សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាឃុំខ្លួន លោក នី ណាក់ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក  «Iman KH» ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១)  ក្រោម​ការចោទប្រកាន់​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យមាន​ការរើសអើង​»​។


ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ញឹម ពិសាល កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ ២០២៤ បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន លោក នី ណាក់ ភេទ​ប្រុស កើត​ឆ្នាំ​១៩៧៩ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​អាជីវករ មាន​ទីកន្លែង​កំណើត​ភូមិ​រកា ឃុំ​រការ ស្រុក​សង្កែ ខេត្តបាត់ដំបង និង​ទីលំនៅ​មុនពេល​ឃាត់ខ្លួន​ស្នាក់​នៅផ្ទះ​លេខ​៤៧ ផ្លូវ​បេតុង ភូមិ គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

នៅក្នុង​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បញ្ជាក់ថា​៖«​ជននេះ​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ ការមិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់ពី​ការផ្តន្ទាទោស​បទមជ្ឈិម បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យមាន​ការរើសអើង ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២៣ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា ៨៨ មាត្រា ៣០៧ មាត្រា ៤៩៥ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​»​។​
 
​លោក នី ណាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូនទៅ​តុលាការ​ភ្លាមៗ កាលពី​ព្រឹក​ថ្ងៃ ទី​៥ ខែមករា ឆ្នាំ​២០២៤ បន្ទាប់ពី​លោក​បាន​និយាយ​បរិហារ និង​រិះគន់​ជា​ហូរហែ​ទៅលើ​សកម្មភាព​មន្ត្រី​រាជរដ្ឋាភិបាល​។ 
 
​លោក ទូច សុ​ខៈ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៦ ខែមករា នេះ​ថា យោងទៅលើ​គោលការណ៍​ជំនាញ និង​នៅក្នុង​តួនាទី​ភារកិច្ច​ជា​ជំនួយការ​របស់​តុលាការ  នាយកដ្ឋាន​ផ្ទៃក្នុង​អគ្គស្នងការ​នគរបាល​ជាតិ បាន​អនុវត្ត​ឃាត់ខ្លួន លោក នី ណាក់ តាម​នីតិវិធី ហើយ​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
 
​លោក​បញ្ជាក់ថា​៖«​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏បាន​បន្ត​នីតិវិធី ទៅកាន់​ចៅក្រម​ស៊ើបសួរ រហូតដល់​ចៅ​ក្រៅ​ម​ស៊ើបសួរ នៅ​ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ និង​បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន លោក នី ណាក់ ដូច​បទល្មើស​ដែលមាន​នៅក្នុង​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​។ ដូច្នេះ ករណីនេះ ផុតពី​ដៃ​នគរបាល​យុត្តិធម៌​»​។ 
 
​សូម​រំឭកថា លោក នី ណាក់ ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​រួចមកហើយ កាលពី​ឆ្នាំ​២០២០ ក្រោម​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ទាក់ទិន​នឹង​ការប្រកាស​ពី​ផែនការ​ទិញ​ម៉ាស់​មក​ពាក់​ឱ្យ​សត្វ​មាន់​ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដោយ​តុលាការ​បាន​ផ្តន្ទាទោស រយៈពេល ១៨ ខែ​។ ប៉ុន្តែ​លោក​បាន​ចេញពី​ពន្ធនាគារ​វិញ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១៕​