ភ្នំពេញៈ លោក ​ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​លើកទឹកចិត្ត​ដល់​នាយទាហាន​គ្រប់ផ្នែក​បន្ត​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​តួនាទី ព្យាយាម​បង្កើត​ស្នាដៃ​ថ្មីៗ ពង្រឹងសមត្ថភាព​ជាប្រចាំ ដើម្បី​ធានា​នូវ​ឯករាជភាព អធិបតេយ្យភាព បូរណភាព​ទឹកដី​កម្ពុជា​។​


​ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​សរុប​លទ្ធផល​ការងារ​ភ័ស្តុភារ ហិរញ្ញវត្ថុ ឆ្នាំ​ ២០២៣ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​ ២០២៤ របស់​អគ្គនាយក​ដា្ឋ​ន ភ័ស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅ​ថ្ងៃទី​ ​៥ ខែមករា ឆ្នាំ​ ២០២៤​។​

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួងការពារជាតិ លោក​ទៀ សីហា បាន​ថ្លែង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ ប្រធាន​ស្ថាប័ន និង​មេបញ្ជាការ​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ជួរ​កងទ័ព ដែល​បាន​យកចិត្តទុកដាក់ សហការគ្នា នៅក្នុង​ការបំពេញភារកិច្ច​ដោយ​ការទទួលខុសត្រូវ ដែល​អាច​ឈានទៅ​សម្រេច​លទ្ធផល​នានា តួយ៉ាង​ដូចជា ការងារ​ក្នុង​ផ្នែក​ភ័ស្តុភារ ហិរញ្ញវត្ថុ នេះ​។​


​លោក​បាន​ថ្លែងថា​៖ «​រយៈពេល​ពេញ ១​ឆ្នាំ ក្នុង​ឆ្នាំ​២០២៣ សភាពការណ៍​សន្តិសុខ សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​សកលលោក នៅតែ​បន្ត​វិ​វត្ត​ប្រែប្រួល ស្មុគស្មាញ និង​ពិបាក​ប៉ាន់ស្មាន ដោយ​បង្កើតឱ្យមាន​បញ្ហា​ប្រឈម​ជាច្រើន រួមជាមួយ​ការបន្ត​កើតឡើង​នូវ​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប ជំងឺ​រាតត្បាត គ្រោះធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ​»​។​

​លោក ទៀ សីហា ថ្លែងថា បើទោះបី​កម្ពុជា​ប្រឈម​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​ជា​សកល​ដូច្នេះ​ក្តី ក៏​អគ្គនាយកដ្ឋាន​ភ័ស្តុភារ ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​សហការ​ជាមួយ​នាយទាហាន​ជំនាញ និង​ផ្នែក​ពាក់ព័ន្ធ ខិតខំ​សម្រេច​ជោគជ័យ​លើ​បេសកកម្ម និង​សមិទ្ធផល​នានា​ដែល​រួមចំណែក​ដល់​ការការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ថែរក្សា​សន្តិសុខ​និង​ស្ថិរភាព​នយោបាយ​ជាតិ​។​


​រដ្ឋមន្ត្រី​ការពារជាតិ​បាន​បន្តថា សមិទ្ធផល​នៅក្នុង​ឆ្នាំ​២០២៣ កន្លងទៅ ឆ្លុះបញ្ចាំង​ដល់​ការខិតខំ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រដ្ឋាភិបាល​អាណត្តិ​ទី​៦ និង​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៧ នេះ ទៅលើ​វិស័យ​ការពារជាតិ​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត​។​

​ជា​ទិសដៅ​សម្រាប់​ឆ្នាំ​២០២៤ លោក​ទៀ សីហា បាន​ជំរុញ​ឱ្យ​ផ្នែក​ភ័ស្តុភារ ហិរញ្ញវត្ថុ បន្ត​វិធានការ កំណែទម្រង់ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្នុងនោះ​ពាក់ព័ន្ធ​ទម្រង់​បែបបទ​ថវិកា​កម្មវិធី ហើយ​ត្រូវ​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

បន្ថែម​ពីនេះ លោក​ក៏បាន​ស្នើឱ្យ​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​យោធិន​ប្រភេទ​២ ចេញពី​ជួរ​កងទ័ព ជំរុញ​ទូទាត់​ប្រាក់​បូជាសព​យោធិន​ពលី មរណភាព រួមទាំង​ការងារ​ផ្គត់ផ្គង់ ធានា​ប្រេងឥន្ធនៈ ការដឹក​ជ្ជូ​ន សុខាភិបាល និង​មន្ទីរពេទ្យ ឱ្យ​កាន់តែ​ប្រសើរ​។​

​លោក​ថុង ម៉េង​ដា​វិត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)​បាន​ប្រាប់​ឱ្យដឹងថា សម្រាប់​ការធ្វើ​ទំនើបកម្ម​យោធា គឺ​ខ្វះ​មិនបាន​ឡើយ​លើ​ការពង្រឹង​សមត្ថភាព​ក​ង​ទ័ព ជាពិសេស​បច្ចេកទេស ដែល​បានចែង​នៅក្នុង​គោលនយោបាយ​ជាតិ​របស់​ក្រសួងការពារជាតិ ឬ​សៀវភៅ​ស កាលពី​ឆ្នាំ​២០២២​។

​លោក​បាន​ថ្លែងថា​៖ «​ដើម្បី​ធានាបាន​ការអភិវឌ្ឍ​វិស័យ​យោធា និរន្តរភាព និង​តម្លាភាព​ក្នុងការ​ដាក់ចេញ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ភ័ស្តុភារ​និង​ហិរញ្ញវត្ថុ​គឺ​ពិតជា​សារៈសំខាន់​ណាស់ ដើម្បី​ធានាបាន​ថា កងទ័ព​មាន​សព្វាវុធ និង​ការហ្វឹកហាត់​គ្រប់គ្រាន់ របប​អាហារ​ក៏ដូចជា​ទទួលបាន​ប្រាក់បៀវត្សរ៍​សមរម្យ​តាម​គោលការណ៍​រដ្ឋាភិបាល​»​។

​លោក​ថា ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ហិរញ្ញវត្ថុ ជា​រឿង​សំខាន់​មួយ ដើម្បី​អាច​តាមដាន និង​កត់ត្រា​ការចំណាយ​នានា​របស់​យោធា ធ្វើ​វិវេចនា និង​យុទ្ធសាស្ត្រ​អនាគត​បាន ដែល​ក្រសួងការពារជាតិ ជាពិសេស​រដ្ឋាភិបាល​អាច​ដាក់ចេញ​វិធានការ​មាំ ក៏ដូចជា​ពង្រឹងសមត្ថភាព​ធនធានមនុស្ស​ដែល​បម្រើការ​ផ្នែក​នេះ តួយ៉ាង​ហិរញ្ញវត្ថុ​ឌីជីថល ដើម្បី​ធ្វើ​ទំនើបកម្ម​វិស័យ​យោធា​មាន​ប្រសិទ្ធភាព​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះ លោក​យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា រដ្ឋាភិបាល ជាពិសេស​វិស័យ​កងទ័ព​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ទៅលើ​ការពង្រឹង​សមត្ថភាព​ក​ង​ទ័ព ទោះបី​កម្ពុ​ជាមាន​សុខសន្តិភាព​ក្តី ដើម្បី​អាច​ត្រៀមលក្ខណៈ​ប្រសើរ​ក្នុងពេល​ប្រឈមមុខ​នឹង​ទំនាស់ ឬ​ភាពអសន្តិសុខ​ណាមួយ​។​

​លោក ថ្លែង​ដោយ​ចាត់ទុក​វិស័យ​ភ័ស្តុភារ ហិរញ្ញវត្ថុ សំខាន់​សម្រាប់​វិស័យ​យោធា ដែល​ត្រូវ​លើកទឹកចិត្ត​ឱ្យ​បង្កើន​ទំនើបកម្ម​យុទ្ធោបករណ៍ សម្ភារ​យោធា ខណៈ​ប្រទេស​មហាអំណាច​លើ​លោក​ក៏​កំពុង​បង្កើន​សមត្ថភាព​យុទ្ធោបករណ៍​គេ​រៀងៗ​ខ្លួន​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនដឹងថា យោធា​គេ​ចំណាយ​យ៉ាងណាទេ ប៉ុន្តែ​សូមឱ្យ​ការចំណាយ​នោះ​មាន​តម្លាភាព ឱ្យចំ​គោលដៅ គឺ​មិនមែន​មានន័យថា បង្ហាញ​សាធារណជន​ឱ្យដឹង​ទេ ប៉ុន្តែ​ធានា​ឱ្យ​ចំណាយ​ទាំងនោះ​មាន​ប្រសិទ្ធភាព អភិវឌ្ឍ​យុទ្ធោបករណ៍ ឱ្យដឹងថា អភិវឌ្ឍ​យុទ្ធោបករណ៍ ចាយ​ទៅលើ​ប្រាក់ខែ​កងទ័ព ឱ្យដឹងថា ចាយ​ទៅលើ​ប្រាក់ខែ​កងទ័ព​»​។​

​លោក យង់ ពៅ ថ្លែងថា កិច្ចការ​យោធា​ទាមទារ​ឱ្យមាន​ភាព​សម្ងាត់​ក៏ពិតមែន ប៉ុន្តែ​ផ្ទៃក្នុង​យោធា​ក៏ត្រូវ​ធានា​ឱ្យបាន​នូវ​តម្លាភាព ប្រសិទ្ធភាព ដើម្បី​ការរីកចម្រើន​ផ្នែក​វិស័យ​ការពារជាតិ​៕