ភ្នំពេញៈ ក្រសួង​អប់​រំ យុវជន និងកី​ឡា នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង ក្នុ​ង​ការ​រៀប​ចំ​កម្មវិធី «​អ្នក​ស្ម័គ្រ​ចិត្ត​អាស៊ាន​»ក្រោម​ប្រធានបទ «ការ​ត្រៀម​លក្ខណៈ និង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ក្នុង​សហគមន៍​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៤​។


លោកស្រី ឃួន វិច្ឆិកា អ្នកនាំ​​ពាក្យ​ក្រសួង​អប់​រំ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៧ ខែ​មករា​ថា កម្មវិធី​អ្នក​ស្ម័គ្រ​ចិត្ត​អាស៊ាន គឺ​ជា​​កម្មវិធី​មួយ​របស់​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន ដែល​បាន​អនុម័ត​ក្នុង​ឆ្នាំ​២០​២​៤​ ហើយ​កម្មវិធី​នេះ​នឹង​ត្រូវ​រៀប​ចំ​ឡើង​ចំនួន ១០​ប្រទេស​ ដែល​ជា​សមាជិក​អាស៊ាន​។  

នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ​ដែរ កម្មវិ​ធី​អ្នក​ស្ម័គ្រ​ចិត្ត​អាស៊ាន នឹង​មាន​តែ​ប្រទេស​ចំនួន ​៨​ប៉ុ​ណ្ណោះ ​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀប​ចំ​កម្មវិធី​នេះ​។ ដោយ​ឡែក​ចំនួន ២​ប្រទេស​ទៀត ដែល​​មាន​ប្រទេ​ស​​ឡាវ និង​ប្រទេស​មីយ៉ាន់ម៉ា គឺ​មិន​ទាន់​អាចធ្វើ​ជា​​ម្ចាស់ផ្ទះ​រៀប​ចំ​កម្មវិធី​អ្នក​ស្ម័គ្រ​ចិត្ត​អាស៊ាន​បាន​ឡើយ​ក្នុង​ឆ្នាំ​នេះ​។


លោក​ស្រី ឃួន វិច្ឆិកា ​បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ប្រទេស​ទាំង៨​ ក្នុង​នោះ​នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​កម្ពុជា​មុន​គេ ដែល​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​ក្នុង​ការ​រៀប​ចំ​កម្មវិធី​អ្នក​ស្ម័គ្រ​ចិត្ត​អាស៊ាន​នេះ​។

លោក​ស្រី​​ថ្លែង​ថា​៖ «​កម្មវិធី​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុង​ទិស​ដៅ​សំខាន់ គឺ​​ដើម្បី​ឱ្យ​យុវជន​អាស៊ាន​បាន​ស្វែង​យល់​ឱ្យ​កាន់​តែ​ច្បាស់​​ ពី​ប្រទេស​ដែល​ជា​សមាជិក ជា​ពិសេស​ទាក់​ទង​ជា​មួយនឹ​ង​សង្គម និងវ​ប្ប​ធម៌​នេះ​ឯង​»​។


បើ​តាម​លោកស្រី ឃួន វិច្ឆិកា ក្រៅ​ពី​នេះ​កម្មវិធីអ្ន​ក​ស្ម័គ្រ​ចិត្ត​អាស៊ាន ក៏​មាន​ទិស​ដៅ​ជំរុញ​ស្មារតី​សហគមន៍​ឱ្យ​យកចិ​ត្ត​ទុក​ដាក់ និង​​​ចែក​រំលែក​ក្នុង​ចំណោម​យុវជនអា​ស៊ាន តាម​រយៈ​សកម្មភាព​ស្ម័​គ្រ​ចិត្តស្តី​ពីកា​រ​ត្រៀម​លក្ខណៈ និង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្ត​រាយ​ក្នុង​សហគម​ន៍​​ផង​ដែរ។ 

លោក​ស្រី​បាន​បញ្ជាក់​ថា​៖ «​ក្នុង​នាម​ដែលក​ម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​ក្នុង​ការ​រៀប​ចំ​កម្មវិធី​ហ្នឹង គឺ​យើង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទទួល​ស្វាគមន៍​យុវជន​ស្ម័គ្រ​ចិត្តចំ​នួន ១០​រូប ដែល​មក​ពី​ប្រទេស​នៃ​ស​មាជិក​អាស៊ាន​»​។ 

សូមបញ្ជាក់ដែរថា ​នៅ​ក្នុង​​កម្មវិធី​​នេះ​ដែរ ក៏​នឹង​មាន​ការ​រៀប​ចំ​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ប្រធាន​បទ​តូចៗ​ រួម​មាន​៖ ការ​អប់​រំ និង​បណ្ដុះ​បណ្ដាលវិស័យ​សុខាភិបាល ការ​អភិវឌ្ឍ​សហគមន៍ បម្រែ​បម្រួល​អាកាស​ធាតុ និង​សហគ្រិន​ភា​ព ហើយ​និង​ការ​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​ជា​ដើម​។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​ស្ម័គ្រ​ចិត្ត​អាស៊ាន​-​កម្ពុជា បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ដោយ​បាន​ដក​ស្រង់​សម្ដី​យុវជន​ស្ម័គ្រ​ចិត្ត​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន ក្នុង​នោះ​មាន​លោក Pariyakorn Suwan ជា​យុវជន​ស្ម័គ្រចិត្ត​មក​ពី​ប្រទេសថៃ បាន​ថ្លែង​ថា លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្សារ​ភ្ជាប់​សង្គម និង​វប្បធម៌ តាមរ​យៈ​កម្មវិធី​អ្នក​ស្ម័គ្រ​ចិត្ត​អាស៊ាន​នៅ​កម្ពុជា​រយៈពេល ២២​ថ្ងៃ​ខាង​មុ​ខនេះ។ 

លោកបាន​បន្ត​​ថា វិសម​ភាព​នៅ​តំបន់​ជនបទ​ក្នុង​ប្រទេស​ថៃ បាន​ជំរុញ​ឱ្យរូ​ប​លោក​មើល​ឃើញ​ថា កុមារ និង​យុវជនមិ​ន​អាច​ទទួល​បាន​ឱកាស​កាន់​តែ​ច្រើន​សម្រាប់​ការ​ទទួល​បាន​ការ​អប់​រំល្អ​​ទេ​។ 

លោក​បាន​ថ្លែង​ទៀត​ថា៖ «​គោល​ដៅ​ចុង​ក្រោយ​របស់​ខ្ញុំ គឺ​ផ្តល់​សិទ្ធិ​អំណាច​ដល់​យុវជន បំប្លែង​វាទៅ​​​ជា​ក​ម្លាំ​ង​ជាក់​ស្តែ​ងដែល​មាន​សមត្ថភាព​ជំរុ​ញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ក្នុង​បណ្តា​ប្រទេស​នា​នា និង​ការ​រួ​ម​ចំណែក​ដ៏​មាន​អត្ថន័យ​នៅ​កម្រិត​អន្តរ​ជាតិ​»។

ចំណែកកញ្ញា Jia Min Heng ជាយុវជន​ស្ម័គ្រ​ចិត្ត​មក​ពីប្រ​ទេស​សិង្ហបុរី ក៏​​បាន​​ថ្លែង​​ដែរ​​ថា សម្រាប់​កញ្ញា​ក៏​បាន​ត្រៀម​ខ្លួនរួ​ច​ជាស្រេ​ច​ផង​ដែរ តាម​រយៈ​កម្មវិធី​អ្នក​ស្ម័គ្រ​ចិត្ត​អាស៊ាន​នៅ​កម្ពុជា​។

កញ្ញា​បាន​ថ្លែង​ថា៖ «ស​ម្រាប់​ខ្ញុំ​ ការ​ស្ម័គ្រ​ចិត្ដ​ជាមួ​យ​សហគមន៍ គឺ​មាន​ន័យ​បំផុត នៅ​ពេល​ដែល​បាន​ជួយ​អភិវឌ្ឍ​សមត្ថភាព​សហគមន៍ ក៏​ដូច​ជា​បំពេញ​សេចក្តី​ប្រាថ្នា​របស់​សហគមន៍ ជាជា​ង​ដាក់​គំនិត​របស់​ខ្ញុំ​​ពី​អ្វី​ដែល​ល្អ​លើ​អ្នក​ដទៃ​»​។ 

កញ្ញា​សង្ឃឹម​ថា តាមរ​យៈ​កម្មវិធី​អ្នក​ស្ម័គ្រ​ចិត្ត​អាស៊ាន​នៅ​កម្ពុជា នឹង​បាន​ស្វែង​យល់​កាន់​តែ​ច្រើន​ពី​តម្រូវ​ការ និង​សេចក្ដី​ប្រាថ្នា​ដែល​ជា​ការ​គិត​របស់​សហគមន៍​ពិត​ប្រាកដ​៕