ភ្នំពេញៈ សភាពាណិជ្ជកម្ម​កម្ពុជា នឹង​រៀបចំ​ទស្សនកិច្ច​ពាណិជ្ជកម្ម​ទៅកាន់​ខេត្តបាត់ដំបង រយៈពេល​២​យប់ ៣​ថ្ងៃ នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២៤ ដើម្បី​ស្វែងយល់​ពី​សង្វាក់​ផលិតកម្ម​ចំណីអាហារ សក្ដានុពល​សេដ្ឋកិច្ច កសិកម្ម ទំនាក់ទំនង​ដៃគូ​ពាណិជ្ជកម្ម និង​ឱកាស​វិនិយោគ​នានា​នៅ​ខេត្តបាត់ដំបង​។

លោក ភូ វាសនា ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២៤​ថា កម្មវិធី​ទស្សនកិច្ច​ពាណិជ្ជកម្ម​ទៅកាន់​ខេត្តបាត់ដំបង​នេះ នឹង​ប្រព្រឹត្ត​នា​ថ្ងៃទី​១៤-១៦ ខែកុម្ភៈ​ដែល​គោលបំណង​សំខាន់​នៃ​ការរៀបចំ​កម្មវិធី​នេះ គឺ​ពង្រីក​ដៃគូ​ការចែក​ចាយ​នូវ​ផលិតផល​ដែលមាន​សក្តានុពល ទាំង​ផលិតផល​កសិកម្ម ផលិតផល​ចំណីអាហារ នៅ​ទូទាំង​២៥ ​រាជធានី ខេត្ត​។​


លោក​បាន​បន្ថែមថា ក្នុង​ដំណើរ​ទស្សនកិច្ច សភាពាណិជ្ជកម្ម​នឹង​អនុញ្ញាត​ឱ្យមាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រមាណ​២៥​នាក់​ប៉ុណ្ណោះ ដែលមាន​ឱកាស ទៅ​ទស្សនកិច្ច​នៅ​តំបន់​ទស្សនកិច្ច​សំខាន់ៗ ដូចជា ក្រុមហ៊ុន បៃតង (​កម្ពុជា​) ភីអិលស៊ី​, សិប្បកម្ម ហេង ច័ន្ទនី អង្គរមាស ឯ​.​ក​, សហគមន៍​ផលិត​ណែម​ត្រី​ធម្មជាតិ​និង​តំបន់​ទេសចរណ៍ ប្រាសាទឯកភ្នំ ខេត្តបាត់ដំបង​។​

​លោក ភូ វាសនា បាន​បញ្ជាក់ថា​៖«​កម្មវិធី​នេះ សភាពាណិជ្ជកម្ម​កម្ពុជា រៀបចំឡើង​មាន​គោលបំណង​ផ្សារភ្ជាប់​រវាង​វិនិយោគិន​ក្នុងស្រុក​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ ឱ្យ​គាត់​បាន​យល់​ពី​ខេត្តបាត់ដំបង​យើង​ថា​មាន​អ្វីខ្លះ​? ហើយ​នេះ​ជា​ឱកាស​សម្រាប់​អ្នក​ដែល​ត្រូវ​រក​ដៃគូ​ចែកចាយ​ផលិត​ក្នុងស្រុក​បន្ថែមទៀត​»​។​


​លោក​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នឹងមាន​ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ រដ្ឋបាលខេត្ត​បាត់ដំបង​, ជំនួប​ពាណិជ្ជកម្ម (B2B) ជាមួយ​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង ទស្សនកិច្ច​សិក្សា​ឈ្វេងយល់​ក្រុមហ៊ុន សហគ្រាស នៅ​ខេត្តបាត់ដំបង​។​

«​នេះ​ជា​ឱកាស​ដែល​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង​យើង អាច​បង្ហាញ​ទៅ​គាត់ ជា​លក្ខណៈ (B2B) ដែល​អនុញ្ញាតឱ្យ​យើង​អាច​បញ្ចេញ​ផលិតផល​សក្តានុពលរ​បស់​ខេត្តបាត់ដំបង​យើង​ទៅកាន់​ខេត្ត​ផ្សេង​។ នេះ​បើសិនជា​យើង​អាច​បង្កើន​ដៃគូ​ចែកចាយ​ក្នុងស្រុក​នៅតាម​បណ្តា​ខេត្ត​ដទៃទៀត​ឱ្យបាន​ច្រើន​ទៅ​ក៏​ជាការ​ប្រសើរ​ដែរ ដែល​អាចជួយ​ជំរុញ​ដល់​ការផលិត​និង​កែច្នៃ​បន្ថែម​»​។ នេះ​បើតាម លោក ភូ វាសនា បញ្ជាក់បន្ថែម​។​

​នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូបអាហារ និង​បង្អែម​ខ្មែរ ដើម្បី​អបអរសាទរ​ខេត្តបាត់ដំបង​ជាប់​ជា​ខេត្ត​មានការ​ច្នៃប្រឌិត​លើ​ផ្នែក​ម្ហូបអាហារ របស់​អង្គការ UNESCO កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២៣ កន្លងទៅ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​លើកឡើងថា ខេត្តបាត់ដំបង ជា​ខេត្ត​ដែលមាន​សក្តានុពល​ខ្លាំង លើ​ការដាំដុះ​ដំណាំ​ជាច្រើន​មុខ ដូចជា ដំណាំ​ស្រូវ​,​ ដំណាំ​សាកវប្បកម្ម​, ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​ផលិតផល​ជាច្រើន​មុខ​ផ្សេងទៀត​។​

​លោក​បាន​ថ្លែងថា​៖«​ខេត្តបាត់ដំបង ជា​ខេត្ត​មួយ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​ទាក់ទាញ​ទាំង​អ្នកទេសចរ និង​វិនិយោគិន ទាំង​ក្នុង និង​ក្រៅ​ស្រុក ដែល​គេច​ង់​មករក​ស៊ី​នៅ​ខេត្ត​យើង​។ ដូច្នេះ អ្វីដែល​យើង​ត្រូវធ្វើ គឺ​ការសម្របសម្រួល​ទាក់ទាញ និង ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​យើង​ឱ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ខេត្ត និង​បង្កើន​ចំណូល​បងប្អូន​ប្រជាពលរដ្ឋ​យើង​ផងដែរ​»​។​

​បើតាម​របាយការណ៍​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​២០២៣ ខេត្ត​នេះ ប្រមូល​ផលដំណាំ​ស្រូវ ដំណាំ​ឧស្សាហកម្ម និង​ដំណាំ​សាកវប្បកម្ម បាន​ប្រមាណ​ជាង ៤​លាន​ ៥​សែន​តោន ខណៈដែល​ការប្រមូល​ផល​ស្រូវ ឆ្នាំ​ ២០២៣ កើន​លើស​ឆ្នាំ​ ២០២២ ជិត​២៧​ម៉ឺន​តោន​៕