ភ្នំពេញៈ ក្រសួងយុត្តិធម៌ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន ប្រកាស​ដាក់ចេញ​នូវ​យុទ្ធនាការ​ចំនួន ២ ដើម្បី​អនុវត្ត​វិធានការ​គន្លឹះ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ក្រោម​ការដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ពាក់ព័ន្ធ​នឹង​«​ការពង្រឹង និង​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធយុត្តិធម៌​»​។​


ក្រសួងយុត្តិធម៌ បានចេញ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២៤​ថា យុទ្ធនាការ​ទាំង ២​នេះ រួមមាន​៖​យុទ្ធនា​ការជំរុញ​និង​ព​ន្លឿ​ន​ការដោះស្រាយ​រឿងក្តី​នៅតាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ​។​

​បើតាម​សេចក្តីជូនដំណឹង សន្និសីទ​សារព័ត៌មាន​នេះ នឹងធ្វើ​ឡើ​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៤ៈ​៣០​នាទី នៅ​សាល​យុត្តិធម៌​នៃ​ទីស្តីការក្រសួង​យុត្តិធម៌ ក្រោម​អធិបតីភាពលោក កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​ទាំង​២​នេះ​។​


​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​លីន បាន​ប្រាប់​នៅ​ថ្ងៃទី​៧ ខែមករា​ថា ក្រសួង​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន ប្រកាស​ដាក់ឱ្យអនុវត្ត​យុទ្ធនាការ​ទាំង​២​នេះ ហើយ​ពេលនោះ​នឹងមាន​ព័ត៌មាន​ច្បាស់លាស់ និង​ព័ត៌មាន​លម្អិត​»​។​

​បើតាម​ក្រសួងយុត្តិធម៌ យុទ្ធនា​ការជំរុញ និង​ព​ន្លឿ​ន​ការដោះស្រាយ​រឿងក្តី​នៅតាម​តុលាការ គឺជា​យុទ្ធនាការ​ដែលមាន​ទិសដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផ្តល់សេវា​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន និង​ឆាប់រហ័ស​។​


​ចំណែក​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ មាន​គោលបំណង​សំខាន់ៗ​ចំនួន ៣ រួមមាន (១) ការបង្កើត​ច្រក និង​យន្តការ​សម្រាប់​ទទួល​ប​ណ្តឹ​ង​អំពី​ភាពមិនប្រក្រតី​នៅតាម​តុលាការ ដើម្បី​ជួយ​ត្រួតពិនិត្យ និង​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងសង្គម (២)​ការចូលរួម​ដោះស្រាយ​ភាពអយុត្តិធម៌ និង​ភាពមិនប្រក្រតី​ក្នុង​ប្រព័ន្ធតុលាការ សំដៅ​លើកកម្ពស់​ភាពយុត្តិធម៌ នៅក្នុង​ចំណាត់ការ​រឿងក្តី​ដោយ​តុលាការ និង​(៣) ការលើកកម្ពស់​តម្លាភាព សុចរិត​ភាព ភាព​ស្អាតស្អំ និង​ភាពត្រឹមត្រូវ នៅក្នុង​ប្រព័ន្ធតុលាការ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានដាក់​ចេញ​នូវ «​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១» និង «​វិធានការ​គន្លឹះ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​» ដោយ​ផ្តោតលើ​ការងារ​អាទិភាព​ជាច្រើន ដើម្បី​កសាង​ជាតិ និង​ការពង្រឹង​នីតិរដ្ឋ​។​

​ក្នុងន័យនេះ​សម្រាប់​វិស័យ​យុត្តិធម៌ រាជរដ្ឋាភិបាល​បន្ត​ផ្ដោតលើ​កិច្ចការ​អាទិភាព​ក្នុងការ​លើកកម្ពស់ និង​ការពង្រឹង​ភាព​ស្អាតស្អំ នៅក្នុង​រដ្ឋបាល​សាធារណៈ ដែលមាន​គោលដៅ​យុទ្ធសាស្ត្រ​ផ្តោតលើ ការលើកកម្ពស់ និង​ការពង្រឹង ភាព​ស្អាតស្អំ ភាព​សុចរិត និង ជំនឿ​ទុកចិត្ត ចំពោះ​រដ្ឋបាល​សាធារណៈ ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ប្រសិទ្ធភាព បរិ​យាប​ន្ន និង​ចីរភាព​។​
​ជំរុញ​ការលើកកម្ពស់ និង​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ដែលមាន​គោលដៅ​យុទ្ធសាស្ត្រ​ផ្តោតលើ​ការពង្រឹង​គោលការណ៍​នីតិរដ្ឋ​ការពង្រឹង​ការប្រយុទ្ធប្រឆាំង​អំពើ​បំពាន​ដោយ​អយុត្តិធម៌​ក្នុងសង្គម និង​ការពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​មកលើ​វិស័យ​យុត្តិធម៌​៕