ពោធិ៍សាត់ៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​នឹង​ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ បាន​ចុះ​ជួប​ជាមួយ​ប្រជា​នេសាទ ស្ថិតក្នុង​ភូមិ​កំពង់​​លួង ឃុំ​កំពង់​លួង ស្រុក​ក្រគរ ដើម្បី​សិក្សា​ស្វែងយល់​ពី​ក្តីកង្វល់ និង​បញ្ហា​ប្រឈម​របស់​ប្រជា​-​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប និង​បញ្ជ្រាប​ការយល់ដឹង​ពី​ការ​​ប្រើប្រាស់​ឧបករណ៍​នេសាទ​​ស្របច្បាប់​។​


ដំណើរ​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជា​នេសាទ​នេះ ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​លោក ហាស់ សារ៉េត រដ្ឋលេខាធិការ​​ក្រសួងកសិកម្ម លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​​ជាច្រើនរូប​ទៀត កាលពី​ថ្ងៃទី​​ ២ ខែមករា ឆ្នាំ​ ២០២៤​។

លោក ឃឹម ហ្វី​ណង់ អ្នក​នាំ​ពាក្យ​ក្រសួងកសិកម្ម ដែល​បាន​ចូលរួម​ដំណើរ​នោះ បាន​ថ្លែង​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៤ ខែមករា​ថា ការចុះ​ស្ទាបស្ទង់ និង​ស្តាប់​ពី​សំណូមពរ ក៏ដូចជា​បញ្ហា​ប្រឈម​របស់​ប្រជា​នេសាទ​នេះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អំពី​ផលវិបាក​របស់​ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ខណៈ​ឧបករណ៍​មួយចំនួន​ដែល​ពួកគេ​ប្រើប្រាស់​ច្បាប់​មិន​អនុញ្ញាត​ទេ​។


លោក​ថា​៖ «​ប្រវែង ក្រឡា និង​ទំហំ​សាច់​អួន​របស់​ប្រជា​នេសាទ​នៅ​ទីកន្លែង​នោះ​កន្លងមក យើង​មានការ​រឹតបន្តឹង​ដោយ​មិន​អនុ​​ញ្ញាត​ឱ្យ​វែង​ទេ ហើយក៏​មិន​អនុ​ញ្ញាត​ឱ្យ​ក្រឡា​អួន​តូច​ដែរ​។ ក៏​​ប៉ុន្តែ​នាពេល​កន្លងមក​ការនេសាទ​របស់​ប្រជា​នេសាទ មានការ​​លំបាក ដោយសារ​ច្បាប់​របស់​យើង​តឹង​ពេក ដែល​ធ្វើឱ្យ​ទិន្នផល​នេសាទ​ធ្លាក់ចុះ ដូច្នេះហើយ​​បាន​ពួកគេ​ស្នើសុំ​មក​ថ្នាក់លើ ដើម្បី​បន្ធូរបន្ថយ​ខ្លះ​ដោយ​ពួកគេ​ចង់បាន​ប្រវែង​អួន​ធ្វើយ៉ាងណា​ឱ្យបាន ​២៥០​ ម៉ែត្រ និង​ក្រឡា​ ៣​ ហ៊ុន​»​។

លោក​បន្ថែមថា ក្រុមការងារ​ក្រសួង​បាន​ទទួលយក​សំណើ​ទាំងអស់​ ដែល​សុទ្ធសឹងតែ​ជាការ​ស្នើសុំ​ដើម្បី​បន្ធូរបន្ថយ​ការ​​អនុវត្ត​ច្បាប់​ទៅលើ​ឧបករណ៍​នេសាទ​របស់​ពួកគេ ក៏ប៉ុន្តែ​មិនទាន់មាន​ការសម្រេច​បែប​ណា​ទេ ដោយ​ក្រុមការងារ​បានធ្វើ​ការរាយការណ៍​ទៅ​រដ្ឋមន្ត្រី​​ក្រសួងកសិកម្ម ដើម្បី​ធ្វើការ​សម្រេច​។


ជាមួយគ្នានេះ លោក ឃឹម ហ្វី​ណង់ អំពាវនាវ​ឱ្យ​ប្រជា​នេសាទ​ទាំងអស់​នៅតាម​បឹង​​ទន្លេសាប​គោរព​ច្បាប់​នេសាទ​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​ការ​នេសាទ​ខុសច្បាប់ ប្រើប្រាស់​​ឧបករណ៍​ទាំងឡាយណា​ដែល​ច្បាប់​ហាមឃាត់​ដែល​ធ្វើឱ្យ​​ប៉ះពាល់​ទៅដល់​ជីវចម្រុះ ក៏ដូចជា​ធនធាន​ដ៏​សម្បូរបែប​នៃ​បឹង​ទន្លេសាប​។

ថ្លែង​ក្នុងជំនួប​ជាមួយ​ប្រជា​​នេសាទ លោក ខូ​យ រី​ដា អភិ​បាល​ខេត្តពោធិ៍សាត់ បាន​លើក​ទឹកចិត្ត​ដល់​ប្រជា​នេសាទ​ឱ្យ​​លើកឡើង​ពី​ក្តីកង្វល់ សំណើ ​និង​បញ្ហា​ប្រឈម​នានា​ជូន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដែល​មកពី​​ក្រសួងកសិកម្ម ដើម្បី​ឈានទៅ​​រក​ដំណោះស្រាយ​រួមគ្នា​។

លោក​បានឱ្យដឹងថា ការចុះ​​សំណេះសំណាល​នាពេលនេះ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​បន្ថែម​ដល់​ប្រជា​នេសាទ​ពី​ការប្រើ​ប្រាស់​ឧបករណ៍ ក្នុង​រដូវ​បើក​​នេសាទ​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់រដ្ឋបាល​ជល​ផល ចៀសវាង​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ដែលនាំឱ្យ​ប៉ះពាល់​ដល់​មច្ឆជាតិ​។

បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋបាល​ជលផល​នៃ​ក្រសួង​​កសិកម្ម​ចំនួន​បទល្មើស​នេសាទ​ក្នុង​ឆ្នាំ​ ២០២៣ មានការ​ថយចុះ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២ ដោយសារតែ​ក្រុម​គណៈកម្មការ​អន្តរក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្ក្រាប​បទល្មើស​។ នៅក្នុង​ឆ្នាំ ២០២៣ គណៈកម្មការ​អន្តរ​​ក្រសួង ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បាន​បង្ក្រាប​បទល្មើស​នេសាទ មានដូចជា អួន​អូស​ទឹកសាប ចំនួន ១៣ ​វង់​, ឧបករណ៍​ឆក់​ក្តៅ និង​ត្រជាក់​ចំនួន ១៣៦​ ​គ្រឿង​, ឈិ​ប​យន្ត ២​ គ្រឿង​, អួន​ហ៊ុម ១២​ គ្រឿង​, របាំង​ស្បៃ​មុង និង​សាច់​អួន ៧៤៧ ៥៤៤​ ម៉ែត្រ​, លូ និង​លប ៧ ២៦៦​ មាត់ និង​គ្រឿង​, បង្គោល​ចម្រឹង ៣៣០ ៨២៨ ដើម​, ឈ្នក់ រួមផ្សំ​នឹង​ភ្លើង ១១៩ វង់​, កាណូត ៣០ ​គ្រឿង​, ម៉ាស៊ីន​កាណូត ២០ ​គ្រឿង​។

ក្នុងនោះ គណៈកម្មការ​អន្តរ​ក្រសួង បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ៨​ ករណី​, ចេញ​ដីកា​កោះហៅ ចំនួន ១ ​នាក់ និង​តុលាការ​ផ្តន្ទាទោស​ដាក់​​ពន្ធនាគារ ៥ ​នាក់​៕

​វង្ស ដា​រា​វ៉ា​ឌី