ភ្នំពេញៈ​ អ្នក​នាំ​ពាក្យ​នៃ​អយ្យកា​រ​អម​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីប្រ​កាស​ព័ត៌មាន​ពន្យល់​ពី​ការ​ចាប់​និង​ឃុំខ្លួ​ន លោក​នី​ ណាក់ ​ដែល​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ឈ្មោះ I​man-KH ដើម្បី​បង្ហោះ ​និង​ចែក​ចាយ​ព័ត៌​មាន​មិន​ពិត​ ពាក់​ព័ន្ធ​នឹង​រាជ​រដ្ឋាភិ​បាល​កាត់​ដីឱ្យ​លោក​ ហេង សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។​


​លោក​នី ណាក់ ត្រូវ​បាន​ចាប់ ​និង​សម្រេច​ឃុំ​ខ្លួន​ ដាក់​ពន្ធ​នាគា​រ​ជា​បណ្តោះ​អាសន្ន​ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១)  ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ «​បរិ​ហារ​កេរ្តិ៍​ជា​សា​ធារ​ណៈ និ​ង​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង​» កាល​ពី​ថ្ងៃទី​៦​ ខែមករា​ ឆ្នាំ​ ២០២៤​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​នៅ​ថ្ងៃទី​៧ ​ខែមករា​ ឆ្នាំ​២០២៤​ អ្នក​នាំ​ពាក្យ​នៃ​អយ្យ​ការ​អម​សា​លាដំ​បូង​រាជ​ធានី​ភ្នំពេញ​ បាន​បញ្ជា​ក់ថា​ អយ្យកា​រ​អម​សា​លាដំ​បូង​រាជ​ធានី​ភ្នំពេញ​បានទ​ទួល​ចាត់​ការ​លើ​សំណុំរឿ​ង​ព្រហ្ម​ទណ្ឌ​លេខ ​៧២៦​៣ ចុះ​ថ្ងៃទី​២០ ​ខែធ្នូ ឆ្នាំ​២០២៣ ​ដែល​មាន​ជន​សង្ស័យ​ឈ្មោះ នី​ ណាក់​។ 


​សេចក្តី​ប្រកា​ស​បាន​បញ្ជាក់​​ថា​៖«​បន្ទាប់​ពី​បាន​ធ្វើការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​និង​ពិនិត្យ​ភ័ស្តុ​តាង​ក្នុង​សំណុំរឿង​ អយ្យកា​រ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បើក​ការ​ស៊ើប​សួរ​លើ​ជន​សង្ស័យ​ឈ្មោះ នី​ ណាក់ និង​បក្ខពួ​កពី​បទ​បរិហារកេ​រ្តិ៍​ជា​សាធា​រណៈ និង​ញុះញ​ង់​ឱ្យ​មាន​កា​ររើ​សអើង ព្រម​ទាំង​ការមិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់ពី​ការ​ផ្តន្ទាទោ​ស​ប​ទម​ជ្ឈិម ប្រព្រឹ​ត្ត នៅ​​រាជ​ធានី​ភ្នំពេញ ​កា​លពី​ថ្ងៃទី​១២ ​ថ្ងៃទី​១៧ ​ខែធ្នូ ឆ្នាំ​២០២៣ ​ដែលមា​ន​បញ្ញត្តិ​ឱ្យ​ផ្តន្ទា​ទោស​តាម​មាត្រា ៨​៨ មាត្រា ៣០៥ ​មាត្រា ៤៩៤ មាត្រា ​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​»​។​

​ជាមួ​យ​គ្នានេះ អ្ន​កនាំពា​ក្យ​នៃ​អយ្យកា​រ​អម​សា​លាដំ​បូង​រា​ជធានី​ភ្នំពេញ​បាន​បន្ថែម​ថា ឈ្មោះ ​នី ណាក់ និង​បក្ខ​ពួក ​បាន​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ឈ្មោះ ​Iman-KH ដើម្បី​បង្ហោះ និង​ចែក​ចាយ​ព័ត៌​មាន​មិន​ពិត​កា​លពីថ្ងៃទី​១២ ​ខែធ្នូ ​ឆ្នាំ​២០២៣ ដែល​មាន​ខ្លឹម​សារ​ថា​៖ «​កាត់​ដី​ឱ្យ ​លោក​ ហេង សួ​រ ប្រហែ​លជា​ទុក​សង់​រោង​ចក្រ​២ ០០០និង​ធ្វើ​ការិ​យា​ល័យ​ឱ្យ​មន្ត្រី​ក្រសួង​ការ​ងារ ព្រោះ​ឃើញ​គាត់​ប្រាប់​ថា​ធ្វើ​ការ​រហូត​គ្មាន​ថ្ងៃ​សៅរ៍ ឬ​អា​ទិត្យ​ឡើយ​»​។
 
​ក្រោយ​ពី​បាន​ឃើញ​ខ្លឹម​សារ​ដែល​បាន​បង្ហោះ​ដោយ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Iman-KH,​ មន្ត្រី​អ្នក​នាំពា​ក្យ​ក្រសួង​ការងា​រ និង​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​បញ្ជាក់​ និង​ស្នើ​សុំ​ឱ្យ​ស្ថា​ប័ន​សារ​ព័ត៌​មាន ​ដែល​បាន​ផ្សាយ​ព័ត៌​មាន​ មិន​ពិត​កែ​តម្រូវ​ឡើង​វិញ​ពីព្រោះ​បុគ្គល​ឈ្មោះ ​ហេង សួរ​ នោះ ពុំ​មែន​ជា ​លោក​ហេង សួរ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​នោះ​ទេ​។
 
​ទោះ​ជា​បាន​ដឹង​ច្បាស់​ពី​ការ​បញ្ជាក់​របស់​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ក៏​ដោយ​ ក៏​បុគ្គល​ឈ្មោះ ​នី ណាក់ និង​បក្ខ​ពួក ​នៅតែ​បន្ត​ធ្វើ​សកម្ម​ភាព​បង្ហោះ​ និង ​ចែក​ចាយ​សំណេរ​ដោយ​មាន​ខ្លឹមសា​រ​ថា​៖ «​តើ​លោក​ ហេង ​សួរ ​បាន​សាង​ស្នាដៃ​ធំធេង​អ្វី​ដល់​ជាតិ​ខ្មែរ បាន​ជា​រដ្ឋាភិ​បាល​កាត់​ដីព្រៃ​ផ្តល់​ឱ្យ​ធ្វើ​ជា​កម្ម​សិទ្ធិ​? RIP ព្រៃ​ឈើ​ខ្មែរ​»​។ 


​ជា​មួយ​គ្នា​នេះ ​អ្នកនាំ​ពាក្យ​អយ្យ​ការ​អម​សា​លាដំ​បូង​រាជ​ធានី​ភ្នំពេញ​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ចាត់​ទុក​ការ​បង្ហោះ​ខ្លឹម​សារ​ទាំង​នេះគឺ​ជា​ការ​មួល​បង្កាច់​កា​រ​ពិត​ដែល​មិន​ត្រឹម​តែ​ធ្វើឱ្យ​ប៉ះ​ពាល់​កិត្តិ​យស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​លោក​ហេង​ សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ការ​បង្ហោះ​ព័ត៌​មាន​មួល​បង្កាច់​ការ​ពិត​ម្តង​ហើយ​ម្តង​ទៀត ដោយ​​មិន​ព្រម​កែត​ម្រូវ​ឡើង​វិញ​នេះ ​គឺជា​ចេតនា​ទុច្ច​រិត​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រឡំនិ​ង​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង​ចំពោះ​លោក ​ហេង ​សួរ និង​ថ្នាក់​ដឹក​នាំ ដែលមា​ន​បញ្ញត្តិ​ឱ្យ​ផ្ដន្ទា​ទោស​តាម​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​កម្ពុជា​។​

​ជុំវិញ​​បញ្ហា​នេះ​ លោក ​អំ សំអាត ​នាយក​ទទួ​លប​ន្ទុក​កិច្ចការ​ទូ​ទៅ​នៃ​អង្គកា​រសិទ្ធិ​មនុស្ស​លីកាដូ​នៅ​ថ្ងៃទី​៧ ខែ​មក​រា បាន​ថ្លែង​ថា ការ​សម្រេ​ច​ចាប់ ចោទ​ប្រកាន់ និង​ឃុំខ្លួន​ លោក ​នី ណាក់​ឡើងវិញ​នេះ គឺ​ជា​ការ​រឹត​ត្បិត ​សេរីភាព​នៃ​ការប​ញ្ចេញម​តិ ពីព្រោះ​​បើ​គិត​មើល​ទៅនេះ​ គឺជា​ការ​បញ្ចេញ​មតិ​រ​ប​ស់លោ​ក នី ​ណាក់​ តែ​ប៉ុណ្ណោះ​។ 

​លោក​បន្ត​ថា ដោយ​ឡែក​កា​រចាប់​ ចោទ​ប្រកាន់​ និង​ឃុំខ្លួន​នេះ មិ​នមា​ន​ចំណេញ​​អ្វី​ដល់​រដ្ឋាភិ​បាល​នោះទេ​ ប៉ុ​ន្តែ​ផ្ទុយទៅ​វិញ​ នឹង​ទទួលរ​ង​ការ​រិះគន់​បន្ថែម​ទៀត ​ពាក់​ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​។​

​សូមប​ញ្ជាក់​ថា លោក​ នី ណាក់ ត្រូវ​បាន​សមត្ថកិ​ច្ច​ឃាត់​ខ្លួន ​និង​បញ្ជូន​ទៅ​តុលា​ការ​ភ្លាមៗ​ កា​លពី​ព្រឹក​ថ្ងៃទី​៥ ​ខែមករា​ ឆ្នាំ​២០២៤ បន្ទាប់​ពី​លោក​បរិហារកេរ្ដិ៍ ​លោក ​ហេង សួរ ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ​និង​ក្រសួង​ស្ថា​ប័ន​រាជ​រដ្ឋាភិ​បាល​ជា​ច្រើន​ទៀត ​កាល​ពី​ខែធ្នូ ​ឆ្នាំ​២០២៣​ កន្លង​ទៅ​។​

​សូម​រំឭក​ថា ​លោក ​នី ណាក់ ធ្លាប់​ជាប់​ពន្ធ​នាគារ​ម្តង​រួច​មក​ហើយ​ កាល​ពី​ឆ្នាំ​២០២០ ​ក្រោម​បទញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទាក់​ទិន​នឹង​ការ​ប្រកាស​ពី​ផែន​ការ​ទិញ​ម៉ាស់​មក​ពាក់​ឱ្យ​សត្វ​មាន់​ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាតត្បា​ត​ជំងឺ​កូ​វីដ​១៩ ​នៅ​ឆ្នាំ​២០២០​ ដោយ​តុលា​ការ​បាន​ផ្តន្ទា​ទោស ​រយៈ​ពេល​១៨​ ខែ ហើយ​លោក​បាន​ចេញពី​ពន្ធ​នាគា​រកាលពី​​ថ្ងៃទី​១០​ ខែ​មិថុនា ឆ្នាំ​២០២១​៕