ត្បូងឃ្មុំៈ ​អាជ្ញា​ធរ​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ នឹង​រៀបចំ​ពិធី​ចុះ​ចាប់​ត្រី​បែប​បុរាណ​ក្នុង​បឹង​ត្រពាំង​ក្រម​នៅ​ថ្ងៃទី ​១៧ ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៤ ​ខាង​មុខ​ ដូច​ដែល​ធ្លាប់​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​បង្ហាញ​ឱ្យ​អ្នក​ជំនាន់​ក្រោយ​បាន​ឃើញ​អំពី​ការ​ប្រើ​ប្រាស់​ឧប​ករណ៍​ចាប់​ត្រី​បែប​បុរាណ​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​ប្រើ​ប្រាស់​។​

​លោក ​ស្រេង លី អភិ​បាល​ស្រុក​មេមត់​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ៨​ ខែមករា ​ថា ពិធី​ចាប់​ត្រី​បែប​បុរាណ​ឆ្នាំ​នេះ​អាជ្ញាធរ​ខេត្ត​បាន​សម្រេច​កំណត់​ថា​នឹង​​រៀប​ចំឡើង​ក្នុង​បឹង​ត្រពាំង​ក្រម​ នៅ​ថ្ងៃទី ​១៧​ ខែ​កុម្ភៈ​ ហើយ​ដែល​កន្លង​មក​ការ​ប្រារព្ធ​ពិធី​នេះគឺ​តែង​តែ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ភូមិ​នៅ​ស្រុក​មេមត់​និងពី​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ ក៏​ចូលរួម​ក្នុង​ពិធី​ចាប់​ត្រី​បែប​បុរាណ​នេះ​ដែរ​។​

​លោក​បាន​បន្ត​ថា​ ជា​មួយ​នឹង​ពិធី​ចាប់​ត្រី​នេះ ​ក៏មាន​ការរៀបចំ​កម្ម​វិធី​សប្បាយៗ​ផ្សេង​ទៀត​ក្នុង​ពិធី​បែប​បុរាណ​នេះ​ផង​ដែរ​ ដូច​ជា ការ​រាំ​ធុង​បាស​និង​ការ​បរិ​ភោគ​អា​ហារ​ជុំគ្នា​ជា​ដើម​។​


​លោក​ ស្រេង​ លី បាន​បញ្ជាក់​ថា​៖ «​ពិធី​ឆ្នាំនេះ​មិន​ទាន់​រៀបចំ​ថា​មាន​ព្រឹត្តិ​ការណ៍​អី​ដែល​ពិសេស​ជាង​ឆ្នាំ​មុន​ទេ ពី​ព្រោះ​ឥឡូវ​នេះ​យើង​គ្រាន់​តែ​កំណត់​ថ្ងៃ​សិន ​ចំពោះ​ការ​រៀប​ចំ​ពិធី​នេះ​យ៉ាង​ណា​នោះ​ យើង​នៅ​មាន​កិច្ច​ប្រជុំ​គ្នា​បន្ត​ទៀត​»​។​

​បើតាម​លោក​ ស្រេង ​លី ​ពិធី​ចុះ​ចាប់​ត្រី​បែប​បុរាណ​នេះ​ អាជ្ញាធរ​មូល​ដ្ឋាន​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ឱ្យ​អ្នក​ជំនាន់​ក្រោយ​ឱ្យ​បាន​ឃើញ​ពី​ការ​ប្រើ​ប្រាស់​ឧប​ករណ៍​ចាប់​ត្រី​បែប​បុរាណ​ដែល​ប្រជា​ពលរដ្ឋ​ប្រើប្រា​ស់ ​រួមមាន​ត្រឹម​ អង្រុត ឈ្នាង ​ត្រក​ ក្លុះ​ជាដើម​។ ចំពោះ​ពិធី​នេះ​ដែរ​មាន​ការ​ចូល​រួម​ដោយ​សេរី ​ពី​បណ្ដា​ប្រជាព​លរដ្ឋ​ដែល​នៅ​ក្នុង​ឃុំ​ជាំ​ក្រវៀន​ទាំ​ងអ​ស់ ​ជាពិសេស​អ្នក​មកពី​បណ្ដា​ខេត្ត​ផ្សេង​ៗ​ក៏​អាច​ចូល​រួម​ក្នុង​ពិធី​នេះ​បាន​ផង​ដែរ​។​


​ដោយ​ឡែកលោ​កសំបូ​រ ម៉ា​ណ្ណា​រ៉ា សាស្ត្រា​ចារ្យ​ផ្នែក​ប្រវត្តិ​សាស្ត្រ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ​ការធ្វើ​ពិធី​ចាប់​ត្រី​បែប​បុរាណ​​រៀង​រាល់​ឆ្នាំនេះ​ជាការ​បញ្ជាក់​ពី​ទំនៀម​ទម្លាប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរដែល​ធ្វើ​នេសាទ​លក្ខណៈ​សាមញ្ញ ​មាន​ន័យ​ថា ដល់​រដូវ​ទឹក​ស្រក​ ប្រជាព​លរដ្ឋ​អាច​ចុះ​នេ​សាទ​នៅតាម​បឹង ​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​បែប​បុរាណ​បាន​។
 
​លោក​បាន​ប​ន្តទៀ​តថា​ ចំពោះ​ការ​ប្រើប្រា​ស់​ឧបក​រណ៍​នេសាទ​បុរាណ​ទាំង​អស់​នេះ ក៏​ជាការ​បង្ហាញ​ទៅដ​ល់​អ្នក​ជំនាន់​ក្រោយ​ឱ្យ​ស្គាល់ ​និង​ដឹង​អំពី​របៀប​ប្រើប្រា​ស់​ឧបក​រណ៍​នេសាទបុ​រាណ​ផង​ដែរ​។​

​លោក​ សំបូរ ម៉ា​ណ្ណា​រ៉ា បាន​បញ្ជាក់​ថា​៖ «​ពិធី​ចាប់​ត្រី​នេះ ​តាម​ទស្សនៈ​ខ្ញុំ នេះ​គឺជា​ការថែរ​ក្សា ​និង​អភិរ​ក្ស​ទម្លាប់​របស់​ខ្មែរ​យើង​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​យល់​អំពីដំ​ណើរ​វិ​វត្ត​ន៍នៃ​ការប្រើ​ប្រាស់​ឧប​ករណ៍​នេសាទ​តាំង​ពី​បុរាណ ខណៈ​ពេល​ឥឡូវ​នេះ​យើង​ច្រើន​ប្រើ​ឧបក​រណ៍​ឆក់​ដែល​ធ្វើ​ឱ្យ​បាត់​បង់​តម្លៃ​ធន​ធាន​ជីវៈ​ចម្រុះ​ច្រើន​ណាស់ ជា​ពិ​សេស​មច្ឆ​ជាតិ​»​។​

​លោក​សាស្ត្រា​ចារ្យ​​ប្រវត្តិ​សាស្ត្រ បាន​បន្ថែម​ថា ​ហេតុ​នេះ​ការ​រៀបចំ​ធ្វើ​ពិធី​ចាប់​ត្រី​តាម​បែប​បុរាណ​នេះ​ដែរ​ គឺ​ផ្ដល់​ភាព​សប្បាយ​ជូន​ប្រជា​ពលរដ្ឋ​ផង​ក៏ដូ​ចជា​ចង់​បង្ហាញ​ប្រាប់​ឱ្យដឹង​ពី​ប្រពៃណី​ និង​ទំនៀម​ទម្លាប់​របស់​ខ្មែរ​ក្នុង​ការធ្វើ​នេ​សាទ​សា​មញ្ញ​តាម​ភូមិ ​ពី​ព្រោះ​ក្មេងៗ​ជំនាន់​ក្រោយ​សព្វថ្ងៃ​នេះ គឺ​មិន​បានដឹង​ពី​ការចាប់​ត្រី​បែប​បុរា​ណ​នេះ​ទេ​។ ក្រៅពី​នេះ វា​ក៏​រួម​ចំណែក​ជួយ​អភិរក្ស​ធន​ធាន​ជីវៈចម្រុះ​ និង​ជួយ​ដល់​មច្ឆជាតិ​ឱ្យនៅ​សេស​សល់​ច្រើន​ផង​ដែរ​។
 
​សូ​មប​ញ្ជាក់​ថា​ បឹង​ត្រពាំង​ក្រម គឺ​ស្ថិត​ក្នុង​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ​ស្រុក​មេមត់ ​ខេត្ត​ត្បូងឃ្មុំ មាន​ផ្ទៃ​ជម្រាល​ប្រមូល​ទឹក​៣០​ហិក​តា និង​មាន​បឹង​តូចៗ​២០​បឹង​ជា​សាខា ​ព្រមទាំ​ង​មាន​រុក្ខ​ជាតិ​លិច​ទឹកជា​ច្រើន​ប្រភេទ​។ ជា​រៀង​រាល់​ដើមឆ្នាំ​​ក្នុ​ងអំ​ឡុង​ខែកុម្ភៈ ​ប្រជា​ព​លរដ្ឋ​នៅ​មូល​ដ្ឋាន​នោះ ​តែងតែ​ប្រារព្ធ​ពិធី​ចុះ​ចាប់​ត្រីយក​មក​ចម្អិន​ហូប​ជុំគ្នា ដែល​ជា​ទំនៀមទ​ម្លាប់​តាំង​ពីដើម​រហូត​មក​ដល់​សព្វថ្ងៃ​។ មុន​ពិធី​ចាប់​ត្រី​មក​ដល់​អាជ្ញាធរ​ មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​នេសា​ទ​ត្រី​ក្នុង​បឹង​ក្រម​នេះឡើ​យ ​ដើម្បី​រក្សា​វត្ត​មាន​ត្រី​ទុក​សម្រាប់​ពិធី​ចាប់​ត្រីជា​រៀង​រាល់​ឆ្នាំ​៕