ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានប្រកាស​ឱ្យ​ពលរដ្ឋ​មានការ​ប្រុង​​ប្រយ័ត្ន​ចៀសវាង​ចាញ់បោក​ជនខិលខូច ជុំវិញ​ការប្រកាស​ជ្រើស​រើស​ពលករ​ខ្មែរ ទៅ​បម្រើ​ការងារនៅ​ប្រទេស​អ៊ីស្រា​អែល​ ខណៈ​កម្ពុជា​-អ៊ី​ស្រា​អែល ពុំទាន់​មាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ ក្នុងការ​បញ្ជូន​ពលករ​នៅឡើយ​។


ប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារបាន​ទទួលបាន​ព័ត៌មាន​ថា មាន​បុគ្គល​ ១ ​រូប​ បាន​បង្កើត​គណនី​តេ​ឡេ​ក្រាម​ឈ្មោះ ISRAEL WORK ២០២៤ ដើម្បី​ជ្រើសរើស និង​បញ្ជូន​ពលករ​ឱ្យទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​អ៊ី​ស្រា​អែល ​ដោយ​ខុសច្បាប់​។ សេចក្តី​​ជូនដំណឹង​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី ​៣ ខែមករា បានឱ្យដឹងថា បច្ចុប្បន្ន​ក្រសួង​កំពុងធ្វើការ​ជាមួយ​ភាគី​អ៊ីស្រា​អែល ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​អនុ​ស្ស​​រណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការជ្រើសរើស និង​ការបញ្ជូន​ពលករ ប៉ុន្តែ​ភាគី​ទាំង ​២ នៅ​ពុំ​​ទាន់​មាន​កិច្ចព្រមព្រៀង​ស្តីពី​ការ​​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​អ៊ី​ស្រា​​អែល​នៅឡើយ​ទេ​។ ការបំភ្លឺ​​របស់​ក្រសួង​នាពេលនេះ ដើម្បី​​បង្ការ​នូវ​ការ​ឆបោក​របស់​ជន​​ខិលខូច​លើ​ប្រជាពលរដ្ឋ​ខ្មែរ​។

ក្រសួង​ស្នើថា ក្នុងករណី​បានឃើញ ឬ​មានការ​ផ្សព្វផ្សាយ​ពី​ការជ្រើសរើស​ពលករ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​អ៊ីស្រា​អែល ​ក្នុង​រូបភាព​ណាក៏ដោយ សូម​ជូនដំណឹង ឬ​រាយការណ៍​មកកាន់​ក្រសួង​ការងារ តាមរយៈ Hotline ១២៩៧ ជាបន្ទាន់ ដើម្បី​អាចឱ្យ​ក្រសួង​ពិនិត្យ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។


លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារបានឱ្យដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​កថា មាន​ករណី​បុគ្គល​មួយរូប​ដែលមាន​ឈ្មោះ​ក្នុង​តេ​ឡេ​ក្រាម មៀន សុ​ដា​រ៉ា បាន​បង្កើត​តេ​ឡេ​ក្រាម​ឈ្មោះ ISRAEL WORK ២០២៤ ដើម្បី​ជ្រើសរើស និង​បញ្ជូន​ពលករ​ឱ្យទៅ​ធ្វើការ​ងារ​នៅអ៊ីស្រា​អែល ដោយ​ខុសច្បាប់​។

លោក​ក្រើន​​រំឭក​ពលរដ្ឋ​ឱ្យ​មានការ​ប្រុង​​ប្រយ័ត្ន​កុំឱ្យ​ចាញ់បោក​បុគ្គល MEAN Sodara ​ឬ​ខ្លឹមសារ​ដែល​បាន​ផ្សព្វផ្សាយ​នៅ ISRAEL WORK ២០២៤ ​ឱ្យសោះ​។


លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​បញ្ជាក់ជូន​សាធារណជន​ថា បច្ចុប្បន្ន​កម្ពុជា​មិនទាន់បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ក្នុងការ​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​អ៊ីស្រា​អែល ​នៅឡើយ ពោលគឺ​យើង​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ពិ​ភា​ក្សា​គ្នា​នៅឡើយ ដូច្នេះ​ការចេញ​ទៅធ្វើ​ការ​នៅ​ប្រទេស​អ៊ីស្រា​អែល​ តាមរយៈ​មេខ្យល់ ឬ​រូបភាព​ក្លែង​​បន្លំ​ឯកសារ​ជា​សិស្ស ឬ​ជា​និស្សិត គឺជា​ករណី​ខុសច្បាប់ និង​ជា​បទ​ល្មើស​នៃ​ការជួញដូរ​មនុស្ស​»​។

បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​កំពុងធ្វើការ​ជាមួយ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការ​​ជួញដូរ​មនុស្ស​ដើម្បី​ចាត់​វិធាន​​ការ​ដល់​បុគ្គល​ខាងលើនេះ​។

លោក​ មឿ​ន តុលា ប្រធាន​អង្គ​ការសង់​ត្រា​ល់​ថ្លែងថា រាជ​រដ្ឋា​ភិ​បាល​គួរតែ​បង្កើន​ការងារ និង​​មុខរបរ​ក្នុងស្រុក​ជូន​ពលរដ្ឋ​ឱ្យបាន​ច្រើន​ជាជាង​ការធ្វើ​ចំណាក​ស្រុក​នៅក្រៅ​ប្រទេស​។ លោក​សង្កេតឃើញថា កន្លងមក​ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី មាន​កម្រិត​ចំណេះដឹង​ទាប រួមទាំង​កម្ពុជា​ខ្លួនឯង បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ប្រទេស​ទាំងនោះ គឺមាន​ចំណុចខ្សោយ​ជាច្រើន ពោល​មិនបាន​គិតគូរ​ពី​ប្រាក់​ឈ្មួ​ល​គោល​សិទ្ធិ​ទទួលបាន​ការងារ​សម​រម្យ​ក៏ដូចជា​សិទ្ធិ​ក្នុងការ​ចូលរួម​ជាមួយ​សមាគម និង​សហជីព​ជាដើម​។

«​ប្រសិនជា​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​ជាមួយអ៊ី​ស្រា​អែល ​គ្រាន់តែ​សម្លឹងមើល​ចំនួន​ពលករ​ដែល​គេ​អាច​ទទួល​​យក​ទេ ដោយ​អត់​បាន​គិតគូរ​ពី​សិទ្ធិសេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​ដូចជា​សិទ្ធិ​ទទួលបាន​ប្រាក់​ឈ្មួ​ល​គោល និង​សិទ្ធិ​ទទួល​បាន​ការងារ​សមរម្យ ម៉ោង​ការ​ងារ​សមរម្យ គឺ​អត់​ល្អ​ទេ​»​។

បន្ថែម​ពីនេះ​លោក​ មឿ​ន តុលា បាន​លើកឡើងថា បើ​មិនមាន​ការគិតគូ​រលើ​ចំណុច​ទាំងអស់នេះ ចំពោះ​ពលករ​ខ្មែរ​ដែលមាន​ចំណេះដឹង​វប្បធម៌​តិចតួច​ទាំង​​នោះ នឹង​ងាយ​រងគ្រោះ​ធ្ងន់ធ្ងរ​ទៅលើ​ការកេងប្រវ័ញ្ច​កម្លាំង​​ពលកម្ម និង​ការរំលោភបំពាន​នា​​នា​។ ហេតុដូចនេះ​ក្នុងនាម​សង្គម​ស៊ីវិល លោក​សូម​លើកទឹកចិត្ត​ឱ្យ​រាជរដ្ឋាភិបាល មានការ​គិតគូរ​អំពី​វិធី​ក្នុង​ការបង្កើន​ឱកាស​ការ​ងារ​ក្នុងស្រុក​ដល់​ពលរដ្ឋ ដើម្បី​ទប់ស្កាត់​ពលករ​ខ្មែរ​ធ្វើ​ចំណាក​​ស្រុក​ដោយ​ប្រថុយប្រថាន​ទៅ​ក្រៅប្រទេស​៕