​ភ្នំពេញៈ​ ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ លោក ហ៊ុន សែន បាន​ដាក់​ចេញ​ទិសដៅ​សំខាន់ៗ​ចំនួន ៨ចំណុច​ដើម្បី​ពង្រឹង​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ឱ្យ​សម្រេច​​ចក្ខុវិស័យ​រយៈ​ពេល​មធ្យម​របស់​កម្ពុជា​នៅ​ឆ្នាំ​២០៣០ ​និង​រយៈ​ពេល​វែង​នៅ​ឆ្នាំ២០៥០​។​


​លោក​បាន​លើក​ឡើង​ដូច​នេះ ​ក្នុង​ពិធី​អបអរ​សាទរ​ខួប ​៤៥​ឆ្នាំ ​ថ្ងៃ​ជ័យ​ជម្នះ ​៧​មករា​ ដោយ​លោក​បាន​បញ្ជាក់​ថា រយៈ​ពេល ៥​ឆ្នាំ​ខាង​មុខ​ ជា​រយៈ​ពេល​ដ៏​មាន​សារៈ​សំខាន់​បំផុត​ក្នុង​ការ​ពង្រឹង​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​បរិ​យាប​ន្ន និង​សម​ធម៌ ​ដើម្បី​សម្រេច​​ចក្ខុ​វិស័យ​រយៈ​ពេល​មធ្យម​របស់​កម្ពុជា​នៅ​ឆ្នាំ​២០៣០ ​និង​រយៈ​ពេល​វែង​នៅ​ឆ្នាំ​២០៥០​។​

​លោកហ៊ុន សែន បាន​ថ្លែង​ថា ​ក្នុង​ន័យ​នេះ សម្រាប់​ឆ្នាំ២០២៤​នេះ​ ត្រូវ​ប្រមូល​ធ្វើ​ឱ្យ​បាន​ល្អ​នូវ​ទិស​ដៅ​សំខាន់ៗ​ចំនួន ​៨​ចំណុច​ ដែល​ក្នុង​នោះ​ ទី​១- ការ​ប្តូរ​ផ្តាច់​ការ​ពារ​ឯករាជ្យ ​អធិ​បតេយ្យ ​និង​បូរណ​ភាព​ទឹកដី​កម្ពុជា ក៏​ដូច​ជា​ការ​ថែ​រក្សា​សន្តិ​ភាព ស្ថិរ​ភាព​នយោ​បាយ​ សន្តិ​សុខ ​សណ្តាប់​ធ្នាប់​ និង​សុខ​សុវ​ត្ថិភាព​សង្គម​ឱ្យ​បាន​រឹងមាំ ព្រម​ទាំង​ការ​ធានា​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង​របស់​ពលរដ្ឋ​ ដោយ​ផ្អែក​លើ​រដ្ឋ​ធម្មនុញ្ញ​ និង​បទប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន​។​


​លោក​បាន​បន្ត​ថា ​ទី​២-​ការ​ការពារ​រប​បរាជានិ​យម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ ​ការ​ពារ​រាជ​បល្ល័ង្ក ​ការពារ​អង្គ​ព្រះ​មហា​ក្សត្រ​ជាទីសក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ​មិន​ឱ្យ​ជន​ណា​មក​បំពារ​បំពាន​បាន​ឡើយ​ និង​៣- ការជំរុញ​ការ​អនុវត្ត​កម្មវិធី​នយោ​បាយ និង​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ របស់​រាជ​រដ្ឋាភិ​បាល​នីតិ​កាល​ទី​៧ ​នៃ​រដ្ឋសភាឱ្យ​សម្រេច​បាន​លទ្ធ​ផល​ផ្លែផ្កា​​តាម​ការ​សង្ឃឹម​ និង​ជឿ​ទុក​ចិត្ត​របស់​ប្រជា​ជន​។​

«​ចំណែក​ទី​៤ -​ការ​បន្ត​រក្សា​​ស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច ​ដើម្បី​ធានា​ចីរភាព​នៃ​កំណើន​ប្រកប​ដោយ​បរិ​យាប​ន្ន តាម​រយៈ​ ការ​គ្រប់​គ្រង​អតិផរ​ណា​ឱ្យ​ស្ថិត​ក្នុង​កម្រិត​សម​ស្រប ​និង​ការរក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់​ ព្រម​ទាំង​ជំរុញ​កា​រកែទម្រង់​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ និង​មុត​ស្រួច​»​។ លោក ​ហ៊ុន ​សែន បាន​បន្ថែម​ដូច្នេះ។ 


​លោក​បាន​បន្ត​ទៀត​ថា ទី​៥- ការរក្សា​លំនឹ​ង​នៃ​ជីវ​ភាព​រស់នៅ​របស់​ប្រជា​ជន​តាម​រយៈ​កា​រអភិវឌ្ឍ​ និង​ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ​ដែល​រួម​បញ្ចូល​នូវ​របប​ជំនួយ​សង្គម ​និង​របប​សន្តិ​សុខ​សង្គម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ចីរ​ភាព​ ដែល​ជួយ​គាំ​ពារ​ប្រជា​ជន​គ្រប់​រូប​ ជា​ពិសេស​គ្រួសារ​ក្រីក្រ ​ក្រុម​ជន​ងាយ​រង​គ្រោះ ​និង​គ្រួសារ​ងាយ​រង​ហានិ​ភ័យ ​ពី​គ្រោះ​អា​សន្ន និង​វិបត្តិ​នានា ​ដោយ​មិន​ទុក​ឱ្យ​ប្រជា​ជន​ណាម្នា​ក់​ទទួលរ​ង​គ្រោះ​ដោយ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​​ឡើយ​។​

​រីឯ​ចំណុច​ទី​៦- គឺ​ការ​ប្រមូល​កម្លាំង​សរុប​របស់​ជាតិ​ទាំង​មូល ​ដើម្បី​កសាង​ប្រទេស ​និង​ការពារ​មាតុភូ​មិ​ស្រប​តាម ស្មារ​តី​នៃ​រដ្ឋ​ធម្មនុញ្ញ ​សំដៅ​សម្រេច​គោល​ដៅ​រក្សា​សន្តិ​ភាព ​និង​ការ​អភិវឌ្ឍ​រយៈ​ពេល​វែង ​ការពារ​ឯក​រាជ្យ អធិប​តេយ្យ និ​ង​បូរណ​ភាព​ទឹកដី​, ការ​ពារ​លទ្ធិ​ប្រជាធិប​តេយ្យ​សេរីពហុ​បក្ស ​និង​នីតិ​រដ្ឋ​,ការ​ពារ​សន្តិ​សុខសណ្ដាប់​ធ្នាប់​សង្គម និង​រួម​គ្នា​កម្ចាត់​នយោ​បាយ​ជ្រុល​និយម​ឱ្យ​ចេញ​ផុត​ពី​កម្ពុជា​។ 

​សម្រាប់​ទី​៧- គឺ​ការ​គាំទ្រ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា​នីតិ​កាល​ទី​៥ ​និង​ការ​បោះ​ឆ្នោត ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ​ខេត្ត​ ក្រុម​ប្រឹក្សា​ក្រុង ​ស្រុក ​ខណ្ឌ ​អាណត្តិ​ទី​៤ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យប្រកប​ដោយ​លក្ខណៈ​សេរី ​ត្រឹម​ត្រូវ ​និង​យុត្តិ​ធម៌​។​

​លោ​ក ហ៊ុន សែន បន្តថា​ ទី​៨- បន្ត​ជំរុញ​អនុវត្ត​​នយោ​បាយ​ការប​រទេស​ ដោយ​ឈរ​លើ​មូល​ដ្ឋាន​ឯក​រាជ្យ ​និង​ច្បាប់​អន្តរ​ជាតិ ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​ការថែ​រក្សា និង​លើក​កម្ពស់​ទំនាក់​ទំនង​មិត្ត​ភាពជា​ប្រពៃណី ​សាម​គ្គីភាព និង​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​មួយ​ប្រទេស​ជិត​ខាង​ ក៏ដូច​ជា​មួយ​ប្រទេស​ដៃគូ​ទាំង​ក្នុង​តំបន់ ​និង​ក្រៅ​តំបន់​ ព្រម​ទាំង​ការ​បន្ត​ចូលរួ​ម​សកម្ម​ដើម្បី​បុព្វ​ហេតុ​ សន្តិ​ភាព ស្ថិរ​ភាព ​និង​ការ​ប្រយុទ្ធ​នឹង​បញ្ហា​ប្រឈម​នានា​នៃ​ពិភព​លោក​។
 
​លោក​បាន​បញ្ជាក់​ថា៖ «​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នឹង​បន្ត​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​សេចក្តី​សុខ​ វឌ្ឍន​ភាព​ និង​សុភ​មង្គល​របស់​ជាតិ ​និង​ប្រជា​ជន​។ សន្តិ​ភាព​មាន​តម្លៃ​ជា​ទីបំផុត ​ការ​បំផ្លាញ​សន្តិ​ភាព​មិន​ពិបាក​ទេ តែ​កា​របង្កើត​សន្តិ​ភាពគឺ​ពិបាក​ណាស់​។ យើង​ត្រូវ​សាម​គ្គី​គ្នា រួម​ចិ​ត្ដ​តែ​មួយ ​ដើម្បី​ថែរក្សា​សន្តិ​ភាព​ដែល​រកបាន​មក​ដោយ​លំបាក​បំផុត​នេះ​ឱ្យ​គង់​វង្ស​»​។​

​លោក​ អ៊ុច លាង អ្នក​សិក្សា​ស្រាវ​ជ្រាវនៃ​នាយក​ដ្ឋាន​សិក្សា​អាស៊ី ​អាហ្វ្រិក និង​មជ្ឈិ​មបូព៌ា ​នៃ​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​កម្ពុជានៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា បាន​លើក​ឡើង​ថា ទម្រាំ​បាន​ដូច​សព្វ​ថ្ងៃ ​ប្រទេស​កម្ពុជា​បាន​ដើរ​លើ​ផ្លូវ​ដ៏​សែន​លំបាក ​និង​គ្រោះ​ថ្នាក់​បំផុត ប៉ុ​ន្តែ​វា​ជា​ផ្លូវ​ដ៏​ត្រឹម​ត្រូវ ​ដើម្បី​ធានា​បាន​ភាព​រីកចម្រើន​យូរ​អង្វែង និង​ប្រកប​ដោយ​វិបុល​ភាព​សម្រាប់មាតុ​ភូមិ​កម្ពុជា​។​

​លោក​បាន​លើក​ឡើង​ដូច​នេះ​តាម​រយៈ​សំណេរ​របស់​លោក​ដែល​បាន​ផ្សព្វ​ផ្សាយ​តាមរ​យៈ​គេហទំ​ព័រ​រាជ​បណ្ឌិត្យស​ភាក​ម្ពុជា​នៅ​ថ្ងៃទី​៦ ​ខែមករា ​ឆ្នាំ២​០២៤​។

​លោក​ថា ការ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋម​ន្ត្រីរបស់​លោក​ ហ៊ុន ម៉ា​ណែត ​កាលពី​ថ្ងៃទី​២២ ​ខែសីហា ​ឆ្នាំ​២០២៣​ ដែលជាកំណត់​ត្រា​ប្រវត្តិ​សាស្ត្រថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​បាន​ផ្លាស់​ប្តូរ​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ក្នុង​រយៈ​ពេលជិត ​៤​ទស​វត្សរ៍​កន្លង​ទៅ​។​

​លោក ​អ៊ុច លាង បាន​បញ្ជាក់​ថា៖ «​ទោះបី​​ជា​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ​ដែល​កំពុង​កើត​មាន​​ក្តី ប៉ុន្តែ​រាជ​រដ្ឋាភិ​បាល​នីតិ​កាល​ថ្មី​ នៅ​តែ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុត​មាំ ​និង​បាន​ដាក់​ចេញ​គោល​នយោ​បាយ​អាទិ​ភាព​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រជា​ពលរដ្ឋ​ ដោះ​ស្រាយ​បញ្ហា​របស់​ប្រជា​ពល​រដ្ឋ​ និង​យក​ឆ្នាំ​២០២៣ ​ជា​ចំណុច​ចាប់​ផ្តើម​របស់​ខ្លួន​ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០»​៕