ភ្នំពេញៈ កម្ពុជា​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ថ្ងៃ​ជ័យ​ជម្នះ ៧ មករា ជាខួប​លើក​ទី ៤៥ឆ្នាំ ដែល​ប្រទេស​កម្ពុជា ត្រូវ​បាន​សង្គ្រោះ និង​រំដោះ​ចេញ​ផុត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅថា​របប​ប្រល័យ​ពូជសាសន៍ ដឹកនាំ​ដោយ ប៉ុល ពត ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​ទៅជា​វាលពិឃាត​ដ៏​ខ្មៅ​ងងឹត​អស់​រយៈពេល ៣ឆ្នាំ ៨ខែ និង​២០ថ្ងៃ។ នេះ​បើ​តាម​បណ្តាញ​តេឡេក្រាម លោក ហ៊ុន សែន ប្រធាន​គណបក្សប្រជាជន​កម្ពុជា នៅព្រឹកនេះ។


ប្រភព​ដដែល​បាន​លើក​ឡើង​ថា កាល​ពី ៤៥​ឆ្នាំ​មុន ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប រួម​ទាំង​កុមារ​តូចៗ​រស់នៅ​ក្រោម​ការ​បង្ខិតបង្ខំ​ឱ្យ​ធ្វើ​ការ​លើសកម្លាំង គ្មាន​ថ្ងៃ​ឈប់​សម្រាក ទទួល​ទាន​អាហារ​មិន​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ គ្មាន​សាលារៀន ហើយ​សិទ្ធិ​សេរីភាព​ទាំងអស់​របស់​ពលរដ្ឋ​ត្រូវបាន​របប​ព្រៃផ្សៃ​នេះ​បំបិទ​មិន​ឱ្យ​មាន​ឡើយ។

ប៉ុន្តែ​ក្រោយ​ពី​ប្រទេសជាតិ​ត្រូវ​បាន​រំដោះ នៅ​ថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេស​ជាតិ​ទាំងមូល​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ​មក​ទល់​សព្វថ្ងៃ។ ទន្ទឹម​នឹងនោះ​ដែរ កម្ពុជា​ក៏​មាន​កិត្យានុភាព និង​មុខមាត់​សាជាថ្មី​លើ​ឆាក​អន្តរជាតិ។


លោក​សរសេរ​លើ​តេឡេក្រាម​ថា៖ «សូម​ឱ្យ​ស្មារតី​ថ្ងៃ​រំដោះជាតិ​នេះ ស្ថិត​នៅ​ក្នុង​ក្រអៅ​បេះដូង​ពលរដ្ឋ​គ្រប់រូប និង​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង​មហាគ្រួសារ​ខ្មែរ​ស្ថិត​នៅ​ជា​អមតៈ​ក្រោម​ម្លប់​សុខសន្តិភាព​ជានិច្ច​និរន្តរ៍»។

ថ្លែង​សុន្ទរកថា​អបអរសាទរ​ខួប ៧មករា ឆ្នាំ ២០២៤ នេ​ផងដែរ លោក ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា បន្ទាប់ពី​បាន​ទទួល​ជោគជ័យ​ថ្ងៃ ៧មករា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ឆ្លង​កាត់​ឧបសគ្គ​រាប់​មិន​អស់ ពុះពារ​ការ​លំបាក​រាប់ម៉ឺនសែន​ជំពូក ប្រកប​ដោយ​ជោគជ័យ ដើម្បី​ការពារ​ការ​រស់​ឡើងវិញ​របស់​ប្រជាជន រហូត​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ម្លប់សន្តិភាព។ 


លោកថ្លែងថា៖ «យើង​ប្រារព្ធ​ខួប​លើក​ទី ៤៥ឆ្នាំ នៃ​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ​ឡើង​ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​នូវ​មហាឧក្រិដ្ឋកម្ម ដែល​របបប្រល័យ​ពូជសាសន៍​ប៉ុលពត​បាន​ប្រព្រឹត្ត​មក​លើ​មាតុភូមិ និង​ប្រជាជន​កម្ពុជា និង​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ របស់​កម្មាភិបាល វរយុទ្ធជន យុទ្ធនារី សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា និង​វរកងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ប្រយុទ្ធ​និង​ធ្វើ​ពលិកម្ម​យ៉ាង​អង់អាច ដើម្បី​ផ្តួល​រំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត»។

លោកបន្ថែមថា៖​«ព្រម​ជាមួយនេះ យើង​ទាំងអស់​គ្នា​សូម​លំឱនកាយ សង្រួមចិត្ត គោរព​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជន​រួមជាតិ​ជាង ៣ លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​ទៅ​យ៉ាង​អាណោចអាធ័ម និង អយុត្តិធម៌​បំផុត​ក្នុង​របប​ដ៏​ឃោរឃៅ​នេះ និង​សូម​ឧទ្ទិស​បួងសួង​សូម​ឱ្យ​ដួង​វិញ្ញាណក្ខន្ធរបស់​លោកអ្នក​ទាំងអស់​បាន​ទៅ​កាន់​សុគតិភព​ជា​រៀងរហូត»។

ខួប​នៃ​ទិវា​ជ័យជម្នះ ៧មករា នៅ​ឆ្នាំនេះ ធ្វើឡើង​ស្របពេល​ដែល​កម្ពុជា បាន​សម្រេច​សមិទ្ធផល​ធំៗ​ថ្មី​ទៀត​លើ​គ្រប់​វិស័យ បន្ទាប់ពី​កម្ពុជា​បាន​យក​ឈ្នះ​លើ​សមរភូមិ​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​បង្ក​លក្ខណៈ​ឱ្យ​យើង​បាន​បើក​ប្រទេស​ឡើង​វិញ​ចាប់​ពី​ចុង​ឆ្នាំ ២០២១ មក ហើយ​បាននិង​កំពុង​បន្ត​ដំណើរ​ទៅ​មុខ​ប្រកប​ដោយ​ភាព​ជឿជាក់​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។

លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​សម្ដែង​គារវភក្តីភាព និង​កតញ្ញូតាធម៌​ដ៏ ជ្រាលជ្រៅ​បំផុត ថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ​ខ្មែរ ជា​ទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូមឱ្យ​ព្រះអង្គ​បាន​ប្រកប​នូវ​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះកាយ​ពលមាំមួន ព្រះ​បញ្ញាញាណភ្លឺថ្លា និងព្រះទីឃាយុ យឺនយូរ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​កូនចៅ ចៅទួត របស់ព្រះអង្គ ជ្រកកោន​ជា​រៀងដរាប​ផងដែរ៕