន្ទាប់ពី​ប្រមូលផល​រួចរាល់នៅ​ក្នុងអំឡុង​ខែមករា ដល់​ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ហើយ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ត្រូវត្រៀម​លក្ខណៈ​ស្តុកទឹក​ក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុក​ទឹក​បាន សម្រាប់​ទុកប្រើប្រាស់​ប្រចាំថ្ងៃ និងសត្វពាហនៈ​ជាដើម។ 

រដ្ឋបាល​ខេត្ត​សង្កត់ធ្ងន់​ថា៖«ក្នុងករណី​បងប្អូន​ប្រជាកសិករ​នៅតែ​អនុវត្ត មិនទទួល​យកការណែនាំ​របស់​រដ្ឋបាល​ខេត្ត​ទេនោះ រដ្ឋបាល​ខេត្ត​មិនទទួល​ខុសត្រូវ​លើការខ្វះ​ទឹកស្រោចស្រព​ដំណាំ​ស្រូវនៅ​រដូវប្រាំង​នេះឡើយ។ ករណី​ដែលប្រជាកសិករ​នៅតែបន្ត​បង្កបង្កើន​ផលស្រូវ​រដូវប្រាំង​លើកទី២ ទៀតនោះ បងប្អូន​នឹងអាចជួប​ប្រទះការខ្វះទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ខ្វះទឹក​សម្រាប់​សត្វពាហនៈ និងខាត​បង់ថវិកា»៕

ហ្វេសប៊ុក អភិបាល​ខេត្ត​ពោធិ៍សាត់​លោក ខួយ រីដា

ហ្វេសប៊ុក អភិបាល​ខេត្ត​ពោធិ៍សាត់​លោក ខួយ រីដា