អនុវត្តតាម​ប្រសាសន៍​ដឹកនាំ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្រសួងមហាផ្ទៃ បានសម្រេច​ដាក់ឱ្យ​ដំណើរការ​សេវា​ផ្តល់​លិខិតឆ្លងដែន​ធម្មតា​ជូន​ប្រជាពលរដ្ឋ និង​ពលករ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ចាប់ពី​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២៤ តទៅ​។


សេចក្តីជូនដំណឹង​រប​ស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ បញ្ជាក់ថា ទីតាំង​ផ្តល់​សេវា​ខាងលើនេះ ស្ថិតនៅ​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ លើកលែង​ថ្ងៃ​សម្រាក ឬ​ការកំណត់​ដោយឡែក ចាប់ពី​ម៉ោង ៩ ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​។

ចំពោះ​បែបបទ​នៃ​ការផ្តល់​លិខិតឆ្លងដែន​ធម្មតា គឺ​ក្នុងករណី​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង ត្រូវមាន​ឯកសារ​លិខិតឆ្លងដែន​ច្បាប់ដើម (​ដែល​ផុត​ឬ​ជិត​ផុត​សុពលភាព​) ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឬ​សេចក្តីចម្លង​សំបុត្រកំណើត ឬ​សេចក្តីចម្លង​សំបុត្រ​បញ្ជា​ក់​កំណើត ឬ​ឯកសារ​ផ្សេងទៀត​ដែល​បញ្ជាក់​អំពី​សញ្ជាតិ​ខ្មែរ និង សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិតបញ្ជាក់​ទីលំនៅ​ដែល​ចេញ​ដោយ​ស្ថានទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​បរទេស​។


ដោយឡែក​ក្នុងករណី​ទារក ឬ​កុមារ​ដែលមាន​អាយុ​ក្រោម​១៥​ឆ្នាំ ត្រូវមាន​ឯកសារ​ដូច​ចំណុច (​ក​) ខាងលើ ដោយ​ភ្ជាប់​បន្ថែម​នូវ​ឯកសារ​លិខិតអនុញ្ញាត​ជា​លាយលក្ខណ៍អក្សរ​ពី​ឪពុក ឬ​ម្តាយ ឬ​អាណាព្យាបាល និង​សំបុត្រ​ពេទ្យ (​ករណី​កើត​នៅក្រៅ​ប្រទេស​)​។ សម្រាប់​រយៈពេល​ផ្តល់​លិខិតឆ្លងដែន​នឹងត្រូវ​ផ្តល់ជូន​ក្នុង​រយៈពេល​៤-៥​សប្ដាហ៍ គិត​ចាប់​ពីថ្ងៃ​ស្នើសុំ​។

ជាមួយគ្នា​នោះដែរ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៤​នេះ បានចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ ដែល​កំពុងស្នាក់នៅ​និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ទាំងអស់ អាច​ទៅ​ទទួល​សេវា​ធ្វើលិខិត​ឆ្លងដែន​ធម្មតា​នៅតាម​ស្ថានទូត​រយៈពេល ៤​ខែ ចាប់ពី​ខែមករា ឆ្នាំ​២០២៤ នេះ​តទៅ​។


ក្រសួង​បានបញ្ជាក់​ទៀតថា ៖«​ការផ្តល់សេវា​ធ្វើលិខិត​ឆ្លងដែន​នៅ​ស្ថានទូត​នេះ​ស្របតាម​អនុសាសន៍ ណែនាំ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ក្នុងការ​ការសម្របសម្រួល​ធ្វើលិខិត​ឆ្លងដែន​នៅក្រៅ​ប្រទេស ដើម្បី​កុំឱ្យ​ពលករ​ជួប​ការលំបាក​ធ្វើដំណើរ​មក​កម្ពុជា ក្នុងការ​ធ្វើលិខិត​ឆ្លងដែន​»​។

ជាមួយគ្នានេះដែរ លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (​សង់​ត្រា​ល់​) បាន​គាំទ្រ​ចំពោះ​យន្តការ​នេះ ដែលជា​ចំណែក​សម្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង ជាពិសេស​ពលករ​ខ្មែរ ដោយ​មិនចាំបាច់​ធ្វើដំណើរ​មកកាន់​កម្ពុជា​។ ប៉ុន្តែ​លោក​ចង់ឃើញ​ការធ្វើ​លិខិតឆ្លងដែន​នេះ ស្ថិតក្នុង​តម្លៃ​មួយ​ដ៏​សមរម្យ​អាច​ត្រឹម ២០ ដុល្លារ​អាមេរិក ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​។

លោក​បាន​ប្រាប់ថា​៖ «​សម្រាប់​ខ្ញុំ​នៅក្នុង​កិច្ចការងារ​នេះ ខ្ញុំ​សំណូមពរ​ឱ្យ​ពិនិត្យមើល​តម្លៃ​ធ្វើលិខិត​ឆ្លងដែន​នោះ​ឱ្យទាប​តាម​ដែល​អាចធ្វើ​បាន​ហើយ​ព​ន្លឿ​ន​ការធ្វើ​លិខិតឆ្លងដែន បើ​អាចធ្វើ​ត្រឹម ១ ម៉ោង ឬ​កន្លះ​ម៉ោង​អី​បាន​រឹតតែ​ល្អ ដោយសារ​ពលករ​យើង​មកពី​ចម្ងាយ​ដោយ​ទៅធ្វើ​តែ ១ លើក គឺ​បាន​លិខិត​តែម្តង ហើយ​បើសិនជា​អាច​យើង​អាចធ្វើ​នៅ​ថ្ងៃ​ឈប់សម្រាក ដើម្បី​ជួយ​សម្រួល​ពលករ មិនចាំបាច់​សុំច្បាប់​ឈប់សម្រាក​»​។

គួរ​ជម្រាប​ថា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត មកពី​រោងចក្រ សហគ្រាស​នានា ក្នុង​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជា​ឱ្យ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​រៀបចំ​ទីតាំង​ធ្វើលិខិត​ឆ្លងដែន​កម្ពុជា នៅក្រៅ​ប្រទេស​ដែល​នឹង​ចាប់ផ្ដើម​ពី​ប្រទេស​កូរ៉េ​មុនគេ ព្រមទាំង​បង្កើត​កុងស៊ុល បន្ថែម​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ ដើម្បី​សម្រួល​ដល់​ពលករ ឬ​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​ក្រៅប្រទេស​ក្នុងការ​ទទួល​សេវា​ផ្សេងៗ​៕​