ក្រសួង​បរិស្ថាន បានឱ្យដឹង​ថា គិតចាប់ពី​ខែតុលា​រហូតដល់​បំណាច់​ខែធ្នូ ឆ្នាំ២០២៣ មន្ទីរ​បរិស្ថាន​រាជធានី-ខេត្ត បានខិតខំ​បណ្ដុះ​កូនឈើ បានចំនួន ២៣៤ ៣៧១ ដើម និងបានចែក​ជូនកូន​ឈើ ជាបន្តបន្ទាប់ ដល់​ប្រជាពលរដ្ឋ​យកទៅ​ដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន ១៩១ ៨២០ ដើម។


គួរជម្រាប​ថា ដើម្បី​រួមចំណែក​បង្កើនភាព​បៃតង​ស្របនឹង​យុទ្ធសាស្រ្ដ​ចក្រា​វិស័យ​បរិស្ថាន រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បានដាក់ចេញ​នូវយុទ្ធនាការ ស្តីពីរៀបចំ​បណ្តុះ​កូនឈើ ឱ្យបាន​យ៉ាងហោច​ណាស់ ១ លាន​ដើម​ក្នុងមួយ​ឆ្នាំ កាលពី​ថ្ងៃទី១០ តុលា ២០២៣។ លោកបន្ត​ថា ការបណ្តុះ​កូនឈើ សំដៅ​ឱ្យមាន​ការដាំដើម​ឈើឱ្យ​ច្រើន​ជាងការកាប់ ដើម្បី​បង្កើន​ការដាំដុះ​ឈើ និងបង្កើន​គម្របព្រៃឈើ​ឱ្យ​បាន ៦០% នៅ​ឆ្នាំ២០៥០។ 

លោកឱ្យដឹងទៀត​ថា កូនឈើ​ទាំងនោះ ក្រសួង​នឹងធ្វើការចែក​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដែលមាន​បំណងចង់​ដាំកូនឈើ រួមទាំងចែករំលែក​នូវ​បច្ចេកទេស​ដាំកូន​ឈើ​ផងដែរ។ 


បន្ថែមពី​នេះលោក អ៊ាង សុផល្លែត បានណែនាំ​ដល់មន្ទីរ​បរិស្ថាន រាជធានី-ខេត្ត ខិតខំដាំកូន​ឈើឱ្យបាន​គ្រប់​ប្រភេទ ហើយការដាំនោះ​គឺត្រូវស្របតាម​ទីតាំង​ភូមិសាស្ដ្រ ក៏ដូចជា​ស្ថានភាព​ដី​ជាក់ស្ដែង បើពុំនោះទេ​កូនឈើ​មិនរីក​លូតលាស់​នោះទេ។
 
ពាក់ព័ន្ធ​បរិស្ថាន ក្រៅពីដាក់ចេញ​យុទ្ធនាការ​ដាំកូនឈើ ក្រសួង​បរិស្ថាន ក៏បានដាក់ចេញ​នូវ​យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិន​ប្រើ​ថង់ប្លាស្ទិកទេ» ចាប់ពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បី​រួមចំណែក​បង្កើន​ភាពស្អាត និងបរិស្ថាន​បៃតង​នៅកម្ពុជា។
 
តាមរយៈ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក ក្រោមប្រធាន​បទ «ថ្ងៃនេះ ខ្ញុំមិនប្រើ​ថង់​ប្លាស្ទិកទេ» គិតមកដល់​ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៤នេះ មានអ្នកចូលរួម​សរុប​ចំនួន ៣ ៧៧៥ ៣៤៤ អង្គ/នាក់ ក្នុងនោះ​រួមមាន​លោកគ្រូ​អ្នកគ្រូ​សរុប​ចំនួន ១៤៣ ៨១៩ នាក់ សិស្សានុសិស្ស​សរុប​ចំនួន ៣ ៣៥៩ ៧១៧ នាក់ កម្មករ​កម្មការិនី សរុបចំនួន ២២១ ៦២០ នាក់ និងអ្នកចូលរួម​ផ្សេងៗទៀត សរុប​ចំនួន ៤១៧ ៥៧៣ អង្គ/នាក់។ ក្នុងនោះ បាន​ផ្សព្វផ្សាយ​សរុបបាន​ចំនួន ១២ ៧៣៥ លើក ក្នុងសាលារៀន​សរុប​ចំនួន ៨ ២២២ សាលា រោងចក្រ​ចំនួន ៣២៥ វត្ត​អារាម ៤៥ និងសហគមន៍​ទីប្រជុំ​ជន​ចំនួន ៩៦ កន្លែង នៅទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា។

យុទ្ធនាការ​កាត់បន្ថយ​ប្លាស្ទិកនេះ បានអនុវត្ត​ក្នុងខេត្ត​ចំនួន ១៤ រួមមាន ខេត្ត​បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត ក្រចេះ ព្រៃវែង ពោធិ៍សាត់ សៀមរាប ព្រះសីហនុ ស្វាយរៀង តាកែវ កែប និងខេត្ត​ត្បូងឃ្មុំ៕ 


ក្រសួង​បរិស្ថាន

ក្រសួង​បរិស្ថាន