ភ្នំពេញៈ កីឡាកររបស់កម្ពុជា ពុទ្ធ សំបូរ និង រិទ្ធី សុជាតិ មានវាសនាមិនខុសគ្នានោះទេ គឺពួកគេត្រូវបានអ្នកប្រដាល់របស់ថៃ Sen Sakgnen និង Pich Nakhorn វាយឱ្យសន្លប់ ក្នុងពេលដែលសង្វៀនប្រដាល់ប៉ុស្តិ៍លេខ ៥ បានផ្លាស់ប្តូរការប្រកួតពីថ្ងៃអាទិត្យមកធ្វើនៅថ្ងៃសៅរ៍វិញ ប៉ុន្តែ ម៉ន ព្រហ្មម៉ាញ អាចស្រោចស្រង់ការបរាជ័យរបស់ជនរួមជាតិទាំង ២ នេះបានមួយកម្រិត តាមរយៈការយកឈ្នះថៃ Neiv Vangchan ក្នុងលំដាប់គូឯក។
តាមរយៈការប្តូរពេលប្រកួតពីថ្ងៃអាទិត្យ មកធ្វើនៅថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ រិទ្ធី សុជាតិ បានប្រឹងប្រែងខ្លាំង ក្នុងការចូលវ៉ៃប្តូរជាមួយកីឡាករថៃ Pich Nakhorn ជាមួយការម៉ាត់ និងវាយកែងរបស់គេ ប៉ុន្តែការទាត់ស្កាត់ខ្លាំងៗ ពិសេសការបុកជង្គង់ចូលពេញៗរបស់ Pich Nakhorn បានផ្តល់ការលំបាកច្រើនចំពោះការព្យាយាមចូលវាយរបស់ រិទ្ធី សុជាតិ។
ឈានចូលទឹកទី៣ រិទ្ធី សុជាតិ បាននៅតែព្យាយាមចូលវាយលុកទៅលើ Pich Nakhorn ប៉ុន្តែការទាត់ និងបុកជង្គង់ចូលធ្ងន់ៗរបស់ថៃបានបង្ខំឱ្យ សុជាតិ ដកថយវិញ។ តែសកម្មភាពនេះ បានជំរុញឱ្យ Pich Nakhorn តាមចូលចាប់បុកជង្គង់វិញ ធ្វើឱ្យ សុជាតិ ប្រឹងប្រែងវាយកែង ដើម្បីទប់ស្ថានភាពដ៏លំបាកនេះ ប៉ុន្តែ Pich Nakhorn បានបុកជង្គង់ឆ្វេងចូលឆ្អឹងជំនីរពេញទំហឹង នាំឱ្យ រិទ្ធី សុជាតិ ដួលផ្កាប់មុខសន្លប់នៅត្រឹមនាទីទី១ ក្នុងទឹកទី៣។
ដូចគ្នានេះ កីឡាករ ពុទ្ធ សំបូរ ដែលបានទាត់ និងម៉ាត់សងជាមួយអ្នកប្រដាល់ថៃ Sen Sakgnen យ៉ាងរន្ថើននោះ បែរជាចាប់ផ្តើមទន់ជើងក្រោម និងបានដួលនៅពាក់កណ្តាលទឹកទី២ នៅពេល Sen Sakgnen បានទាត់ខ្លាំងៗទៅលើភ្លៅខាងស្តាំ។ ក្នុងពេលលោកអាជ្ញាកណ្តាលធ្វើការរាប់ជាលើកទី១នេះ សំបូរ បានព្យាយាមក្រោកឈរទាំងឈឺចាប់ ដើម្បីប្រកួតបន្ត។
ទោះបីជាយ៉ាងណា Sen Sakgnen មិនបានទុកពេលឱ្យ ពុទ្ធ សំបូរ មានភាពរឹងមាំទាន់ពេលនោះទេ ដោយរូបគេ បានតាមវាយសម្រុកដោយកណ្តាប់ រួចឆ្លៀតទាត់ទៅលើរបួសចាស់ បណ្តាលឱ្យ សំបូរ ដួលនិងត្រូវបានលោកអាជ្ញាកណ្តាលរាប់ជាលើកទី២ ហើយឈានដល់បញ្ឈប់ការប្រកួតតែម្តង នៅពេល ពុទ្ធ សំបូរ បានដួលម្តងទៀតទាំងឈឺចាប់ ក្រោមទម្ងន់ទាត់ឆ្វេងរបស់ Sen Sakgnen ទៅលើភ្លៅខាងស្តាំ ដែលជារបួសចាស់នេះ។
ការចាញ់ដោយសន្លប់ជាបន្តបន្ទាប់គ្នារវាង រិទ្ធី សុជាតិ និង ពុទ្ធ សំបូរ បានផ្តល់សម្ពាធខ្លាំងដល់ ម៉ន ព្រហ្មម៉ាញ ដែលត្រូវប្រកួតបន្ទាប់ក្នុងនាមជាគូឯកប្រចាំសប្តាហ៍ជាមួយ Neiv Vangchan ព្រោះថៃម្នាក់នេះ ក៏ល្អជង្គង់ និងទាត់ដូចគ្នា។
តែទោះបីជាយ៉ាងណា តាមរយៈការប្រកួត៥ទឹកពេញយ៉ាងស្វិតស្វាញ ព្រហ្មម៉ាញ វាយចូលបានល្អទាំងទៅលើការម៉ាត់ បុកជង្គង់ និងការទាត់ នាំឱ្យរូបគេទទួលបានជ័យជម្នះដោយពិន្ទុយ៉ាងរំភើបបំផុត។
ជ័យជម្នះរបស់ ម៉ន ព្រហ្មម៉ាញ បានក្លាយជាលទ្ធផលដ៏ល្អបំផុត ដើម្បីស្រោចស្រង់ការចាញ់ដោយសន្លប់របស់ ពុទ្ធ សំបូរ និង រិទ្ធី សុជាតិ បានមួយកម្រិត ស្របពេលដែលសង្វៀនប៉ុស្តិ៍លេខ៥ បានប្តូរពេលវេលាប្រកួតពីថ្ងៃអាទិត្យ ទៅថ្ងៃសៅរ៍វិញ។
ការផ្លាស់ប្តូរនេះ លោក សេង កដិកា បានប្រាប់កាលពីថ្ងៃទី៧ ខែមករា ថា៖ «ចាប់ពីពេលនេះទៅ សង្វៀនរបស់យើង នឹងប្រកួតរៀលរាល់ល្ងាចថ្ងៃសៅរ៍វិញ ដើម្បីទុកថ្ងៃអាទិត្យ សម្រាប់ផលិតកម្មវិធីផ្សេងៗ ហើយបើរកបានដៃគូឧបត្ថម្ភ យើងក៏អាចរៀបចំកម្មវិធីប្រដាល់បន្ថែមមួយទៀតផងដែរ»។
យ៉ាងណាមិញ សម្រាប់ការចាញ់សន្លប់របស់ រិទ្ធី សុជាតិ និង ពុទ្ធ សំបូរ ត្រូវបានអ្នកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំនៅសង្វៀនប៉ុស្តិ៍លេខ៥ លោក សេង កដិកា បង្ហាញការយល់ឃើញថា វាមិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែជាការងារមួយដែលយើងធ្វើឱ្យមានតុល្យភាពក្នុងការចាប់គូទាំងភាគីកម្ពុជា និងភាគីកីឡាករបរទេស ព្រោះជាច្រើនសប្តាហ៍កន្លងមកនេះ កីឡាករថៃ បានចាញ់ដោយសន្លប់ច្រើនជាងកីឡាករកម្ពុជា។
លោកបានបញ្ជាក់ថា៖ «កីឡាករកម្ពុជាទាំង២នាក់របស់យើង ពិតជាចាញ់ដោយសន្លប់ ព្រោះលើកនេះ យើងបានសាកល្បងយកកីឡាករថៃល្អៗមកប្រកួត។ អ្នកទាំងនេះជាកីឡាករប្រភេទBរបស់គេទេ មិនទាន់កម្រិត A ឡើយ ចំណែកកីឡាករកម្ពុជាយើង ក៏យើងយកអ្នកល្អៗមកប្រកួតដូចគ្នា ប៉ុន្តែដូចជាស៊យដែរ ទើបយើងចាញ់សន្លប់ទាំង ២ នាក់បែបនេះ ប៉ុន្តែបាន ម៉ន ព្រហ្មម៉ាញ មួយដែរ ដែលទទួលបានជ័យជម្នះ»។
លោក សេង កដិកា បានបន្ថែមថា៖ «ការយកកីឡាករបរទេសល្អៗមកប្រកួត វាជារឿងល្អ សម្រាប់កីឡាករកម្ពុជាយើង ព្រោះនេះជាបទពិសោធន៍ ដែលយើងអាចមើលឃើញពីបច្ចេកទេសថ្មីៗរបស់គេ ដើម្បីយកមកអភិវឌ្ឍខ្លួនឯងបន្ថែមទៀត ហេតុនេះគោលការណ៍របស់សង្វៀនប៉ុស្តិ៍លេខ៥ យើងនឹងបន្តយកកីឡាករបរទេសល្អ មកប្រកួតឱ្យបានកាន់តែច្រើន ហើយយើងក៏ដាក់កីឡាករល្អៗរបស់យើងមកប្រកួតដូចគ្នា ដើម្បីធ្វើឱ្យការប្រកួត មានភាពស្វិតស្វាញ ជក់ចិត្ត និងទទួលបានការគាំទ្រពីទស្សនិកជន។
អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំនៅសង្វៀនប៉ុស្តិ៍លេខ៥ លោក កដិកា បានឱ្យដឹងទៀតថា កីឡាករឆ្នើមៗលំដាប់លេខ១ របស់កម្ពុជា ដូចជា ធឿន ធារ៉ា និង ឃីម ឌីម៉ា ជាដើម នឹងមានវត្តមាននៅលើសង្វៀននេះ។
លោកបញ្ជាក់ថា៖ «ចាប់ពីខែមករានេះទៅ យើងនឹងនាំយកកីឡាករលំដាប់លេខ១ របស់កម្ពុជា មកប្រកួតនៅសង្វៀនរបស់យើង យ៉ាងហោច១ សប្តាហ៍ឱ្យបាន ១នាក់ ចំណែក២នាក់ផ្សេងទៀតយើងផ្តល់ឱកាសឱ្យកីឡាករកម្រិត B និងកីឡាករវ័យក្មេងរបស់យើង បានឡើងប្រកួតអន្តរជាតិផងដែរដើម្បីពង្រឹងធនធានកីឡាកររបស់យើងឱ្យបានកាន់តែច្រើន»៕